អានតួអត្ថបទ
បារាំង-កូរ៉េខាងជើង​

បារាំង​​​អបអរ​​អាមេរិក​​ដែល​​បន្ទន់​​ឥរិយាបថ​ ចង់​​ចរចា​​​​ជាមួយ​​កូរ៉េខាងជើង​​

ថ្ងៃសុក្រ​នេះ ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​បាន​សំដែង​ការ​ស្វាគមន៍​ដល់​អាមេរិក​ដែល​បាន​បន្ទន់​ជំហរ​ដាក់​កូរ៉េខាងជើង ចង់​ចរចាបញ្ហា​នុយក្លេអ៊ែរ​​​ជាមួយ​កូរ៉េខាងជើង។ ម្សិលមិញ​ ​លោក​ដូណាល់ ត្រាំ និង​លោក​ពូទីន បាន​ជជែកគ្នា​តាម​ទូរសព្ទ ព្រមព្រៀង​ធ្វើការ​ជាមួយគ្នា ដើម្បី​ដោះស្រាយ​បញ្ហាកូរ៉េខាងជើង។​

លោក​ដូណាល់ ត្រាំ និង​លោក​គឹម ជុងអ៊ុន
លោក​ដូណាល់ ត្រាំ និង​លោក​គឹម ជុងអ៊ុន 路透社。
ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ​នេះ ​រដ្ឋាភិបាល​បារាំង​បាន​​អបអរ​ជំហរ​អាមេរិក ដែល​ចង់​ចូលតុចរចា​ជាមួយ​កូរ៉េខាងជើង​​។ សម្រាប់​បារាំង ​ការ​បន្ទន់​ឥរិយាបថ​នេះ បង្ហាញ​ពី​ភាព​ប្រសើរ​ឡើងវិញ​បន្តិច​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន។ ​យោងតាម​រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក​ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ បារាំង​លើកទឹកចិត្ត​​ដល់​ការ​ផ្តួចផ្តើម​អោយ​ឈានទៅដល់​ការ​ចរចា​​។​

កាលពី​ថ្ងៃ​អង្គារ ​ប្រមុខការទូត​អាមេរិក លោករិច ​ធីលឡឺសុន បាន​ប្រកាស​ត្រៀម​ចរចា​ជាមួយ​ក្រុងព្យុងយ៉ាង ដោយគ្មាន​លក្ខខណ្ឌ​ទុកមុន។ ​ថ្ងៃសុក្រ​នេះដែរ ​មន្ត្រី​ពិសេស អាមេរិក​ ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង ​គឺ​លោក​ចូសេហ្វ យុន Joseph Yun ដែល​​មា​នវត្តមាន​នៅទីក្រុង​បាងកក ក៏បាន​​សង្កត់ធ្ងន់​ពី​ការបើក​ចំហរ​ដល់​ការចរចា​ជាមួយ​កូរ៉េខាងជើង​ដែរ។ តែ​លោក​ចូសេហ្វ យុន មិនបានភ្លេច​លើកឡើង​ពី​ដំណោះស្រាយ​ការទូត ដែលត្រូវដើរ​ទន្ទឹមគ្នា​ជាមួយ​នឹង​ទណ្ឌកម្ម​នោះទេ។ ​​​

លោក​ចូសេហ្វ យុន ​មក​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ ក្នុង​ទិសដៅ​បញ្ចុះបញ្ចូល​អោយ​ថៃ​ នៅ​ដាច់ឆ្ងាយ​ពី​កូរ៉េខាងជើង ធ្វើយ៉ាងណា​អោយ​កូរ៉េខាងជើង​កាន់តែ​​​ឯកោ។ ថៃ​ជា​ដៃគូ​អាមេរិក តែ​ថៃ​ក៏​មានទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​គួរសម​ដែរ ពោលជា​ដៃគូ​នឹង​ក្រុងព្យុងយ៉ាង​ លំដាប់​ទី៣​ឯណោះ បន្ទាប់​ពី​ចិន​និង​កូរ៉េខាងត្បូង។​ ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ថៃ​និង​កូរ៉េខាងជើង មាន​ដល់ទៅ​ជាង​១០០លាន​អឺរ៉ូ កាលពី​ឆ្នាំ២០១៤។ ​​​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក៏ធ្លាប់​ទស្សនកិច្ច​នៅ​ថៃ​កាលពី​ចុងខែ​សីហា​ដែរ ដើម្បី​ជំរុញ​ថៃ​អោយ​នៅឆ្ងាយ​ពី​កូរ៉េខាងជើង។

ម្សិលមិញ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន បាន​ជជែកគ្នា​ពី​បញ្ហា​កូរ៉េខាងជើង។ លោកពូទីន​គូសបញ្ជាក់​ឡើងវិញ​ថា ​រុស្ស៊ី​​មិនបាន​ត្រៀម​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​ក្រុងព្យុងយ៉ាង​ទេ ព្រោះថា សម្ពាធ​ដែល​ដាក់​លើ​ក្រុងព្យុងយ៉ាង​បច្ចុប្បន្ន គឺ​នៅក្បែរ​បន្ទាត់​ក្រហម​ទៅហើយ។ មានន័យថា ​វា​ក្បែរ​ដែនកំណត់​​ទៅហើយ។

ទាក់ទង​នឹងទណ្ឌកម្ម ថ្ងៃសុក្រ​នេះ ជប៉ុន​បាន​ប្រកាស​បន្ថែម​ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង ជាទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​និង​អ្នកដែល​​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង។ ​ក្នុង​ចំណោម​អ្នករងទណ្ឌកម្ម​ គេឃើញ​មាន​ក្រុមហ៊ុន​និង​ជនជាតិ​ចិនមួយចំនួន​​ ហើយ​មាន​ទាំង​ក្រុមហ៊ុន​សិង្ហបុរី​ និងក្រុមហ៊ុន​ណាមីប៊ីផងដែរ៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ