អានតួអត្ថបទ
អាហ្រ្វិក

តម្លៃ​ភ្លុក​ដំរី​ធ្លាក់ចុះ​ខ្លាំង​​នៅ​ទីផ្សារ​ចិន

ក្តីសង្ឃឹម​មួយ​កំពុង​កើត​មាន​សម្រាប់​សត្វដំរី ក្នុង​លោក ដែល​កំពុង​ប្រឈម​នឹង​ការកាប់សម្លាប់​របស់​អ្នកប្រមាញ់ ដើម្បី​ភ្លុក។ តាម​ការសិក្សា​មួយ​របស់​អង្គការ​ដើម្បី​ជួយសង្រ្គោះ​សត្វដំរី Save the elephants តម្លៃ​ភ្លុក​ដំរី នៅ​ឆ្នាំនេះ បាន​ថយចុះ​ខ្លាំង នៅ​ទីផ្សារ​ចិន ពោល គឺ​ច្រើនជាង ពាក់កណ្តាល ប្រមាណ ២ភាគ​៣ បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៤។ អ្នកជំនាញ​ខាង​សត្វ​ដំរី សង្ឃឹមថា ការហាមបិទ​អាជីវកម្ម​លក់​ភ្លុក​សត្វដំរី នៅ​ឆ្នាំនេះ នៅ​ប្រទេស​ចិន នឹង​ជួយ​ឲ្យ​គេ​ស្រោចស្រង់​បាន​ច្រើន ជីវិត​សត្វដំរី​នៅតំបន់​អាហ្វ្រិក។

អ្នកជំនាញ​ថៃ​ពិនិត្យ​មើល​ភ្លុក​ដំរី​ដែល​គេនាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ម៉ាឡាវី នៅ​ខែ មីនា ២០១៧
អ្នកជំនាញ​ថៃ​ពិនិត្យ​មើល​ភ្លុក​ដំរី​ដែល​គេនាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ម៉ាឡាវី នៅ​ខែ មីនា ២០១៧ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អ្នកជំនាញ​ខាង​ការពារ និង​អភិរក្ស​សត្វដំរី វា​ជា​ដំណឹង​ល្អ​មួយ ដែល​តម្លៃ​ភ្លុក​ដំរី​ធ្លាក់​ចុះ​ខ្លាំង​នៅផ្សារ ក្នុង​ប្រទេស​ចិន។ តាម​ការសិក្សា ដែល​ធ្វើ និង​បង្ហាញ​ឡើង​ដោយ​អង្គការ​ដើម្បី​សង្រ្គោះ​សត្វដំរី នៅក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ពុធ ភ្លុក​ដំរី មាន​តម្លៃ ៧៣០​ដុល្លារ នៅ ឆ្នាំ ២០១៧ ពោល​គឺ​ចុះអស់ ២ភាគ​៣ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៤ ដែល​កាលណោះ ភ្លុកដំរី មួយ​គីឡូ ត្រូវ​គេ​លក់​ក្នុង​តម្លៃ ២១០០​ដុល្លារ ក្នុង​ទីផ្សារ​ងងឹត​ចិន។

 
ចិន​ដែល​ជាអ្នកទិញ​ប្រើប្រាស់​ភ្លុកដំរី ច្រើន​ជាងគេ​ក្នុង​លោក ត្រូវ​បាន​គេ​វាយតម្លៃ​ថា ជាដើមហេតុ ធ្វើ​ឲ្យ​មាន​​ការប្រមាញ់ វិនាស​ផុតពូជ​សត្វ​ដំរី​នៅ​ទ្វីប​​អាហ្វ្រិក។ នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ការប្រមាញ់ សម្លាប់​សត្វដំរី​បាន​កើនឡើង​ខ្លាំង នៅ​តំបន់​អាហ្វ្រិក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដែល​ចេះ​តែ​កើនឡើង​នៅ​ប្រទេស​ចិន។ តាម​តួលេខ​ផ្តល់​ដោយ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សត្វដំរី សព្វថ្ងៃនេះ ទ្វីប​អាហ្វ្រិក​មាន​ដំរី​ប្រមាណ តែ ជាង​៤​សែន​ក្បាល គឺ​ថយ​ចុះ​អស់​ជាង​១សែនក្បាល។ ក្នុង​មួយឆ្នាំៗ មាន​សត្វដំរី​ប្រមាណ​៣ម៉ឺនក្បាល​ត្រូវ​គេ​បាញ់​សម្លាប់​យក​ភ្លុក ដើម្បី​លក់​នៅ​ទីផ្សារ​ងងឹត។

ទាំង​តម្លៃ និង​ចំនួន​ភ្លុក​ដាក់​តាំង​លក់​នៅ​តាម​ហាង ក្នុង​ប្រទេស​ចិន​បាន​ថយ​ចុះ ដោយសារ​តែ​ការធ្លាក់ចុះ​នៃ​តម្រូវការ​របស់​អតិថិជន​ចិន។ សម្រាប់​អ្នកស្រី​Lucy Vigne អ្នកនិពន្ធម្នាក់​នៃ​ការសិក្សា​របស់​អង្គការ​ Save the elephants ការយល់​ដឹង​របស់​ប្រជាជន​ចិន​ពី​ផលប៉ះពាល់ ដោយសារ​តែ​ការទិញ​ភ្លុកដំរី ជាមូលហេតុ​​មួយ​ធ្វើ​ឲ្យ​តម្លៃ​ភ្លុកដំរី​ធ្លាក់ចុះ។ ប៉ុន្តែ គឺ​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ហើយ​និង​កំណើនសេដ្ឋកិច្ច​នៅ​ទ្រឹង​របស់​ចិន ដែល​ហេតុផល​សំខាន់ ធ្វើ​ឲ្យ​តម្រូវការ​ភ្លុក​សត្វដំរី​ថយចុះ។ ក្នុង​អតីតកាល ប្រជាជន​ចិន ចូលចិត្ត​ប្រើ​ភ្លុកដំរី ដើម្បី​ឆ្លាក់​ច្នៃ​ជា​វត្ថុ​សក្ការៈ ដូចជា​រូបព្រះពុទ្ធ ត្រា ឬ​ចង្កឹះ​ជា​ដើម។ ប៉ុន្តែ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ យុទ្ធនាការ​ផ្សព្វផ្សាយ របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ប្រជាជន​ចិន​បាន​យល់​ដឹង​ពី​ទំនាក់ទំនង​គ្នា នៃ​ការប្រើប្រាស់​វត្ថុ​ធ្វើ​ភ្លុក ហើយ​និង​ការប្រមាញ់ បាញ់​សម្លាប់​សត្វដំរី ដើម្បី​យក​ភ្លុក។ នៅ​ចុង​ខែ​ធ្នូ​កន្លងទៅ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា ពីពេលនេះ រហូត​ដល់​ចុងឆ្នាំ ២០១៧ គេ​នឹង​បិទ ហាម​លែង​ឲ្យ​មាន​លក់​ភ្លុក​ដំរី។

តម្លៃ​ភ្លុកដំរី បាន​ថយចុះ​នៅ​ទីផ្សារ​ចិន​មែន ប៉ុន្តែ វា​នៅ​តែ​ខ្ពស់ នៅ​ទីផ្សារ​ងងឹត ភូមា វៀតណាម និង​ឡាវ ជាទី​ដែល​ជំនួញ​ភ្លុក​ដំរី​នៅ​តែ​សកម្ម និង​ជា​គោលដៅ​សំខាន់​របស់​អតិថិជន​មក​ពី​ប្រទេស​ចិន។ ផ្លូវដើរ​ទៅរក​ការលុបបំបាត់​ចោល​ការសម្លាប់​សត្វដំរី​យក​ភ្លុក នៅ​វែងតទៅទៀត ប៉ុន្តែ អ្នកជំនាញ និង​អភិរក្ស​សត្វដំរី នៅតែ​សង្ឃឹមថា ការធ្លាក់តម្លៃ ហើយ​និង​ចំនួន​អ្នកទិញ​ភ្លុកដំរី​នៅ​ប្រទេស​ចិន នឹង​ចូលរួម​ចំណែក បំបាក់​ទឹកចិត្ត ការធ្វើជំនួញ និង​ការប្រមាញ់ បាញ់​សម្លាប់​សត្វដំរី យក​ភ្លុក ជាពិសេស នៅ​ទ្វីបអាហ្វ្រិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ