អានតួអត្ថបទ
ថៃ-ភេរវកម្ម

ផ្ទុះ​គ្រាប់​បែក​ក្រុង​បាងកក៖ ស្នាដៃ​របស់​​ក្រុម​​ភេរវកម្ម

ការ​ស៊ើបអង្កេត ​ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ នៅ​កណ្តាល​ក្រុង​បាងកក ​កាល​ពី​ថ្ងៃ​ចន្ទ​ទី ​១៧ ​សីហា ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ២០នាក់ ​នៅ​មិនទាន់​មាន​ពន្លឺ​ច្បាស់លាស់​នៅ​ឡើយ។ ​បើ​ទោះ​បី​ជា​ជន​ដៃ​ដល់​ដែល​ ជា​អ្នក​ដាក់​គ្រាប់​បែក ​ត្រូវ​បាន​គេ​ថត​រូប​បាន ​ក៏​រហូត​មក​ដល់​ពេល​នេះ ​ គេ​នៅ​មិន​ទាន់​ចាប់​ជន​នោះ​បាន​នៅ​ឡើយ​ដែរ។ ​អាជ្ញាធរ​ថៃ ​នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា ​ថា​ជន​ដៃ​ដល់​​ ជា​ក្រុម​មក​ពី​ខាង​ណា​នោះ​ទេ ​ តែ​គ្រាន់​តែ​បាន​បញ្ជាក់​ថា ​វា​ជា​ស្នាដៃ​របស់​មនុស្ស​មួយ​ក្រុម ​ដែល​មាន​គ្នា​យ៉ាង​ហោច​ណាស់​ ១០​នាក់ ​ដែល​បាន​ចូលរួម​ ធ្វើ​អំពើ​ភេរវកម្ម​នេះ។

នគរបាល និង​កម្លាំង​ស៊ើបអង្កេត​ថៃ កំពុង​តែពិនិត្យ​​កន្លែង​កើត​ហេតុ  ទីបូជនីដ្ឋាន​ព្រហ្មញ្ញសាសនា ​អ៊ីរ៉ាវ៉ាន់ ថ្ងៃទី ១៨ សីហា ២០១៥
នគរបាល និង​កម្លាំង​ស៊ើបអង្កេត​ថៃ កំពុង​តែពិនិត្យ​​កន្លែង​កើត​ហេតុ ទីបូជនីដ្ឋាន​ព្រហ្មញ្ញសាសនា ​អ៊ីរ៉ាវ៉ាន់ ថ្ងៃទី ១៨ សីហា ២០១៥ REUTERS/Kerek Wongsa
ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​អំពើ​របស់​បណ្តាញ​ភេរវកម្ម​អន្តរជាតិ៖

គិត​មក​ត្រឹម​ពេល​នេះ  ​អាជ្ញាធរ​ថៃ ​នៅ​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ឲ្យ​ច្បាស់​ការណ៍​នោះ​ទេ។ លោក សំយុទ្ធ ភុំផាន់មួង ​អគ្គ​បញ្ជាការ​នគរបាល​ថៃ ​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ បើ​តាម​ការ​សន្និដ្ឋាន​ជា​បឋម ​ភេរវកម្ម​នេះ ​អាច​ជា​ស្នាដៃ​របស់​មនុស្ស​យ៉ាង​ហោច​ណាស់ ​ក៏​១០​នាក់​ដែរ។ លោក​បញ្ជាក់​ថា ​ឆ្លង​តាម​ការ​វិភាគ​របស់​នគរបាល ​ជន​ដៃ​ដល់​មាន​គ្នា​ច្រើន​ផ្សេង​ទៀត ​ដែល​នៅ​ចាំយាម​ផ្លូវ ​និង​ចាំជួយ​រំដោះ​ ជន​ដៃដល់​ បន្ទាប់​ពី​ដាក់​គ្រាប់​បែក​រួច​រាល់។

ការ​សន្និដ្ឋាន​មួយ​ទៀត ​គឺ​ទាក់ទង​នឹង​ការ​ផ្ទុះ​លើក​ទី​ពីរ ​នៅ​ថ្ងៃ​បន្ទាប់។​ យោង​តាម​ប្រសាសន៍​មេ​ប៉ូលីស​ថៃ​ដដែល ​គ្រាប់​បែក​ដែល​បាន​ដាក់​បំផ្ទុះ​​ទាំង​ពីរ​លើក​ ជា​ប្រភេទ​គ្រាប់បែក​ឆ្នៃ ​ម្សៅ ​TNT ​ដូច​គ្នា​បេះបិទ។​ ដូច្នេះ​នគរបាល​ថៃ​សន្និដ្ឋាន​ថា ​វា​គឺ​ជា​ស្នាដៃ​​ របស់​មនុស្ស ​រឺ​ក្រុម​តែ​មួយ។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក ​វីនថៃ ស៊ុរ៉ាវី ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា​ថៃ ​ បាន​បញ្ជាក់​ថា ​តាម​ការ​ប៉ាន់​ស្មាន ​ក្រុម​មនុស្ស​ដែល​បង្ករ​អំពើ​ភេរវកម្ម​នេះ ​អាច​នឹង​មិន​ជាប់​ពាក់ព័ន្ធ​ នឹង​បណ្តាញ​ភេរវកម្ម​អន្តរជាតិ​ទេ។

 
រង្វាន់​១លាន​បាត​ ដល់​អ្នក​ដែល​ផ្តល់​ព័ត៌មាន៖
យោង​តាម​ការ​ថត​រូប​បាន​ ពី​ម៉ាស៊ីនថត​សុវត្ថិភាព​ នៅ​កន្លែង​កើតហេតុ ​បាន​បង្ហាញ​ថា ​ជន​ដៃ​ដល់​ជា​​ជន​បរទេស ​ ស្បែក​ស​ ភេទប្រុស​ ​ខ្ពស់ ​មាន​ពាក់​វ៉ែនតា។ ជន​នេះ ​បាន​យក​កាបូប​ស្បាយ​ខ្នង ​យក​ទៅ​ទុក​ចោល​នៅ​ក្រោម​បង់​អង្គុយ​ នៅ​កន្លែង​កើត​ហេតុ។ ហើយ​ប៉ុន្មាន​នាទី​ក្រោយ​មក ​គ្រាប់បែក​ក៏​ផ្ទុះ​ឡើង​តែម្តង។

ក្រោយ​ហេតុការណ៍​ភ្លាម ​មាន​ការ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​ថៃ ​ជា​ពិសេស​តាម​ច្រក​ចេញចូល​ អន្តរជាតិ ​ដូច​ជា​ព្រលាន​យន្តហោះ​ជាដើម ​ឲ្យមាន​ការ​ប្រុង​ប្រយ័ត្ន ​ដើម្បី​ឃាត់​ទុក​មនុស្ស​ណា​ ​ដែល​មាន​ភិន​ភាគ​ប្រហាក់​ប្រហែល ​និង​ជន​ដៃដល់​ ដែល​គេ​ថត​រូប​បាន។ បុរស​ជន​បរទេស​ម្នាក់ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ ធ្វើ​ការ​ឃាត់​ខ្លួន​ផង​ដែរ​ ​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ ​ក្រុង​បាងកក ​ដោយសារ​តែ​បុរស​នេះ ​ មាន​រូបរាង្គ​ ភិនភាគ​ស្រដៀង​នឹង​ជន​ដៃ​ដល់។ បុរស​នោះ​ត្រូវ​បាន​គេ​ដោះលែង​ ទៅ​វិញ​ហើយ ​ ក៏​ប៉ុន្តែ​ត្រូវបាន​គេ​ហាម​ឃាត់​ មិន​ទាន់​ឲ្យ​ ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ថៃ​ទេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ ​លោក​ ប្រធាន​ការិយាល័យ​នគរបាល​អន្តរជាតិ​ថៃ ​អភិឆាដ ស៊ុរីប៊ុនយ៉ា ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង​ថា ​ថៃ​នឹង​ធ្វើការ​ស្នើ​សុំ​កំណត់​ហេតុ​ព័ណខៀវ ​ទៅ​ស្នងការ​នគរបាល​អន្តរជាតិ​Interpol ។ កំណត់​ហេតុ​ព័ណ​ខៀវ​នេះ ​មាន​ន័យ​ថា ​ថៃ​សុំ​ទៅ ​Interpol ​ ដើម្បី​ឲ្យ​​ Interpol  ប្រគល់​ព័ត៌មាន​សំខាន់ៗ ​ទាក់ទិន​នឹង​ប្រវត្តិរូប ​ព្រមទាំង​សកម្មភាព​ផ្សេងៗ​របស់​ជន​សង្ស័យ ​ដែល​គេ​ថត​រូប​បាន ​នៅ​កន្លែង​កើត​ហេតុ។ រដ្ឋាភិបាល​បាន​ប្រកាស​សន្យា ​ផ្តល់​ប្រាក់​រង្វាន់ ​ចំនួន​១លាន​បាត ​ដល់​នរណា​ដែល​អាច​ផ្តល់​ព័ត៌មាន ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន ​ជន​សង្ស័យ។

ភេរវកម្ម​សំដៅ បង្ក​ចលាចល ​និង​វាយ​ប្រហារ​វិស័យ​ទេសចរណ៍​ថៃ៖
អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន ​គឺ​ថា​កម្មវត្ថុ​នៃ​ភេរវកម្ម​នេះ ​គឺធ្វើ​យ៉ាង​ណា​បង្ករ​ឲ្យ​មាន​អ្នក​រងគ្រោះ​ច្រើន​បំផុត​ ហើយ​មួយទៀត​ គឺ​បង្ករ​ការ​ភ័យខ្លាច ​និង​ចលាចល ​ក្នុងសង្គមថៃ។ លោក ​ប្រាយុទ្ធ ​ចន្ទអូចា​ ​ប្រមុខ​រដ្ឋាភិបាល​យោធា​ថៃ ​បាន​ចាត់​ទុក​អំពើ​ភេរវកម្ម​នេះ ​ជា​ករណី​វាយ​ប្រហារ​ដ៏​ធ្ងន់​ ទៅ​លើ​សង្គម​ថៃ មិន​ដែល​ធ្លាប់​មាន​ តាំង​ពី​មុន​មក។ ព្រោះអី្វ?​ ព្រោះ​ថា​ វា​បាន​សំដៅ​ សម្លាប់​ជន​រងគ្រោះ​ ដែល​ជា​ជន​ស្លូតត្រង់​មិន​ដឹងអី។ ហើយ​មួយ​ទៀត ​គឺ​វា​សំដៅ ​ធ្វើ​ឲ្យ​រង្គើរ​វិស័យ​ទេសចរណ៍ ​ដែល​ជា​សរសរ​ទ្រូង​នៃ​សេដ្ឋកិច្ច​ថៃ។
 

លោក ប្រាយុទ្ធ ចន្ទអ៊ូចា ប្រមុខរដ្ឋាភិបាល​យោធា​ថៃ ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​កាសែត ថ្ងៃទី​ ១៨ សីហា ២០១៥
លោក ប្រាយុទ្ធ ចន្ទអ៊ូចា ប្រមុខរដ្ឋាភិបាល​យោធា​ថៃ ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​កាសែត ថ្ងៃទី​ ១៨ សីហា ២០១៥ REUTERS

លោក​ ប្រាយុទ្ធ ចន្ទអូចា​ ថ្លែង​បែប​នេះ ​ដោយ​សំដៅ​ថា ​គ្រាប់បែក​ត្រូវ​បាន​គេ​បំផ្ទុះ​នៅ​ កណ្តាល​ក្រុង​​បាងកក ចំ​កន្លែង​ដែល​មាន​ទីបូជនីយដ្ឋាន​តាម​បែប​សាសនា​ឥណ្ឌូ ​ឈ្មោះ ​អ៊ីរ៉ាវ៉ាន់។ កន្លែង​នេះ​ តាម​ធម្មតា មាន​មនុស្សម្នា​ មក​បន់ស្រន់ ​រឺ​ក៏​មក​អង្គុយ​លេង ​ច្រើន​ណាស់ ​ហើយ​ភាគ​ច្រើន​ជា​អ្នក​ទេសចរ​បរទេស​ទៀត។

ជាក់​ស្តែង ​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​២០​នាក់ ​ មាន​ជន​ជាតិ​ថៃ​៥​នាក់ ​ចិន​២នាក់ ​ ម៉ាឡេ​២នាក់ ​សឹង្ហបុរី ​១នាក់ ​ចិន​ហុងកុង​២នាក់ ​ឥណ្ឌូណេស៊ី​ម្នាក់ ​និង​ជនជាតិ​អង់គ្លេស​ម្នាក់។ នៅ​មាន​អ្នក​ស្លាប់​៦នាក់​ទៀត ​ដែល​គេ​មិន​ទាន់​ដឹង​ ពី​អត្តសញ្ញាណ​នៅ​ឡើយ។ ដូច្នេះ​តាម​ប្រសាសន៍​ លោក ​ប្រមុខ​រដ្ឋាភិបាល​ថៃ​​ វា​ជា​ការ​វាយ​ប្រហារ ​ដើម្បី​បង្ករ​អស្ថិរភាព ​ក្នុង​សង្គម​ថៃ ​ហើយ​ព្រម​ទាំង​ ធ្វើ​ឲ្យ​អ្នក​ទេសចរ​បរទេស ​មាន​ការ​ភ័យខ្លាច។

ស្នាដែ ​ក្រុម​ជនជាតិ​អ៊ុយហ្គួរ?
ជា​ដំបូង​គេ​បាន​គិត​ទៅ​ដល់​ថា ​វា​អាច​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹក​ដី ​សាសនា​អ៊ីស្លាម ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ប៉ុន្តែ​លោក​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ​បាន​ច្រាន​ចោល​ការ​សង្ស័យ​នេះ ​ព្រោះ​ថា​ក្រុម​អ៊ីស្លាម​នៅ​ភាគ​ខាង​ត្បូង ​មិន​ដែល​ធ្វើ​សកម្មភាព​ នៅ​តំបន់​ណា​ផ្សេង​ ក្រៅ​ពី​ភាគ​ខាង​ត្បូង​ទេ ​ ហើយ​គ្រាំបែក​ ក៏​មិនមែន​ប្រភេទ​ដូច​គ្នា​ នឹង​អាវុធ​ដែល​ពួក​នេះ​ធ្លាប់​ប្រើ​ដែរ។

តាម​ធម្មតា ​ពេល​មាន​ហេតុការណ៍​បែប​នេះ ​គេ​តែងតែ​គិត​ថា​ វា​ជា​ស្នាដែ​របស់​អ្នក​ដែល​ឈ្លោះ​ ជាមួយ​រដ្ឋាភិបាល​ថៃ​ ហើយ​ចង់​វាយ​ប្រហារ​រដ្ឋាភិបាល​នេះ។ ជា​ការ​ពិតមែន​ អាជ្ញាធរ​ថៃ ​បាន​ដាក់​ការ​សង្ស័យ ​ទៅ​លើ​ក្រុម​ជនជាតិ​អ៊ុយហ្គួរ​ ដែល​ជា​ជនជាតិ​ភាគ​តិត​សាសនា​អ៊ីស្លាម ​នៅ​ខេត្ត​ស៊ីនជាំង​ ភាគ​ខាងកើត​ប្រទេស​ចិន។ គេ​សង្ស័យ​ថា ​ក្រុម​នេះ ​អាច​សងសឹក​ទៅ​លើ​រដ្ឋាភិបាល​ថៃ​ ​ដែល​បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ ​១០៩ ​នាក់​ឲ្យ​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ ​កាល​ពី ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ។ ប៉ុន្តែ​ការ​សង្ស័យ​នេះ ​ ធ្វើ​ឲ្យ​អ្នក​វិភាគ​ឯករាជ្យ ​មួយ​ចំនួន​ គេ​មិន​យល់​ស្រប​ទេ ​ព្រោះ​ក្រុម​ជនជាតិ​អ៊ុយហ្គួរ ​មិន​ដែល ​ធ្វើ​សកម្មភាព ​នៅ​ក្រៅ​ប្រទេស​ចិនទេ។ បើ​និយាយ​អញ្ចឹង ​ប្រទេស​កម្ពុជា​យើង​ក៏​អាច​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​ពី​ក្រុម​នេះ​ផង​ដែរ ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏ធ្លាប់​បញ្ជូន​ជនភៀស​ខ្លួន​អ៊ុយហ្គួរ ​ឲ្យ​ត្រឡប់​ទៅ​ស្រុក​ចិន​ វិញ​ដែរ។

រឺមួយ​ជា​ឆាកល្ខោន ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​យោធា​ថៃ?
អាជ្ញាធរថៃ​ ក៏​មិន​បាន​សង្ស័យ ​ថា​វា​អាច​ជា​ស្នាដៃ​របស់​ក្រុម​អាវ​ក្រហម ​ដែល​ជា​ក្រុម​ស្មោះស្ម័គ្រ​នឹង ​គ្រួសារ​លោក​ថាក់ស៊ីន​ដែរ។ ប៉ុន្តែ​ទាំង​នេះ ​ជា​ការ​សង្ស័យ​ ដែល​យើង​គិត​ថា ​វា​មក​ពី​ខាង​ក្រៅ ពីក្រុម​ដែល​ប្រឆាំង​និង​ស្អប់​រដ្ឋាភិបាល​យោធាថៃ។ ប៉ុន្តែ​ចុះ​បើ​វា​មក​ពីខាងក្នុង? ចុះបើវា​ជា​ការ​រៀបចំ​ទាំងស្រុង​របស់​ក្រុម​យោធា​ថៃ​វិញ?

ចំណុច​នេះ ​មិន​ទាន់​ដែល​មាន​អ្នក​ណា​លើក​ឡើង​ដោយ​ចំហរ​នោះ​ទេ។ វា​អាច​ជា​ករណី ​ស្វា​ស៊ី​បាយ​ លាប​មាត់​ពពែ។ យើង​កុំភ្លេច​ថា ​ជាមួយ​នឹង​ហេតុការណ៍​នេះ ​រដ្ឋាភិបាល​យោធា​ថៃ ​ដែល​ដឹក​នាំ​ដោយ​លោក​មេទ័ព​ ប្រាយុទ្ធ​ ចន្ទអូចា​ និង​បន្ត ​ប្រើ​ច្បាប់​អាជ្ញា​សិក​ ដឹកនាំ​ប្រទេស​ថៃ​ត​ទៅ​ទៀត ​ដោយ​យក​លេស​ថា ​ប្រទេស​ថៃ​កំពុង​ជួប​អស្ថិរភាព ​ហើយ​ត្រូវការ​ការពារ​សន្តិសុខ​ ជា​អាទិភាព។

ទោះ​បី​ជា​យ៉ាង​ណា ​ក្រោយ​ហេតុការណ៍​នេះ ​យើង​ឃើញ​ថា ​ប្រជាជន​ថៃ​ អ្នក​ក្រុង​បាងកក​ មាន​ការ​ភ័យខ្លាច​ច្រើន ​មិន​ហ៊ាន​ចេញ​ដើរ​ទៅណា​ ​ជា​ពិសេស​នៅ​តាម​ទី​ប្រជុំ​ជន។ អត្រា​លុយ​បាត ​​បាន​ធ្លាក់​ថ្លៃ​ជា​ខ្លាំង​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ