អានតួអត្ថបទ
អ៊ីស្រាអែល

យានអវកាស​អ៊ីស្រាអែល បរាជ័យ មិនអាច​ចុះចត​លើ​ឋាន​ព្រះចន្ទ

“ប្រទេស​តូច ក្តីសុបិន្ត​ធំអស្ចារ្យ” Small Country Big dream នេះ​ជាឃ្លា​ដែល​គេ​ឃើញ​នៅក្នុង​រូបថត ដែល​ក្រុមហ៊ុន​អវកាស​អ៊ីស្រាអែល Space IL បាន​ថតផ្តិត​បាន នៅពេល យាន​អវកាស​អ៊ីស្រាអែល​កំពុង​ត្រៀម​ចុះចត នៅលើ​ឋាន​ព្រះចន្ទ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១១​មេសា។ ការប៉ុនប៉ង ចុះចត​របស់​យានអវកាស​អ៊ីស្រាអែល បាន​ជួប​បរាជ័យ និង​ផ្ទុះធ្លាក់ នៅលើ​ឋាន​ព្រះចន្ទ ដោយសារ​តែ​ម៉ាស៊ីន​របស់​យានអវកាស​ខូច​មិន​ដំណើរការ។ 

យាន​អវកាស​របស់​អ៊ីស្រាអែល ឈ្មោះ Beresheet នៅក្នុង​ពេល​ហោះ ត្រៀម​ចុះចត នៅលើ​ឋាន​ព្រះចន្ទ មុន​នឹង​ផ្ទុះថ្លាក់ ដោយសារ​តែខូច​​ម៉ាស៊ីន​ នៅ​ថ្ងៃទី ១១​មេសា ២០១៩
យាន​អវកាស​របស់​អ៊ីស្រាអែល ឈ្មោះ Beresheet នៅក្នុង​ពេល​ហោះ ត្រៀម​ចុះចត នៅលើ​ឋាន​ព្រះចន្ទ មុន​នឹង​ផ្ទុះថ្លាក់ ដោយសារ​តែខូច​​ម៉ាស៊ីន​ នៅ​ថ្ងៃទី ១១​មេសា ២០១៩ ©Courtesy Space IL/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បញ្ជូន​យានអវកាស​ឲ្យ​ទៅ​ចុះ​ចត​នៅលើ​ឋានព្រះចន្ទ គឺ​ជា​មោទនភាព​ជាតិ​មួយ​របស់​អ៊ីស្រាអែល ដែល​សង្ឃឹម​ចង់​ក្លាយ​ជា​ប្រទេស​ទី ៤ បន្ទាប់​ពី​អាមេរិក រុស្ស៊ី និង​ចិន ដែល​មាន​សមត្ថភាព​បញ្ជូន​យាន​ឲ្យ​ទៅ​ចុះចត នៅលើ​ឋាន​ព្រះចន្ទ។ មួយវិញទៀត នេះ​ជា​លើកទី ១​ក្នុង​ប្រវត្តិសាស្រ្ត​បច្ចេកវិទ្យា​អវកាស ដែល បេសកកម្ម បញ្ជូន​យាន​អវកាស​ទៅ​ឋាន​ព្រះចន្ទ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន។  

ប៉ុន្តែ នៅ​ថ្ងៃ​ព្រហស្បតិ៍ យានអវកាស​ Bereshit មិន​បានទៅ​​ចុះចត​នៅ​លើ​ឋាន​ព្រះចន្ទ​នោះទេ។ មហាសេដ្ឋី​អ៊ីស្រាអែល លោក Morris Kahn ដែល​ជា​ម្ចាស់ក្រុមហ៊ុន​SpaceIL​ដែល​ចំណាយ​លុយ​៤០​លាន​ដុល្លារ (ក្នុង​ចំណោម​តម្លៃ​សរុប ១០០​លាន​ដុល្លារ) សម្រាប់​បេសកកម្ម​បញ្ជូន​យានអវកាស​បាន​អះអាងថា គេ​មិនបាន​សម្រេច​នោះទេ។ ម៉ាស៊ីន​ដែល​មាននាទី​ទៅ​បន្ថយ​ល្បឿន ដើម្បី​ឲ្យ​យានអវកាស​អាច​ចុះចត បាន​ខូច​មិនដំណើរការ និង​ធ្វើ​ឲ្យ​គេ​បាត់សញ្ញា​របស់​យានអវកាស។

បាញ់បង្ហោះចេញ​ពី​មូលដ្ឋាន​អវកាស​អាមេរិក​នៅ​រដ្ឋ​Florida ដោយ​មាន​ជំនួយ​ពី​រ៉ុកកែត របស់​ក្រុមហ៊ុន​SpaceX របស់​លោក​Elon Musk កាលពី​ថ្ងៃ ទី ២២ កុម្ផៈ យានអវកាស​អ៊ីស្រាអែល មាន​ទិសដៅ ទៅ​ស្ទង់​ដែន​ម៉ាញេទិក​របស់​ភពព្រះចន្ទ។ នៅក្នុង​យានអវកាស អ៊ីស្រាអែល បានដាក់​បញ្ជូន​ទៅដែរ នូវ ថាសចំរៀង រូបគំនូ​របស់​កុមារ សៀវភៅធម៌ រូបភាព​ដែល​ជា​និមិត្តរូប​របស់​អ៊ីស្រាអែល ហើយ​និង​វត្ថុអនុស្សាវរីយ៍​របស់​អ្នក​ដែល​រួចរស់​ពីការកាប់សម្លាប់​ទៅលើ​ជនជាតិ​ជ្វីហ្វ។

នៅថ្ងៃ​ព្រហស្បតិ៍ លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល បិនចាមីន នេតាន់យ៉ាហ៊ូ ដែល​ចូលរួម​តាមដាន​ការបាញ់បង្ហោះ​យានអវកាស Bereshit បាន​ចាត់ទុក​បេសកកម្ម​បញ្ជូន​យានអវកាស​លើកនេះ​ថា ជា​ការបោះជំហាន​មួយ​ដ៏ធំ​របស់​អ៊ីស្រាអែល។ លោក​បាន​លើកទឹកចិត្ត​ម្ចាស់​ក្រុមហ៊ុន​SpaceIL​ឲ្យ​សាកល្បង​សា​ជាថ្មី និង​អះអាង​បន្ថែម​ថា នៅក្រោយ​គម្រោងនេះ រដ្ឋាភិបាល​អ៊ីស្រាអែល នឹង​គិតគូរ​វិនិយោគ​ទៅលើ​ការបង្កើត​កម្មវិធី​អវកាស​ជាតិ​អ៊ីស្រាអែល​មួយ។

នៅ​៥០​ឆ្នាំ​ក្រោយ មនុស្ស​ដាក់​ជើង​ជាន់​ដី​ព្រះចន្ទ ព្រះចន្ទ​បាន​ក្លាយ​ជា​ទិសដៅ​ កំពុង​ពេញនិយម របស់​មនុស្សលោក​សព្វថ្ងៃ។ នៅ​ខែ​មករា​ចិន​បានជោគជ័យ ក្នុង​ការបញ្ជូន​យានអវកាស ទៅ​សិក្សា ផ្នែកមួយ​ទៀតនៃ​ឋាន​ព្រះចន្ទ ដែល​គេ​មិនធ្លាប់​ដឹង​កន្លងមក។ ឥណ្ឌា​វិញ ដែល​ទើប​បាញ់​សាកល្បង​មីស៊ីល​កម្ទេច​ផ្កាយរណប មាន​គម្រោង ចង់​បញ្ជូន​គ្រឿង​យន្ត​ទៅឋាន​ព្រះចន្ទ ចំណែក​ជប៉ុន​គ្រោង​នឹង​បញ្ជូន​យានអវកាស​តូចមួយ នៅ​ឆ្នាំ ២០២០ ឬ​២០២១ ដើម្បី​ទៅសិក្សា​ពី​តំបន់​មាន​ភ្នំភ្លើង នៅ​ឋានព្រះចន្ទ។ នៅ​អាមេរិក​វិញ វិស័យ​អវកាស​ឯកជន​កំពុង​រីកដុះដាល​ដូចផ្សិត ដោយ​នឹង​ចាប់ដៃ​សហការ​ជាមួយ​ទីភ្នាក់ងារ​ណាសា របស់​អាមេរិក ចាប់ពី​ឆ្នាំ ២០២០។ ទីភ្នាក់ងារ​ណាសា បាន​ចាប់ផ្តើម​រួចហើយ​ដែរ គម្រោង​បង្កើត​ស្ថានីយ៍​អវកាស​នៅលើ​គន្លងវិថី​របស់​ព្រះចន្ទ នៅ​ឆ្នាំ ២០២៦ ដើម្បី​រៀបចំ​សាជាថ្មី ការវិលត្រលប់​របស់​មនុស្ស​ទៅ​ជាន់​ដីព្រះចន្ទ នៅ​អំឡុង​ឆ្នាំ ២០២៨។ ព្រះចន្ទ ត្រូវ​បាន​អ្នកវិទ្យាសាស្រ្ត​ប្រើ​ជា​កន្លែងសាកល្បង​ចុះចត នៅមុន​ពេល​យានអវកាស​ដឹកនាំ មនុស្ស​អាច​ទៅ​ចុះចត នៅ​ភពអង្គារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ