ប្រមុខការទូតអាមេរិកទៅប៉ាគីស្ថានដើម្បីស្តារទំនាក់ទំនង
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាគ ប៉ុមប៉េអូ បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងថ្ងៃពុធនេះ។ លោក បានជួបពិភាក្សាជាមួយនាយរដ្ឋមន្ត្រីថ្មី លោក អ៊ីមរ៉ាន ខាន់ និងបានបង្ហាញក្តីសង្ឃឹមថាអាមេរិកនិងប៉ាគីស្ថានអាចបើកទំព័រទំនាក់ទំនងគ្នាថ្មីជា ឱ្យប្រសើរឡើងវិញបន្តិច។ បាគីស្ថាននិងអាមេរិកមើលមុខគ្នាមិនសូវចំទេ និងរឹតតែដុនដាបខ្លាំងទៀតនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៧
លោក ប៉ុមប៉េអូ បានចុះចតលើដីប៉ាគីស្ថាន នៅវេលាម៉ោង១រសៀលម៉ោងក្នុងស្រុក និងបានចាកចេញទៅវិញនៅក្នុងថ្ងៃដដែល បន្ទាប់ពីបានជួបពិភាក្សាមួយភ្លែត ជាមួយអគ្គមេបញ្ជាការកងទ័ព ដ៏មានអំណាច លោក Joseph Dunford ព្រមទាំងតំណាងមន្ត្រីការទូតប៉ាគីស្ថាន និងលោកនាយករដ្ឋមន្ត្រីថ្មី លោក អ៊ីនរ៉ាន ខាន់។
នេះគឺជាលើកទីមួយហើយដែលលោក ប៉ុមប៉េអូ ក្នុងនាមប្រមុខការទូតអាមេរិកបានមកដល់ប៉ាគីស្ថាន ! ប្រទេសដែលអាមេរិកចាត់ទុកថាត្រូវមានចំណែកចាំបាច់ក្នុងការស្វែងរកច្រកចេញបិទបញ្ចប់សង្គ្រាម នៅអាហ្វហ្កានីស្ថានជិតខាង។ អាហ្វហ្កានីស្ថានលុងក្នុងសង្គ្រាម អស់១៧ឆ្នាំ ហើយស្ថានភាពសន្តិសុខកាន់តែធ្លាក់ចុះយ៉ាប់យឺនជាលំដាប់។ អាហ្វហ្កានីស្ថាននិងអាមេរិកបានចោទជារហូតមក និងទាមទារឱ្យប៉ាគីស្ថានឈប់គាំទ្រក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម ដូចជាពួកតាលីបង់ និងបណ្តាញHaqqani តាមរយៈការផ្តល់ជម្រកឱ្យពួកនេះបានជ្រកកោននៅតាមព្រំដែនជាមួយអាហ្វហ្កានីស្ថាន។
អាមេរិកចោទ ប៉ាគីស្ថានបដិសេធ ! ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមិនសូវល្អស្រាប់ទៅហើយ កាន់តែរកាំរកូសខ្លាំងទៀត នារយៈពេលប៉ុន្មានខែចុងក្រោយនេះ រហូតដល់អាមេរិកប្រកាសបង្វែរប្រាក់ជំនួយ៣០០លានដុល្លារសម្រាប់ប៉ាគីស្ថាន។
ប៉ុន្តែនៅថ្ងៃនេះ អាមេរិកនិងប៉ាគីស្ថានបានបង្ហាញក្តីសង្ឃឹមថានឹងអាចបើកទំនាក់ទំនងថ្មីរវាងគ្នាប្រសើរឡើងវិញ ព្រោះលោកប៉ុមប៉េអូ និងលោកអ៊ីមរ៉ាន ខាន់ បានយល់ព្រមស្របគ្នាថា សន្តិភាពអាហ្វហ្កានីស្ថានជាកម្មវត្ថុរួមរបស់អាមេរិកនិងប៉ាគីស្ថាន ដោយបានតែងតាំងអ្នកការទូតអាមេរិកដើមកំណើតប៉ាគីស្ថាន ជាគ្រប់គ្រងសំណុំរឿងនេះ។ ជំនួយ៣០០លានដុល្លារនឹងអាចប្រគល់ឱ្យប៉ាគីស្ថានវិញប្រសិនបើកាលៈទេសៈតម្រូវ។ នេះបើតាមប្រសាសន៍របស់ប្រមុខការទូតអាមេរិកដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ