អានតួអត្ថបទ
ចិន-ហ្វីលីពីន

ចិន-ហ្វីលីពីន៖​លោកឌុយទែរតេ​សារភាព​ត្រង់ៗ​ថា មក​ចិន​ដើម្បី​សុំ​ជំនួយ​សេដ្ឋកិច្ច

លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរទេ​កំពុង​បន្ត​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ចិន​មួយ​ឈ្មោះ CCTV នា​ថ្ងៃ​ពុធ ទី១៩ តុលា លោក​ប្រមុខរដ្ឋ​ហ្វីលីពីន​បាន​ថ្លែង​សារភាព​ត្រង់ៗ​ថា លោក​មក​ប៉េកាំង​ពេល​នេះ​ដើម្បី​សុំ​ជំនួយ​សេដ្ឋកិច្ច​ចិន។

លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេកំពុងថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​សហគមន៍​ហ្វីលីពីន​ក្នុង​​ក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី១៨ តុលា ២០១៦
លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេកំពុងថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​សហគមន៍​ហ្វីលីពីន​ក្នុង​​ក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី១៨ តុលា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់​មិន​លាក់លៀម ខ្ញុំ​មក​ដើម្បី​សុំ​ជំនួយ​ពី​អ្នក។ ដង្ហើម​សេដ្ឋកិច្ច​ហ្វីលីពីន​មាន​តែ​មួយ​គត់ គឺ​ចិន » នេះ​ជា​ពាក្យ​សម្តី​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាណាល់​ទូរទស្សន៍​ចិន CCTV នា​ថ្ងៃ​ពុធ ទី១៩ តុលា។ ដោយ​មិន​ឆ្លើយ​តប​ចំៗ​នឹង​ការ​ថ្លែង​របស់​លោក​ឌុយទែរតេ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ហួរ ជុនយីង​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​ថា ចិន​សាទរ​លើ​ការ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​លើ​ភាព​ខុស​គ្នា​តាម​ផ្លូវ​កិច្ចសន្ទនា និង​ពិគ្រោះយោបល់។

ទន្ទឹម​គ្នា​នេះ លោកស្រី​ហួរ ជុនយីង​ក៏​បាន​គូស​បញ្ជាក់​ដោយ​ប្រើ​ឃ្លា​ភ្ញាក់ផ្អើល​ថា « នេះ​ហើយ​ជា​ផ្លូវ​ដែល​ប្រទេស​មិត្ត​ជិតខាង​ទាំង​ពីរ​ត្រូវ​ដោះស្រាយ​រួម​គ្នា »។ គឺ​សញ្ញា​នៃ​ការ​ហុច​ដៃ​រក​ចិន​តាំង​ពី​ដំបូង​របស់​លោក​ឌុយទែរតេ​នេះ​ហើយ​បាន​ជា​លោក​ត្រូវ​បាន​ចិន​ផ្តល់​កិត្តិយស​ធំធេង និង​ទទួល​ដៃ​ពីរ​ដោយ​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​តាំង​ពី​ដាក់​ជើង​ជាន់ទឹកដី​ចិន​នៅ​ឯ​ព្រលាន​យន្តហោះ​នា​រាត្រី​ថ្ងៃទី១៨ តុលា។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ តុលា​នេះ លោក​ឌុយទែរតេ​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​ស៊ី ជីនពីង និង​លោក​នាយករដ្ឋមន្រ្តី​លី ខឺជាំង។

សូម​ជម្រាប​ជូន​ថា ហ្វីលីពីន​ដែល​ស្ថិត​ក្រោម​អាណានិគម​អាមេរិក​ដល់​ឆ្នាំ ១៩៤៦ គឺ​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិនលេច​ម្នាក់​របស់​អាមេរិក​ដែល​បាន​ចង​ភ្ជាប់​គ្នា​ដោយ​សន្ធិសញ្ញា​ការពារ​ទ្វេភាគី។ តែ​ខុស​ពី​លោក​ប្រធានាធិបតី​អាគីណូ​ដែល​បាន​ឱប​ជើងអាមេរិក​ស្អិត និង​ចេញ​មុខ​តទល់​ខ្លាំង​នឹង​ចិន លោក​ឌុយទែរតេ​បែរ​ជា​ជ្រើស​យក​នយោបាយ​ការបរទេស​ទាត់​អាមេរិក​ចោល រួច​ទៅ​ឱប​ជើង​ចិន និង​រុស្ស៊ី​ទៅ​វិញ។ លោក​ឌុយទែរតេ​ថែម​ទាំង​បាន​បញ្ជាក់​ច្បាស់ៗ​ថា ហ្វីលីពីន​ឈប់​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក ហើយ​បែរ​ទៅ​ធ្វើ​ជាមួយ​ចិន និង​រុស្ស៊ី​វិញ និង​ថា ហ្វីលីពីន​ក៏​ត្រូវ​ការ​ទិញ​គ្រឿងសព្វាវុធ​ពី​ចិន​ដែរ។

ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រចិន​ខាងត្បូង​ដែល​ហ្វីលីពីន​កំពុង​មាន​ជាមួយ​ចិន​ក៏​លោក​ឌុយទែរទេ​ធ្លាប់​បាន​អះអាង​ថា ហ្វីលីពីន​ចង់​បង្វែរ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​មក​ជា​ការ​ចរចា​ទ្វេភាគី​ដើម្បី​ចែក​ប្រយោជន៍​គ្នា​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ