អានតួអត្ថបទ

ប៉ូលិស​តាម​ចាប់​ជនសង្ស័យ​ពីរ​នាក់​ថ្មី ​អង្កេតមាន​ដានឡើង​ព្រាលៗ

ជន​សង្ស័យ​​ថ្មី​ពីរ​នាក់ទៀត ម្នាក់​ជា​ស្ត្រី​ជន​ជាតិ​ថៃ ពាក់​អាវ​រុំជិត​សល់​តែ​រង្វង់​​មុខ និង​ម្នាក់​ទៀត​ជា​ប្រុស​ គ្មាន​កំណត់​អត្តសញ្ញាណ​ ជា​ផ្ទាំង​ស្ទីប​ថ្មី​នៃ​ការ​ស្វែង​រក​ចាប់​ខ្លួន​របស់​ប៉ូលិស​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​​លើ​ភេរវកម្ម​នៅបំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុងបាងកក កាលពី​ថ្ងៃ​ទី ១៧ សីហា។ នេះ​បើ​បាន​ការ​ជូន​ដំណឹង​របស់​ប៉ូលិស ជាមួយ​នឹង​ដីការ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំងពីរ​ នៅ​ថ្ងៃ​ចន្ទនេះ។ ពីរ​សប្តាហ៍​ក្រោយ​ភេរវកម្ម នៅ​តែ​គ្មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​​ស្គាល់​ស្នាដៃ ឯការ​អង្កេត​កំពុ​ង​ទៅ​មុខ ប៉ូលិស​ថៃ​ជា​ថ្មី​ម្តង​ទៀត មិន​ច្រាន​ចោល​​ដាន​ស្រាវជ្រាវ​ណា​មួយ​ឡើយ។

នាង​ វណ្ណា សួនសាន និង​ជន​សង្ស័យ​ទីបី​​ ដែល​ប៉ូលិស​ថៃ​ចេញ​ដីការ​តាម​ស្វែង​ចាប់
នាង​ វណ្ណា សួនសាន និង​ជន​សង្ស័យ​ទីបី​​ ដែល​ប៉ូលិស​ថៃ​ចេញ​ដីការ​តាម​ស្វែង​ចាប់ DR
ផ្សាយពាណិជ្ជកម្ម

រូបថត​ នាង វណ្ណា សួនសាន  មានអាយុ​​ប្រមាណ​២៦​ឆ្នាំ ភេទ​ស្រី ស្លៀក​ពាក់​ខ្មៅ​រុំ​សល់​តែ​ប្រឡង់​មុខ​​ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ ព្រោះ​នាង​រស់​នៅ​ក្នុង​ផ្ទះ​ ​ ដែល​ប៉ូលិស​រក​ឃើញ​មា​ន​ធាតុ​​និង​គ្រឿង​​ផ្ទុះ​ កាលពី​ថ្ងៃ​អាទិត្យ។ ចំនែក​បុរស​ម្នាក់​ទៀត គេ​​មិន​ស្គាល់​អត្តសញ្ញាណ និង​សញ្ជាតិ​ទេ។ ប៉ូលិស​បាន​ត្រឹម​ឱ្យ​តម្រុយ​ជា​គំនូរ​ភិនភាគ​ថា ជា​ជន​បរទេស​ រស់នៅ​ជាមួយ​​នាង​វណ្ណា សួនសាន ​មាន​ពុក​មាត់​រ៉ុយៗ និងសក់​ក្បាល​ពណ៌​ត្នោត។

 

នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប៉ូលិស​ថៃ​បាន​បើក​យុទ្ធនាការ​រុករក​ ក្នុង​អាគារ​ស្នាក់នៅ​​មួយ​ ​ ជាយ​ក្រុង​បាងកក ភាគ​ខាង​ជើង ត្រង់​សង្កាត់​ដែល​ចាប់​បាន​ខ្លួនជន​សង្ស័យ​ទី​មួយ កាលពី​ថ្ងៃ​សៅរ៍​ ទើប​រក​ឃើញ​មាន​សម្ភារៈ​បរិក្ខារ​ជា​ធាតុ​ផ្ទុះ សម្រាប់​ផលិត​ជា​គ្រាប់​បែក​ឆ្នៃ​ ដូច​ជា​ស្បោង​ជីរគីមី នាឡិកា ប្រព័ន្ធ​វិទ្យុ ... និង​គ្រឿង​ផ្ទុះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ប៉ូលិស លោក ប្រាយុទ្ធ ថាវ៉នស៊ីរី ​នៅ​ព្រឹក​មិញ។

ជនសង្ស័យ​​ទីមួយ​មិន​សហការ​ជាមួយ​ប៉ូលិស

ជា​ការ​ពិត​ណាស់ ដែល​ថា​ភាព​អសកម្ម​ភាព និង​ការ​មិន​ព្រម​សហការ​របស់​ជន​សង្ស័យ​ទី​មួយ​ មិនបាន​សម្រួល​ដល់​កិច្ចការ​អង្កេត​។ ​ថ្វី​បើ​ប៉ូលិស​ថៃ​ពុំ​ទាន់​បញ្ជាក់​លម្អិត និង​រក​ឃើញ​​អំពី​ទំនាក់ទំនង​​រវាង​ជន​សង្ស័យ​ទីមួយ និងជន​សង្ស័យ​ទីពីរ​និង​ទីបី​ ​ព្រមទាំង​វត្ថុតាង​នៅ​ក្នុង​ផ្ទះក៏​ពិត​មែន ប៉ុន្តែគេ​ឃើញ​មាន​ស្នាម​ធាតុ​TNT នៅជាប់​នឹង​ខ្លួន​ជន​សង្ស័យ​ទី​មួយ ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃ​សៅរ៍។

ប៉ូលិសថៃ នៅ​មិនទាន់​​កំណត់​​បាន​ថា​បុរស​នេះ​ពិត​ជា​អ្នក​ដាក់​គ្រាប់​បែក​ ឱ្យ​ផ្ទុះ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី ១៧ សីហា ឬ​គ្រាន់​តែ​ជា​បាន​ចូល​រួម​ចំណែក​ផលិត​គ្រាប់​ទេ ទើប​មាន​ប្រលាក់​ជាប់​ស្នាម​TNT។ ក្រុម​អ្នក​អង្កេត​កំពុង​ធ្វើ ​ប្រមូល​​ភស្តុតាង​រឹប​អូស​យក​បាន​នៅ​កន្លែង​​ចា​ប់​ខ្លួន និង​ស្នាម​អាដេអិន ដែល​មាន​ជាប់​លើ​អាវ មាន​ប្រលាក់​ជាតិ​TNT​ ព្រម​ទាំង​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​មក​​​វិភាគរួម​គ្នា។ ​តែ​អ្វី​ដែល​អាជ្ញាធរ​ថៃ​ជឿជាក់ និង​ប្រាកដ​ក្នុង​ចិត្ត​ខ្លាំង គឺ​បុរស​នេះ​ច្បាស់​ជាមាន​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម​ដែល​សម្លាប់​ជីវិត​មនុស្ស​អស់​២០​នាក់ និង​របួស​ជាង​១២០​នាក់ កណ្តាល​រាជធានី។

ដោយ​ផ្អែក​លើ​ភស្តុតាង​ច្បាស់ៗ​ទាំង​អស់​នេះ ប៉ូលិស​ថៃ​សង្ឃឹម​ថា​នឹង​ទទួល​បាន​​ចម្លើយ​ខ្លះ​ពី​ជន​សង្ស័យ​ទៅមួយ ដោយ​​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ូលិស​​បាន​ផ្តើម​ចោទ​សួរ​ជា​ថ្មី​​​។ ព្រោះ​បើ​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ជនសង្ស័យ​​​អាច​ស្ថិត​នៅ​ក្រោម​ការ​ ឃាត់​ខ្លួន និង​​ឃុំ​ឃាំង ក្នុង​មណ្ឌល​សួរ​ចម្លើយ​យោធា ត្រឹម​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ។ ហើយ​រហូត​មក​ទល់​ពេល​នេះ គ្មាន​ព័ត៌មាន​បញ្ជាក់​ច្បាស់លាស់​ ស្តី​ពី​អត្តសញ្ញាណ​ជន​សង្ស័យ​ ត្រូវ​បាន​បង្ហើប​រក​ឃើញ​ទេ។ លិខិត​ឆ្លង​ដែនតួកគី​​ដែល​នៅ​ជន​ជាប់​សង្ស័យ​​ប្រើ​សម្រាប់​ធ្វើ​ដំណើរ ទំនង​ជា​លិខិត​ឆ្លងដែន​ក្លែង​ក្លាយ​ផង។ រូបជន​សង្ស័យ​តែ​ម្នាក់​នេះ មាន​លិខិត​ឆ្លង​ដែន​ដល់​ទៅ​ជាង​១០ ហើយ នៅ​ពេល​ចាប់​ខ្លួន​និង​ឆែក​ឆេរ​ក្នុង​ផ្ទះ ប៉ូលិស​ប្រមូល​បាន​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ដល់​ជាង​២០០។

សេចក្តី​ថ្លែងការណ៍​ចម្រូង​ចម្រាស

ជាមួយ​នឹង​ការ​វិវឌ្ឍន៍​ចុងក្រោយ​នេះ គឺ​ពិត​ណាស់​ដែល​ថា​ប៉ូលិស​ថៃ​ពេល​នេះ​មាន​ដាន​​អង្កេត ច្បាស់​លាស់​ជាង​មុន មិន​មែន​ត្រឹម​ជា​សម្មតិកម្ម ឬ​ការ​សន្និដ្ឋានទេ។ ដានភេរវកម្ម​ដែល​អាច​ធ្វើ​ឡើង​ដើម្បី​​សង​សឹក​នឹងទង្វើ​ក្រុង​បាងកក​បញ្ជូន​ចេញ​ជនជាតិ​អ៊ុយហ្គួរ ជាង​ពីរ​រយ​នាក់ កាលពី​ខែ​កក្កដា ទៅ​ចិនដែល​​មាន​នយោបាយ​គាប​សង្កត់​និង​​​បង្ក្រាប​ខ្លាំង​ ក្រុម​ជនជាតិ​ភាគ​តិច​អ៊ីស្លាមនិយាយ​ភាសា​តួកគី​ ​ ​!  ក្រុម​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​តួកគី​នេះ បាន​បង្កើន​អំពើ​ហិង្សា​ច្រើន​ ដោយ​ជា​ញឹកញយ​ច្រើន​វាយប្រហារ​ដោយ​កាំបិត និង​មិនធ្លាប់​ធ្វើ​សកម្មភាព​ឆ្លង​ចេញ​ពី​ប្រទេស​ចិន ឬ​វាយប្រហារ​តាម​បែប​ទំនើប​ខ្លាំង​ ដូច​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែកនៅ​ក្រុង​បាងកក​នេះ​ឡើយ។

ក្រោយ​ភេរវកម្ម​ភ្លាម និង​ក្នុង​រយៈ​​​ពីរសប្តាហ៍​កន្លង​មក​នេះ អាជ្ញាធរ​ថៃ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ម្តង​អញ្ចេះ ម្តង​អញ្ចុះ ចោទ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល ក្រុម​អ៊ីស្លាម​ជ្រុល​និយម​នៅភាគ​ខាងត្បូង ក្រុម​អ៊ីស្លាមជ្រុលនិយម​អ៊ុយហ្គួរ…។ ​សម្មតិកម្ម​ចុង​ក្រោយ​គេ​បង្អស់ ដែល​ក្រុម​អ្នក​អង្កេត​​ហាក់​ផ្តល់​អាទិភាព​ជាង​គេ គឺ​ក្រុមឈ្មួញ​រកស៊ី​ផលិត​លិខិត​ឆ្លង​ដែន​ខុស​ច្បាប់ ចង់​សង​សឹក​នឹង​នយោបាយ​រឹតបន្តឹង​ថៃ​ដែលដឹកនាំ​ដោយ​របប​សឹក​​តាំង​ពី​ខែ​ឧសភា​២០១៤មក ដោយ​មក​ពីប្រមូល​លិខិត​ឆ្លង​ដែន​ខុស​ច្បាប់​បាន​ច្រើន។

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ មេប៉ូលិស​ថៃ បាន​លើក​ឡើង​អំពី​ជម្លោះ​ឯកជន និង​បន្ត​ជឿ​តិច​តួច​ថា​ បំផ្ទុះគ្រាប់​បែក​ថ្ងៃទី​១៧សីហា ជា​ភេរវកម្ម​របស់​ក្រុម​ភេរវនិយម​អន្តរជាតិ។ ទាំង​ប៉ូលិស ទាំង​របប​ដឹកនាំ​សឹក សុទ្ធ​តែ​បាន​ច្រាន​ចោល​ម្តង​ជា​ពីរ​ដង​ ទង្វើ​ភេរវកម្ម​​អន្តរជាតិ​លើ​ទឹក​ដី​ថៃ​ ប៉ុន្តែ​រាល់​សេចក្តី​ថ្លែងការណ៍​ទាំង​អស់​នោះ​ហាក់​ដូច​ជា​ពិបាក​​ជឿ និង​ដូច​ជា​ចម្រូង​ចម្រាស​គ្នា​ខ្លាំង បង្ក​បង្កើត​តែ​ភាព​សង្ស័យ​​និង​មិន​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​លើ​សកម្មភាព​អង្កេត​។

ទើប​តែ​​នៅ​ថ្ងៃ​នេះ ដែល​អ្នក​នាំ​ពាក្យរបប​សឹក បាន​បញ្ជាក់​ជា​ថ្មី តាម​កញ្ចក់​ទូរទស្សន៍​ ដោយ​សង្កត់​​ធ្ងន់ៗ​ថា​មិន​ច្រាន​ចោល​សេណារីយោ​ណា​ទាំង​អស់ និង​សុំ​ទុក​ភារៈ​ឱ្យ​ក្រុម​អង្កេត​ធ្វើ​ការ​រក​មូលហេតុ​ពិត​ប្រាកដ​ដែល​លាក់​បង្កប់​ពី​ក្រោយ​ភេរវកម្ម​​ក្រុង​បាងកក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ