អានតួអត្ថបទ
កម្ពជា

សមាជិក​សភា​អាមេរិក​​ចង់​​ឲ្យ​​រដ្ឋមន្ត្រី​ការបរទេស​​ដោះ​ស្រាយ​​បញ្ហា​​កំពុង​​កើត​​មាន​នៅ​​កម្ពុជា​​ជាមួយ​​លោក​​ហ៊ុន សែន​

សមាជិកសភា​អាមេរិក​ចំនួន៨នាក់ កាលពី​ថ្ងៃទី១៨ ខែកញ្ញា បាន​សរសេរ​លិខិត​មួយច្បាប់​ទៅកាន់​លោក​Rex Tillerson រដ្ឋមន្ត្រីការបរទេស​អាមេរិក ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ​ចំពោះ​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា បន្ទាប់ពី​ការចាប់ខ្លួន​លោក​កឹម សុខា និង​ការបិទ​បណ្តាញសារព័ត៌មាន​មួយចំនួន​កាលពីពេលថ្មីៗនេះ។ ក្រុម​សមាជិកសភា​អាមេរិក​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រីការបរទេសរ​បស់​ខ្លួន​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​កម្រាស់​ពីរ​ទំព័រ​របស់ខ្លួន​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ក្រុម​សមាជិកសភា​អាមេរិក​ទាំង៨រូបនេះ បានបង្ហាញ​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ក៏បាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​ជាពិសេស​ផងដែរ​ចំពោះ​ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្សប្រឆាំង និង​ការ​ប៉ន់​ប៉ង​លុបបំបាត់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា។ ការព្រួយបារម្ភ​មួយទៀត​របស់​ពួកគេ គឺ​ចំពោះ​ការចោទប្រកាន់​ដែល​ពួកគេ​អះអាងថា​គ្មាន​ហេតុផល​របស់លោក​ហ៊ុន សែន ដែលថា សហ​អាមេរិក​បានរួម​ដៃ​ជាមួយ​លោក​កឹម សុខា ក្នុង​អំពើ​ក្បត់ជាតិ។ ហេតុ​ដូច្នេះហើយ ក្រុម​សមាជិកសភា​អាមេរិក បាន​អំពាវនាវ​ឲ្យ​ក្រសួងការបរទេស​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ​បន្ត​ថ្កោលទោស​ជា​សាធារណៈ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។

ប្រតិកម្ម​របស់​សមាជិក​សភា​អាមេរិក បាន​កើតឡើង​បន្ទាប់ពី​លោក​កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ក្បត់ជាតិ។ វា​បាន​កើតឡើង​ដំណាលគ្នា​នឹង​ការប្រកាស​បិទ​អង្គការ​អាមេរិកាំង​NDI ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា និងការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន ​ដែល​បន្ត​ផ្សព្វ​ផ្សាយ ​ពី​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី។ សម្រាប់​ក្រុម​សមាជិកសភា​អាមេរិក ស្ថានភាព​បែបនេះ វា​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការបោះ​ឆោត​ជាតិ​ឆ្នាំ២០១៨ ដែល​នឹងមាន​ការលើកឡើង​ពី​មន្ទិលសង្ស័យ​នានា​ដែលថា ការបោះឆ្នោត​នោះ​នឹង​សេរី និង​យុត្តិធម៌​ដែរ​ឫ​យ៉ាងណា។

នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ ក្រុម​សមាជិកសភា​អាមេរិក​ទាំង៨រូប​បាន​អំពាវនាវ​ដល់​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson ឲ្យ​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រើប្រាស់​នូវ​គ្រប់​មធ្យោបាយ​ការទូត​ចាំបាច់​ទាំងអស់ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋា​ភិ​បា​លោក​ហ៊ុន សែន ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ ពួកគេ​ក៏បាន​ស្នើសុំ​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ឲ្យ​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​ទាំងអស់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួនឯង​តាមរយៈ​បង្កើត​មាន​សេរីភាព​សារព័ត៌មាន​និង​ការគោរព​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ជាមួយគ្នានេះ ក្រុម​សមាជិកសភា​អា​មេ​រិ​ក៏បាន​ព្រមាន​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែមាន​វិធានការ​លើ​បញ្ហា​ទាំងនេះ ប្រសិនបើ​ខ្លួន​ចង់​ស្វែងរក​ទំនាក់ទំនង​ល្អប្រសើរ​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​ជាមួយ​អាមេរិក​នោះ។

នេះ​មិនមែនជា​ប្រតិកម្ម​ទី១ទេ​របស់​អាមេរិក​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា។ កាលពីពេលថ្មីៗនេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ក៏បាន​ចេញ​ប្រតិកម្ម​នឹង​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​បាន​ទាញ​អាមេរិក​ភ្ជាប់​ទៅនឹង​ករណី​លោក​កឹម សុខា។ ទូត​អាមេរិក​ថែមទាំង​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា ថែមទៀត។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​តែងតែបាន​បញ្ជាក់​ហើយ​ថា សហគមន៍​អន្តរជាតិ​ក៏ដូចជា​រដ្ឋ​បរទេស​គ្មាន​ឥទ្ធិពល​ណាមួយ​មកលើ​អាជ្ញាធរ​កម្ពុជា​ក្នុងការ​ទៅ​បញ្ឈប់​ដំណើរការ​របស់​តុលាការ​លើ​សំណុំរឿង​លោក​កឹម សុខា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ