ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមបានវាយប្រហារលើមជ្ឈមណ្ឌលយោធាមួយនៅអាហ្វហ្កានីស្ថាន
នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមបានធ្វើការវាយប្រហារលើមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាមួយក្នុងទីក្រុងកាប៊ូលនាថ្ងៃចន្ទ ទី១៨ ធ្នូ។ ការបាញ់តគ្នារវាងពួកជីហាត និងកម្លាំងយោធារយៈពេលជាង ៤ម៉ោងបានបណ្តាលឲ្យកម្លាំងរដ្ឋាភិបាលរងរបួសស្រាលមួយចំនួន តែសម្លាប់បានពួកជីហាតទាំងពីរនាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៧
គឺនៅវេលាម៉ោងជា ១០ព្រឹកម៉ោងក្នុងប្រទេសអាហ្វហ្កានីស្ថានដែលពួកជីហាតអង្គការរដ្ឋអ៊ីស្លាមបានបើកការវាយប្រហារលើមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាមួយរបស់ក្រសួងស៊ើបការណ៍សម្ងាត់អាហ្វហ្កានីស្ថានក្នុងទីក្រុងកាប៊ូល។ អ្នកនំាពាក្យប៉ូលិសឲ្យដឹងថា មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធានោះមានកម្ពស់ ៤ជាន់ និងកំពុងជួសជុលដែលគ្មានមនុស្សនៅខាងក្នុងទេក្នុងពេលរងការវាយប្រហារពីពួកជីហាត។ ភ្លាមៗនោះ កម្លាំងរដ្ឋាភិបាលក៏បានចេញប្រតិបត្តិការវាយប្រហារតបវិញដោយសម្លាប់បានពួកជីហាតទាំងពីរនាក់ និងមានកម្លាំងរដ្ឋាភិបាលចំនួន ២នាក់រងរបួសស្រាល។
ទន្ទឹមគ្នានោះ កម្លាំងសន្តិសុខក៏ត្រូវបានដាក់ឡោមព័ទ្ធជុំវិញអាគារដែលស្ថិតចំកណ្តាលទីប្រជុំជនដោយមានដាក់របាំងសន្តិសុខព័ទ្ធឆ្ងាយពីអាគារនោះទៀតផង។ ប្រភពសន្តិសុខបានឲ្យដឹងថា ការដែលកម្លាំងរដ្ឋាភិបាលបានប្រើពេលយូរមុននឹងសម្លាប់បានពួកជីហាតទាំងពីរនាក់ គឺមកពីចង់ចៀសវាងកុំឲ្យមានស្លាប់ និងរបួសច្រើននៅខាងកម្លាំងរដ្ឋាភិបាល។ តាមប្រភពដដែល ពួកជីហាតទាំងពីរនាក់បានពួនសំងំនៅក្នុងអាគារដែលកំពុងជួសជុល មុននឹងបើកការវាយប្រហារ។ គួរជម្រាបជូនថា អាគារហ្វឹកហ្វឺនឈ្មោះ « ៨០ » គឺជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដ៏សំខាន់របស់ក្រសួងស៊ើបការណ៍សម្ងាត់អាហ្វហ្កានីស្ថាន ព្រោះជាទីកន្លែងបង្ហាត់បង្រៀនភ្នាក់ងារស៊ើបការណ៍សម្ងាត់។
សូមជម្រាបជូនថា ទីក្រុងកាប៊ូលបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារញឹកញាប់ពីក្រុមឧទ្ទាមតាលីបង់ ឬពីពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។ គិតតាំងពីដើមឆ្នាំ ២០១៧ នេះមក មានអំពើភេរវកម្មយ៉ាងតិច ១៨ដងដែលធ្ងន់ធ្ងរជាងគេកាលពីថ្ងៃទី៣១ ឧសភាដោយពួកភេរវជនបានបំផ្ទុះឡានកាំមីញ៉ុងមួយគ្រឿងផ្ទុកជាតិផ្ទុះជាង ១តោនកន្លះនៅសង្កាត់របស់អ្នកការទូតដែលបណ្តាលឲ្យស្លាប់ ១៥០នាក់ និងរបួស ៤០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ