អានតួអត្ថបទ

កូរ៉េ​ខាង​ជើង៖ មីស៊ីល​ប្រភេទ​ថ្មី​ ច្នៃ​ឡើង​ដើម្បី​ព្រមានកូរ៉េ​ខាង​ត្បូង

មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​សាក​ល្បង​កាល​ពី​ម្សិលមិញ គឺ​ជា​អាវុធ​យុទ្ធសាស្ត្រប្រភេទ​ថ្មី ច្នៃ​ឡើង​ដើម្បីផ្ដល់​សារ​​ព្រមាន​ដល់​កូរ៉េ​ខាង​ត្បូង ចំពោះ​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក គីម ជុងអ៊ុន ដែលផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​​ព័ត៌មាន​រដ្ឋកូរ៉េ​ខាង​ជើង​ KCNA នៅ​ថ្ងៃ​សុក្រ ទី​២៦​កក្កដា​។

មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ប្រភេទ​ថ្មី ដែល​កូរ៉េ​ខាង​ជើង​បាញ់​ព្រមាន​កូរ៉េ​ខាង​ត្បូង នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ កក្កដា ២០១៩
មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ប្រភេទ​ថ្មី ដែល​កូរ៉េ​ខាង​ជើង​បាញ់​ព្រមាន​កូរ៉េ​ខាង​ត្បូង នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ កក្កដា ២០១៩ REUTERS
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​​​ប្រភេទ​ថ្មី​របស់​កូរ៉េ​ខាង​ជើង គឺ​ជាប្រភេទ​មីស៊ីល​ដែល​មាន​សមត្ថភាព​ហោះ​ក្នុង​រយៈ​កម្ពស់​ទាប​ ដែល​ធ្វើ​ឲ្យ​ការ​ស្ទាក់​ចាប់​ជួប​ការ​លំបាក​។ ​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​របស់​មីស៊ីលរយៈ​ចម្ងាយ​ខ្លី ដែល​ទីភ្នាក់ងារ​ព័ត៌មាន KCNA គូស​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សុក្រ​នេះ​។ បើ​តាម KCNA ច្នៃ​ឡើង​តាម​ការ​ចង្អុល​បង្ហាញ​ពី​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ផ្ទាល់​តែ​ម្ដង​។

សេចក្ដី​ពន្យល់​របស់​ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង​ដូច្នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាញ់​សាក​ល្បង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥​កក្កដា​ ក្រោម​ការ​ឃ្លាំ​​មើល​ពី​លោក គីម ជុងអ៊ុន​។ សេនាធិការ​ចម្រុះ​នៃ​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ឲ្យ​ដឹង​ថា មីស៊ីល​ទាំង​ពីរ​គ្រាប់​នេះ មាន​មួយ​ហោះ​បាន​ចម្ងាយ​ជាង​៤៣០​គីឡូម៉ែត្រ និង​មួយ​ទៀត ហោះ​បាន​ចម្ងាយ​រហូត​ដល់​ទៅ​ជិត​៧០០​គីឡូម៉ែត្រ​ឯ​ណោះ​ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​។ ដ្បិត​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ តែ​បើ​គិត​តាម​រយៈ​ចម្ងាយ​នេះ មីស៊ីល​ប្រភេទ​ថ្មី​របស់​កូរ៉េ​ខាង​ជើង អាច​បាញ់​ចំ​គោលដៅ​ណា​មួយ​ក៏​បាន​ដែរ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

សម្រាប់​កូរ៉េ​ខាង​ជើង មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​សាក​ល្បង​កាល​ពី​ម្សិលមិញ គឺ​ជា​អាវុធ​យុទ្ធសាស្ត្រប្រភេទ​ថ្មី ច្នៃ​ឡើង​ដើម្បីផ្ដល់​សារ​​ព្រមាន​ដល់​កូរ៉េ​ខាង​ត្បូង។ កូរ៉េ​ខាង​ត្បូង ចចេស មិន​ព្រម​លុប​ចោល​គម្រោង​ធ្វើ​សមយុទ្ធ​យោធាប្រចាំ​ឆ្នាំ​​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិកនៅ​ខែ​ក្រោយ​ ​ តាម​ការ​ទាមទារ​របស់​កូរ៉េ​ខាងជើង​។

ពី​កូរ៉េ​ខាង​ត្បូង​ឯ​ណោះ​វិញ​ ក្រសួង​ការពារ​ជាតិ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាក​ល្បង​មីស៊ីល​នេះ ហើយ​បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​នូវ​រាល់​សកម្មភាពបង្ក​រឿង​ទាំង​ឡាយ​ណា ដែល​គំរាម​កំហែង​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ចំណែកទីក្រុង​វ៉ាស៊ីនតោន​​វិញ យល់​ឃើញ​ថា ការ​សាក​ល្បង​មីស៊ីលនេះ គឺ​ជា​យុទ្ធ​សាស្ត្រ​ស្វែង​រក​ការ​ចរចា​របស់​ទីក្រុង​ព្យុងយ៉ាង​។ ប្រមុខ​ការទូត​អាមេរិក លោក Mike Pompeo មាន​ជំនឿ​ថា បញ្ហា​នេះ នឹង​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​ចរចា។

គួរ​រំឭក​ថា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ស្រដៀង​គ្នា​នេះ​ដែរ​។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចាត់​ទុក​ការ​សាក​ល្បង​មីស៊ីល​កាល​ណោះ ថា​ជា​រឿង​សាមញ្ញ​ធម្មតា​ណាស់​។ និង​ថា ការណ៍​នេះ មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​លោក និង​លោក គីម ជុងអ៊ុន​ឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ