អានតួអត្ថបទ
វៀតណាម

អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​អ្នក​ទទួលខុសត្រូវ​ផ្លូវដែក​៤រូប​ ពីបទ​ពុករលួយ​ក្នុង​គំរោង​ជំនួយ​ជប៉ុន​

សារព័ត៌មាន​ផ្លូវការ​​​វៀតណាម​​​ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះថា អ្នក​ទទួលខុសត្រូវ​​វិស័យ​ផ្លូវដែក​​​៤រូប ត្រូវបាន​អាជ្ញាធរវៀតណាម​​ចាប់ខ្លួន​​​ពីបទ​​ពុករលួយ​ ក្នុង​គំរោង​សាងសង់​ផ្លូវដែក​មួយ នៅ​ហាណូយ។ ប៉ុន្តែ ​គេ​មិនដឹង​ថា តើ​ជន​ទាំង៤​រូបនេះ ត្រូវ​ចាប់ខ្លួន​​តាំង​ពីពេលណា​នោះទេ។

ជប៉ុន​ជាប្រទេស​ផ្តល់​ជំនួយ​​ដល់​វៀតណាម​ សម្រាប់​ផ្នែកអភិវឌ្ឈន៍​ ​ច្រើនជាងគេ។
ជប៉ុន​ជាប្រទេស​ផ្តល់​ជំនួយ​​ដល់​វៀតណាម​ សម្រាប់​ផ្នែកអភិវឌ្ឈន៍​ ​ច្រើនជាងគេ។ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​អ្នកទទួលខុសត្រូវ​វិស័យ​ផ្លូវដែក​វៀតណាម ​ទាំង៤រូប ដែល​អាជ្ញាធរ​​ ​បាន​ចាប់ខ្លួន​ ពីបទ​ពុករលួយ​នោះ គេ​ឃើញ​មាន​រូប​លោក ​Tran Quoc Dong ប្រធាន​រង​ទូទៅ​​វិស័យ​ផ្លូវដែក ​ជាប់ចោទ​ពី​បទ​​ខ្វះកាតព្វកិច្ច​​​ទទួលខុសត្រូវ​​​​។ ជន​៣រូប​ទៀត ជាប់ចោទ​​​ពី​បទ​បំពាន​អំណាចក្នុង​​ការងារ។ ​

​​រឿង​អាស្រូវ​ពុករលួយ​ក្នុង​គម្រោង​សាងសង់​ផ្លូវដែក​ នៅ​​ហាណូយ ដែល​នាំ​ទៅដល់​ការ​ចាប់ខ្លួន​អ្នកទទួលខុសត្រូវ​ផ្នែក​ផ្លូវដែក​៤រូប​នេះ គឺ​ទាក់ទង​នឹង​ប្រាក់​​កុំមីស្យុង ​​ផ្តល់អោយ​ដោយ​ការិយាល័យ​​ប្រឹក្សា​​ជប៉ុន​មួយកន្លែង​។ ​កាលពី​ខែ​មិនា ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​​ដឹក​ជញ្ជូន​​​ជប៉ុន​ បាន​ប្រាប់​ថា បាន​បើក​ការ​ស៊ើបអង្កេត​​ផ្ទៃក្នុង​ ក្រោយពេលសារព័ត៌មាន​បាន​ចុះផ្សាយ​ថា ​តុលាការ​បាន​កោះហៅ​សួរ​​អគ្គនាយក​ក្រុមហ៊ុន ក្នុង​សំណុំ​រឿងនេះ។ សារព័ត៌មាន​​​ចុះផ្សាយ​ថា ​អគ្គនាយកក្រុមហ៊ុន​រូបនោះ​​គឺលោក កាគីនូម៉ា ប្រហែល​ជា​បាន​​ទទួលស្គាល់​ថា ​បាន​ផ្តល់​លុយកាក់​​អោយ​ដល់​មន្ត្រី​រដ្ឋការ​នៅវៀតណាម ឥណ្ឌូណេស៊ី និងអ៊ូបេគីស្ថាន។ ប្រាក់​ពុករលួយ​​​ទាំងនេះ​​មាន​​ប្រមាណ​ជា​១៣០លាន​យេន មិនដល់​មួយលាន​អឺរ៉ូទេ។ មន្ត្រី​រដ្ឋការ​ផ្លូវដែក​វៀតណាម​អាច​​បានទទួល​៨០លាន​យេន ដើម្បី​​ផ្តោះប្តូរជាមួយ​​​​ការ​ទាមទារ​​គម្រោង​សាងសង់នៅហាណូយ​ ​ដែល​មាន​ទឹកប្រាក់​៤ពាន់២រយ​លានយេន។

វៀតណាម​បាន​សន្យា​សហការ​ជាមួយ​អាជ្ញាធរ​ជប៉ុន​ដើម្បី​ដាក់ទណ្ឌកម្ម​ជន​សង្ស័យ។ នៅ វៀតណាម​ ​ជប៉ុន​ជា​ប្រទេស​ផ្តល់​ជំនួយ​ចំបងទី១​។ ​ក្នុង​ឆ្នាំ​២០១៣កន្លងទៅ​ វៀតណាម​បាន​ទទួល​​ជំនួយ​ជប៉ុន​​ ​សម្រាប់​ការ​អភិវឌ្ឍន៍​ ក្នុងទឹកប្រាក់​២ពាន់៦រយ​លាន​ដុល្លារ។ កាលពី​​ឆ្នាំ​២០០៨ ជប៉ុន​ធ្លាប់​បាន​ព្យួរ​ជំនួយ​ខ្លួន៤ខែ​ ​ដោយសារ​រឿងអាស្រូវ​​​ពុករលួយ​ដូចគ្នា​នេះដែរ​។ តុលាការ​វៀតណាម​បាន​កាត់ទោស​​ប្រធាន​រង​ផ្នែក​ដឹកជញ្ជូន​​ ​​នៅ​ហូជីមិញ អោយ​ជាប់​ពន្ធនាគារ​២០ឆ្នាំ ជាប់ចោទ​ពីបទ​​ទទួល​​ប្រាក់​សំណូក​ជាង​​​២សែន៦ម៉ឺន​អឺរ៉ូ ​ពី​ក្រុមហ៊ុន​​មួយ​នៅ​តូក្យូ សម្រាប់​គំរោង​សាងសង់​ផ្លូវ​មួយ។ វៀតណាម​ស្ថិត​ក្នុង​ចំណោមប្រទេស​​រង​អំពើ​ពុករលួយ​ខ្ពស់​​បំផុត ក្នុង​ពិភពលោក៕ ​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ