អានតួអត្ថបទ
សហរដ្ឋមអាមេរិក

សត្វ​ភេ​សមុទ្រ​ប្រមាណ​ ៣៥ ០០០ ​ក្បាល​រត់​ឡើង​គោក ​នៅ​រដ្ឋ​អាឡាស្កា​

មាន​សត្វ​ភេ​សមុទ្រ​ប្រមាណ​ ៣៥​ ០០០​ ក្បាល​កំពុង​ប្រមូល​ផ្តុំ​គ្នា នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​មួយ​ក្នុង​រដ្ឋ​អាឡាស្កា​របស់​សហរដ្ឋ​អាមេរិក។ មូលហេតុ​ចម្បង​ដែល​បណ្តាល​អោយ​សត្វ​ភេ​សមុទ្រ​ទាំង​នោះ​មក​ផ្តុំគ្នា នៅ​អាឡាស្កា គឺបរិមាណ​ទឹក​កក​នៅ​មហា​សមុទ្រ​អាកទិក​រលាយ​ខ្លាំង​ពេក ក្នុង​កំឡុង​រដូវ​ក្តៅ​ឆ្នាំ​នេះ។ការ​ប្រែប្រួល​អាកាសធាតុ​ពិសេស​ការឡើង​កំដៅ​ផែនដី​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​ដើមចម​នៃ​ហេតុការណ៍​ដ៏​កម្រ​មួយនេះ។ អ្នក​ជំនាញ​កំពុង​ព្រួយ​បារម្ភ​ពី​ជោគ​វាសនា​របស់​សត្វ​ភេ​សមុទ្រ​ទាំង​នោះ។  

សត្វ​ភេសមុទ្ររាប់ម៉ឺន​ក្បាល ​រស់ភៀសខ្លួន​ឡើង​លើ​គោក ដោយសារ​តែ​មិន​អាច​ទប់ទល់​នឹង​ការរលាយ​ទឹកកក​លឿន​ពេក​នៅ​អាកទិក
សត្វ​ភេសមុទ្ររាប់ម៉ឺន​ក្បាល ​រស់ភៀសខ្លួន​ឡើង​លើ​គោក ដោយសារ​តែ​មិន​អាច​ទប់ទល់​នឹង​ការរលាយ​ទឹកកក​លឿន​ពេក​នៅ​អាកទិក ©REUTERS/Corey Accardo/NOAA/NMFS
ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ភូគព្ភ​រូបវន្ត​សហរដ្ឋអាមេរិក (Institut américain de Géophyisque) ​បាន​អោយ​ដឹង​ថា​ ការរលាយ​ទឹក​កក​ដ៏​លឿន​បែប​នេះ​បាន​បណ្តាល​អោយ​ពពួក​សត្វ​ភេ​សមុទ្រ​ទាំង​នោះ​ពុំ​អាច​រស់​នៅ​សុខ​សាន្ត​បាន​ឡើយ។ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ គេ​សង្កេត​ឃើញ​មាន​សត្វ​ភេ​សមុទ្រ​ចំនួន​ប្រមាណ​តែ​ ១៥០០ ក្បាល​ប៉ុណ្ណោះ​រត់​ឡើង​ដី​គោក​នៅ​ម្តុំ​តំបន់​ Point Lay នាភាគ​ពាយ័ព្យ​នៃ​អាឡាស្កា។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​តែ​ ៤ ថ្ងៃ​ប៉ុណ្ណោះ​ ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ជា​បួន ពោលគឺ​បាន​កើន​រហូត​ទៅ​ដល់ ៣ ៥០០០ ក្បាល។

 
អ្នកជំនាញ​របស់​ទី​ភ្នាក់ងារ​សាគរសាស្រ្ត​ និងបរិយាកាស​សហរដ្ឋ​អាមេរិក​ (Agence américaine océanographique et atmospérique) បានបញ្ជាក់​អោយ​ដឹង​ថា​ ស្ថាប័ន​របស់​ខ្លួន​បាន​ធ្វើការ​ឃ្លាំ​មើល​តាម​ផ្លូវ​អាកាស​ជា​ប្រចាំ​ដើម្បី​តាមដាន​ចលនា​បំលាស់​ទី​របស់​សត្វ​ភេ​សមុទ្រ​ទាំង​នោះ។ ភាព​មិន​ប្រក្រតី​នេះ​បណ្តាល​មក​ពី​កត្តា​ពីរ​គឺ​ ការឡើង​កំដៅ​បរិយាកាស​ផែនដី​ និង​ការថយ​ចុះ​ស្រទាប់​ទឹកកក​នៅ​តំបន់​មហា​សមុទ្រ​អាកទិក។​ ហេតុ​ការណ៍​នេះ​បាន​ធ្វើ​អោយ​អ្នក​វិទ្យា​សាស្រ្ត​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជោគវាសនា​របស់​ជីវិត​នៅ​លើ​ផែន​ដី នា​ពេល​អនាគត។

សំរាប់​រដូវ​ក្តៅ​ឆ្នាំ​នេះ​ បរិមាណ​ផ្ទាំង​ទឹកកក​នៅ​មហា​សមុទ្រ​អាកទិក​បាន​ថយ​ចុះ​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់​ ពោល​គឺ​មាន​ទំហំ​តែ​ប្រមាណ​ជា​ ៥ លាន​គី​ឡូ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ។​ បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​ ១៩៧៩ ដល់​ឆ្នាំ​ ២០១២​ ទំហំ​នេះ​មាន​រហូត​ទៅ​ដល់​ជាង​ ៦ លាន​គី​ឡូ​ម៉ែត្រ​ការ៉េ​។ នេះ​ជា​សញ្ញា​បញ្ជាក់​អោយ​ដឹង​ថា បរិស្ថាន​នៅ​តំបន់​មហា​សមុទ្រ​ទឹកកក​អាកទិក​កំពុង​ជួប​បញ្ហា​ខ្លាំង​ប៉ះពាល់​ជីវិត​រស់នៅ​របស់​សត្វ និង​រុក្ខជាតិ។

ជា​ធម្មតា​ សត្វ​ភេ​សមុទ្រ​នេះ​មាន​ទំលាប់​រស់នៅ​លើ​ផ្ទាំងទឹកក​ និង​ចុះ​ទឹក​រាក់​ដើម្បី​ស្វែង​រក​ចំណី។​ ដោយសារ​តែ​វា​ពុំ​អាច​ហែល​ទឹក​ជ្រៅ​បាន​យូរ ពពួក​សត្វ​ភេ​សមុទ្រ​នេះ​ត្រូវការ​ផ្ទាំង​ទឹកកក​ដើម្បី​សំរាក​កាយ។ ប៉ុន្តែ​ នៅ​ពេល​ដែល​ផ្ទាំង​ទឹក​កក​ឆាប់​រលាយ​ខ្លាំង​ពេក​ធ្វើ​អោយ​សត្វ​ភេ​សមុទ្រ​ត្រូវ​ចុះ​ទឹកជ្រៅ​ ដែល​ជា​បញ្ហា​ពិបាក​សំរាប់​ពួកវា ក្នុង​ការស្វែង​រក​ចំណី។ ដូច្នេះ​ សត្វ​​ទាំង​នោះ​ត្រូវ​បង្ខំ​ចិត្ត​រត់​រក​ជម្រក​នៅ​លើ​ដីគោក​វិញ​ដើម្បី​អាច​រស់​នៅ​ក្បែរ​ទឹក​រាក់​បាន។

បើ​តាម​អ្នកជំនាញ​ មក​ដល់​ពេល​នេះ​គេ​ពុំ​អាច​ដឹង​ថា ការផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​សត្វ​ភេ​សមុទ្រ​នេះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពួកវា ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ សំរាប់​កូន​ភេ​សមុទ្រ​វិញ​ ជីវិត​របស់​ពួកវា​អាច​ជួប​បញ្ហា​ ព្រោះ​ការរស់​នៅ​លើ​ដី​គោក​អាច​ធ្វើ​អោយ​ពួក​វា​ពុំ​សូវ​មាន​កំលាំង​ក្នុង​ការបំលាស់ទី​ស្វែងរក​ចំណីបាន​ឡើយ​។ គិត​មក​ដល់​ពេល​នេះ​ មាន​សត្វ​ភេ​សមុទ្រ​ចំនួន​ ៥០ ក្បាល​បាន​ស្លាប់​ដោយ​សារ​ការកិន​សង្កត់​គ្នា​ពេល​រត់​ឡើងលើ​ដី​គោក។​ ដើម្បី​ចៀសវាង​កុំអោយ​សត្វ​ភេ​ទាំង​នោះ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ រដ្ឋា​ភិបាល​អាមេរិក​​បានសំរេច​ហាម​យន្ត​ហោះ​ និង​ឧទ្ធ​ម្ភាគ​ចក្រ​កុំ​អោយ​ហោះហើរ​ក្នុង​កំរិត​ទាប នៅលើ​ទី​តាំង​នោះ​ ជា​ពិសេស​ប្រជាជន​ក្នុង​តំបន់​ត្រូវ​បាន​ហាម​ឃាត់​មិន​អោយ​ចូល​ទៅទី​កន្លែង​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ