អានតួអត្ថបទ
ភូមា

លោកស្រី​អ៊ុងសាន ស៊ូជី​ទើប​ធ្វើដំណើរ​ជាលើក​ទី​១ ទៅ​រដ្ឋរ៉ាឃីន របស់​​រ៉ូហ៊ីងយ៉ា

ប្រមុខរដ្ឋាភិបាល​ភូមា លោកស្រី​អ៊ុងសាន ស៊ូជី​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​រ៉ាឃីន ដែលវឹកវរ ដោយសារ​អំពើហិង្សា និង​ការរត់​ចំណាកស្រុក​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា។ តាំង​ពី​មាន​ការផ្ទុះអាវុធ ប្រយុទ្ធ​គ្នា​ដ៏​ហិង្សា រវាង​កងទ័ព​ភូមា និង​ពួកឧទ្ទាម​ទ័ពព្រៃ​ដើម្បី​រ៉ូហ៊ីងយ៉ា នៅ​ចុងខែ​សីហា នេះ​ជា​លើក​ទី១ ដែល​លោកស្រី អ៊ុងសាន ស៊ូជី​ធ្វើដំណើរ​ទៅ​កាន់​រដ្ឋរ៉ាឃីន ដែល​ស្ថិតនៅ​ភាគ​ខាង​លិច​ប្រទេស​ភូមា។

លោកស្រី​អ៊ុងសាន ស៊ូជី នៅ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​sittwe របស់​រដ្ឋរ៉ាឃីន​នៅថ្ងៃ​ទី​២​វិច្ឆិកា ២០១៧
លោកស្រី​អ៊ុងសាន ស៊ូជី នៅ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​sittwe របស់​រដ្ឋរ៉ាឃីន​នៅថ្ងៃ​ទី​២​វិច្ឆិកា ២០១៧ ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

លោកស្រី អ៊ុងសាន ស៊ូជី មិនបាន​ប្រកាស​ឲ្យ​គេ​ដឹង​មុន​ពី​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​រដ្ឋ​រ៉ាឃីន​នោះ​ទេ។ នៅថ្ងៃ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ ប្រមុខ​រដ្ឋាភិបាល​ស៊ីវិល​ភូមា បាន​ធ្វើ​ដំណើរ​តាម​ឧទ្ទម្ភាគចក្រ​យោធា ទៅ​កាន់​តំបន់​ដែល​កំពុង​ជួប​វិបត្តិជនភៀសខ្លួន រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន។ តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោកស្រីអ៊ុងសាន ស៊ូជី​នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ នៅ​តំបន់​មួយ​ចំនួន តាមព្រំដែន ជាទី​ដែល​ជនជាតិ​រ៉ូហ៊ីងយ៉ា រាប់សែន​នាក់ បាន​រត់ទៅ​ជ្រកកោន នៅ​បង់ក្លាដែស ដើម្បី​គេចចេញ​ពី​អំពើ​ហិង្សា នៅ​រដ្ឋរ៉ាឃីន។

តាំង​ពី​ឈ្នះឆ្នោត នៅ​ឆ្នាំ ២០១៥ និង​កើតផ្ទុះ​អំពើហិង្សា ដែល​ជា​ដើមហេតុ​នៃ​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដ៏ធំសម្បើម​នៅ​ភូមា នេះជាលើក​ទី១ ដែល​លោកស្រី​អ៊ុងសាន ស៊ូជី​ដាក់ជើង​ជាន់​រដ្ឋរ៉ាឃីន។ សហគមន៍​អន្តរជាតិ​ធ្លាប់​បាន​រិះគន់​ប្រមុខរដ្ឋាភិបាល​ភូមា ដែល​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ ថា អសមត្ថភាព បិទភ្នែក បណ្តោយ​ឲ្យ​មាន​ការបង្រ្កាប ដ៏​ហិង្សា របស់​យោធា​ទៅលើ​ក្រុមប្រជាជន​កាន់​សាសនា​អ៊ីស្លាម ជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន។ នៅ​ខែ​កញ្ញា​កន្លងទៅ លោកស្រី​អ៊ុងសាន ស៊ូជី បាន​ចេញ​មុខ បដិសេធ​ការចោទប្រកាន់​របស់​អង្គការ​សហប្រជាជាតិ ដែល​ថា កងទ័ព​ភូមា​កំពុង​ធ្វើ​នយោបាយ​បោសសម្អាត​ជាតិ​ពិន្ធុ នៅ​រដ្ឋរ៉ាឃីន តាមរយៈ ការដុតផ្ទះសម្បែង របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា។

ដោយ​លើកឡើង​ថា អំពើហិង្សា​បាន​បិទបញ្ចប់​តាំង​ពី​ដើម​កញ្ញា នៅ​រដ្ឋរ៉ាឃីន លោកស្រី អ៊ុងសាន ស៊ូជី​ធ្លាប់​បាន​ប្រកាស​ផង​ដែរ ពីមាតុភូមិនិវត្ត​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​រហូត​មកដល់​ពេល​នេះ មាន​ចំនួន​ច្រើន​ជាង ៦សែន​នាក់ បាន​ទៅ​កកកុញ ប្រជ្រៀត​គ្នា ក្នុង​ជំរំភៀសខ្លួន នៅ​ទឹកដី​បង់ក្លាដែស។ នៅក្នុង​ដំណើរផ្លាស់ទី​ទៅ​រដ្ឋ​រ៉ាឃីន នៅ​ថ្ងៃ​នេះ លោកស្រី ស៊ូជី មាន​អម​ដោយ​រដ្ឋមន្រ្តី និង​អ្នកជំនួញភូមា​សំខាន់ៗ​២០រូប។ សម្រាប់​លោកស្រី​អ៊ុងសាន ស៊ូជី មានតែ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​កើតជម្លោះ ដែល​ជា​ដំណោះស្រាយ​រយៈពេល​វែង។ នៅ​រដ្ឋរ៉ាឃីន ភាពក្រីក្រ​មាន​កម្រិត​ខ្ពស់​ដល់ទៅ ៧៨ភាគរយ គឺ​ទ្វេដង បើប្រៀបធៀប​នឹង​រដ្ឋផ្សេងទៀត របស់​ភូមា។

ប៉ុន្តែ ក្នុង​ក្រសែភ្នែក​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស កិច្ចការ​ចាំបាច់ ដែល​គេ​ត្រូវ​ធ្វើ​បន្ទាន់​នៅពេលនេះ គឺ​ការផ្តល់​ជំនួយ​មនុស្សធម៌ ឲ្យ​បាន​លឿន និង​ប្រសិទ្ធិភាព​បំផុត​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។ រហូតមកដល់​ពេលនេះ សកម្មភាព​ផ្តល់​ជំនួយ​មនុស្សធម៌​អន្តរជាតិ ធ្វើឡើង​ដោយ​តិចតួច​បំផុត ដោយសារ​ការរឹតបន្តឹង​របស់​យោធា​ភូមា ហើយ​និងការវាយប្រហារ​របស់​ក្រុម​ប្រជាជន​ភូមា ដែល​ប្រឆាំង មិនចង់​ឲ្យ​គេ​ជួយ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ រហូតមក​ដល់​មក​ដល់​ពេល​នេះ មាន​តែ​អង្គការ​កាកបាទ​ក្រហម​តែប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ទៅ​ផ្តល់​ជំនួយ ដូចជា​អាហារ និង​ទឹក ដល់​ជនជាតិ រ៉ូហ៊ីងយ៉ា ក្នុង​រដ្ឋរ៉ាឃីន។

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់ពាន់នាក់ នៅតែ​បន្ត​ចាកចេញ​ពីភូមិ​ផ្ទះសម្បែង សំដៅ​ទឹកដី បង់ក្លាដែស។ នៅ​ដើម​សប្តាហ៍នេះ បង់ក្លាដែស ដែល​កំពុង​ទទួល​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ជិត​មួយ​លាននាក់ បាន​ចរចា ជាមួយ រដ្ឋាភិបាល​ភូមា ពី​ការវិល​ត្រលប់​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទៅ​ភូមា ប៉ុន្តែ គ្មាន​បាន​លទ្ធផល​អ្វី​នោះទេ។

ដោយឡែក​នៅ​អង្គការ​សហប្រជាជាតិ​នៅថ្ងៃ​ពុធ​ម្សិលមិញ ក្រុមប្រទេស​អ៊ីស្លាម​ដែល​នាំ​មុខ​ដោយ​អារ៉ាប៊ីសាអូឌីត​បាន​ផ្ញើ​គម្រោង​សេចក្តី​សម្រេចចិត្ត​មួយ​ទៅ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ន័យ បរិហារ​រិះគន់លើ​​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​ភូមា​ទៅ​ជនជាតិ​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម។ សេចក្តី​សម្រេច ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីស្លាម​ចំនួន ៥៧ គ្មាន​ទិសដៅ​ទាមទារ​ឲ្យ​មាន​ការថ្កោលទោស​លើ​ភូមា នោះទេ ប៉ុន្តែ គ្រាន់តែ​លើកឡើង​ពី​កង្វល់ ការព្រួយបារម្ភ​ពីប្រើ​អំពើហិង្សា ហួសកម្រិត​របស់​យោធា​ភូមា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ