អានតួអត្ថបទ
ចិន-អាមេរិក

ចិន​ច្រានចោល​ការ​ចោទ​របស់​អាមេរិក​ដែល​ថា ប៉េកាំង​ប្រើ​នយោបាយ​អនុត្តរភាព​នៅ​អាស៊ី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ឧសភា ប្រទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ច្រាន​ចោល​លើ​ការ​លើក​ឡើង​របស់​មន្រ្តី​យោធា​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ដែល​ថា ចិន​កំពុង​ប្រើ​នយោបាយ​អនុត្តរភាព​នៅ​អាស៊ី ពិសេស​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ ជា​ការ​ឆ្លើយ​តប​វិញ ចិន​បាន​ស្តីបន្ទោស​អាមេរិក​ថា​ជា​មន្ទីរពេទ្យ​ដែល​គ្មាន​សប្បុរសធម៌។ ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ហួ ជុនយីង​បាន​ចំអកឡកឡាយ​ដាក់​អាមេរិក​ថា​ជា​ចោរ​ដែល​កំពុង​ស្រែក​ឲ្យ​គេ​ចាប់​ចោរ។

លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន
លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន Reuters/路透社
ផ្សាយពាណិជ្ជកម្ម

សមុទ្រ​ចិន​ខាងត្បូង​កំពុង​បន្ត​ក្លាយ​ជា​សង្រ្គាមពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​ចិន និង​អាមេរិក។ ដើម្បី​ប្រឆាំង​ចិន និង​ដើម្បី​បង្ហាញ​ពី​សេរីភាព​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​ដែល​វ៉ាស៊ីនតោន​បន្ត​អះអាង​ជា​ដែនទឹក​អន្តរជាតិ អាមេរិក​តែង​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​កាន់​តំបន់​ដែល​ចិន​ក៏​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ី​មួយ​ចំនួន រួម​មាន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ។ អ្វីៗ​បាន​ផ្តើម​ចេញ​ពី​ការ​ថ្លែង​របស់​មេបញ្ជាការ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ឧត្តមនាវី​ហារី ហារីស​ពី​កោះហាវ៉ៃ​ក្នុង​ថ្ងៃ​ពុធ ទី៣០ ឧសភា​ដែល​ថា សុបិន្ត​អនុត្តរភាព​របស់​ចិន​នៅ​អាស៊ី​កំពុង​បង្ក​ជា​បញ្ហា​ប្រឈម​ចម្បង​របស់​អាមេរិក​សម្រាប់​រយៈពេល​វែង។

ចំណាប់​អារម្មណ៍​របស់​ឧត្តមនាវី​អាមេរិក​រូប​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ថ្លែង​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​លោក James Mattis ក្នុង​ថ្ងៃ​អង្គារ ទី២៩ ឧសភា​ដែល​ថា អាមេរិក​នឹង​បន្ត​ប្រឆាំង​ទល់​នឹង​ការ​វាតទី​ដែនដី​ពី​សំណាក់​ចិន និង​បិរហារ​លើ​មហិច្ឆតា​យោធានិយម​របស់​ចិន​លើ​ទីប្រជុំកោះ​នៅ​ក្នុង​តំបន់។ តែ​ក៏​ដូច​ជា​សព្វមួយ​ដង ចិន​មិន​ដែល​ទុក​ឲ្យ​ការ​លើក​ឡើង​របស់​អាមេរិក​ក្នុង​សំណុំរឿង​នេះ​លើស​ពី ២៤ម៉ោង​ឡើយ។ « ទោះបី​ជា​ការ​អភិវឌ្ឍន៍​របស់​ចិន​មាន​កម្រិត​ត្រឹម​ណា​ក៏​ដោយ ក៏​ចិន​មិន​ដែល​មាន​នយោបាយ​អនុត្តរភាព ឬ​ការ​វាតទី​ដែរ » នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោកស្រី​ហួ ជុនយីង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន។

តាម​លោកស្រី​ហួ ជុនយីង ចិន​មិនមែន​ជា​ប្រទេស​ដែល​បាន​ពង្រាយ​គ្រឿងសព្វាវុធ​នៅ​សមុទ្រចិនខាងត្បូង​មុន​គេ និង​ច្រើន​ជាង​គេ​ទេ ហើយ​ចិន​ក៏​មិនមែន​ជា​ប្រទេស​ដែល​បាន​ធ្វើ​សមយុទ្ធ​ញឹកញាប់​នៅ​ក្នុង​តំបន់​ដែរ។ រូប​អ្នកនាំពាក្យ​ការបរទេស​ចិន​ដដែល​បាន​បន្ថែម​ដោយ​ចំអកឡកឡាយ​ថា « នៅ​អាមេរិក មាន​មនុស្ស​ខ្លះ​កំពុង​ឃោសនា​ពី​ការ​វាតទី​យោធា​និយម​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង តែ​សម្រាប់​ខ្ញុំ វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ដូច​ជា​ចោរ​ម្នាក់​កំពុង​ស្រែក​ហៅ​ឲ្យ​គេ​ចាប់​រូប​ចោរ​នោះ »។

គួរ​រម្លឹក​ជូន​ថា ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​ក្នុង​រឿង​សមុទ្រចិន​ខាងត្បូង​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ឆ្នាំ ២០១០ ហាក់​បាន​ឡើង​តានតឹង​មួយ​កម្រិត​ទៀត​ក្នុង​សប្តាហ៍​កន្លង​ទៅ បន្ទាប់​ពី​អាមេរិក​បាន​ដក​ចិន​ចេញ​ពី​សមយុទ្ធ RIMPAC ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ដំណាច់​ខែ​មិថុនា​នេះ។ RIMPAC ជា​សមយុទ្ធ​ផ្លូវសមុទ្រ​ដ៏​សំខាន់​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​រៀបចំ​រៀងរាល់ ២ឆ្នាំ​ម្តង និង​ដែល​ដឹកនាំ​ដោយ​អាមេរិក ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ ២៣ប្រទេស។ ចិន​ត្រូវ​បាន​អាមេរិក​ហៅ​ឲ្យ​ចូលរួម​លើកទី១ ក្នុង​ឆ្នាំ ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ