ក្រុមអ្នកជំនាញសិទ្ធិមនុស្សUN អំពាវនាវឲ្យអាជ្ញាធរកម្ពុជាគោរពសេរីភាពសារព័ត៌មាននៅមុនការបោះឆ្នោត
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យគោរពនិងធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយសម្តែងកង្វល់អំពីការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៤ មិថុនាម្សិលមិញនេះ។ ការបង្ហាញពីក្តីកង្វល់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនាពេលនេះ ធ្វើឡើងក្រោយពីអង្គការការពារអ្នកកាសែតមួយនៅហុងកុងក៏បានជំរុញឲ្យអាជ្ញាធរខ្មែរបើកទូលាយនូវសេរីភាពសារព័ត៌មាននៅកម្ពុជា នៅមុនការបោះឆ្នោតផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៣
ពីទីក្រុងហ្សឺណែវប្រទេសស្វីស ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថា កាលពីខែមុន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោតដោយហាមប្រាមមិនឲ្យចុះផ្សាយព័ត៌មានដែលអាចនាំឲ្យមានការភាន់ច្រឡំ ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោតដោយធ្វើការផ្សាយព័ត៌មានដែលរារាំងប្រជាពលរដ្ឋមិនឲ្យបោះឆ្នោត និងបញ្ចេញមតិផ្ទាល់ខ្លួនឬបុរេវិនិច្ឆ័យ។
សម្រាប់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយក្នុងក្រមសីលធម៌នេះ បាននាំឲ្យមានកង្វល់ជាខ្លាំងអំពីសេរីភាពសារព័ត៌មាន ហើយថា ការហាមឃាត់ទាំងនេះគឺប្រើប្រាស់ពាក្យពេចន៍ក្នុងន័យទូលាយ និងមិនច្បាស់លាស់ដែលអាចនាំឲ្យមានការរឹតត្បិតមានលក្ខណៈទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយ។ ការណ៍នេះ ធ្វើឲ្យក្រុមអ្នកជំនាញសិទ្ធិមនុស្សចង្អុលប្រាប់ថា វាមិនស្របទៅនឹងបទដ្ឋានអន្តរជាតិ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានកត់សម្គាល់ដែរថា ការហាមប្រាមរបស់ គ.ជ.ប នេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងការហាមប្រាមដែលបានធ្វើនៅមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១។
កាលពីដើមខែមិថុនានេះ គណៈកម្មាធិការការពារអ្នកកាសែត(CPJ)ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងក៏បានប្រតិកម្មទៅនឹងវិធានការរឹតបណ្តឹងការផ្សព្វផ្សាយព័ត៌មាននៅក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិខាងមុខពីសំណាក់ គ.ជ.ប នេះ ផងដែរ។ គណៈកម្មាធិការការពារអ្នកកាសែត(CPJ)បានស្តីបន្ទោសអាជ្ញាធរកម្ពុជាចំពោះរឿងនេះ។ ប៉ុន្តែជាមួយគ្នានេះ គណៈកម្មាធិការការពារអ្នកកាសែតនេះក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបើកទូលាយឡើងវិញដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា។
ចំណែកក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិវិញ បានអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យគោរពនិងធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ដោយអះអាងថា អ្នកសារព័ត៌មានមានទំនួលខុសត្រូវ ក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាទាំងឡាយដែលកើតមាននៅមុនពេលបោះឆ្នោត ជាពិសេសបញ្ហាចម្រូងចម្រាសនានា។ សម្រាប់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ការរាយការណ៍បែបនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការរាយការណ៍ព័ត៌មានដែលមានតម្លាភាព និងមានទំនួលខុសត្រូវនៅក្នុងអំឡុងពេលបោះឆ្នោត។ ម្យ៉ាងទៀត ការរាយការណ៍នេះក៏ជួយដល់អ្នកបោះឆ្នោតឲ្យធ្វើការជ្រើសរើសដោយបានទទួលព័ត៌មានគ្រប់គ្រាន់ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ