អានតួអត្ថបទ
ជប៉ុន-អង់គ្លេស

ប្រទេស​ជប៉ុន​សុំ​កា​រ​ពន្យល់បំភ្លឺ​ពី​ប្រទេស​អង់គ្លេស​ជុំវិញ Brexit

លោក​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ហ្សេរេមី ហាន់​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ថ្ងៃ​អង្គារ ទី១៨ កញ្ញា។ លោក​ហាន់​បាន​ទទួល​ជួប​ដោយ​សមភាគី​ជប៉ុន​លោក​តារ៉ូ កូណូ និង​ដែល​នៅ​ក្នុង​ជំនួប លោក​កូណូ​បាន​សុំ​ការ​ពន្យល់បំភ្លឺ​ពី​លោក​ហាន់​ជុំវិញ​រឿង​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​ដែល​ហៅ​កាត់​ថា Brexit។ អ្វី​ដែល​ភាគី​ជប៉ុន​ចង់​បាន គឺ​ការ​ធានា​របស់​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៏​ចំពោះ​វត្តមាន​ក្រុមអ្នកជំនួញ​ជប៉ុន​ក្នុង​ទឹកដី​អង់គ្លេស បន្ទាប់​ពី​ប្រទេស​អឺរ៉ុប​មួយ​នេះ​លែងលះ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ចុង​ខែ​មីនា ឆ្នាំ ២០១៩។

លោក​ប្រមុខ​ការទូត​អង់គ្លេស Jeremy Hunt និង​សមភាគី​ជប៉ុន​លោក​ Taro Kono ក្នុង​ទីក្រុង​តូក្យូ​ថ្ងៃទី១៨ កញ្ញា ២០១៨
លោក​ប្រមុខ​ការទូត​អង់គ្លេស Jeremy Hunt និង​សមភាគី​ជប៉ុន​លោក​ Taro Kono ក្នុង​ទីក្រុង​តូក្យូ​ថ្ងៃទី១៨ កញ្ញា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ដែល​សំណុំឯកសារ​លែងលះ​រវាង​ប្រទេស​អង់គ្លេស និង​សហភាព​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​សម័យ​អន្តរកាល និង​ការ​ប្រទាញប្រទង់​គ្នា ក្តីបារម្ភ​បាន​និង​កំពុង​កើត​មាន​កាន់​តែ​ច្រើន​ចំពោះ​ក្រុម​អ្នកជំនួញ​បរទេស​ដែល​កំពុង​បោះទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ សំណួរ​ដែល​ពួក​គេ​បាន​ចោទ​សួរ និង​នៅ​មិន​ទាន់​មាន​ចម្លើយ​នោះ​គឺ​ថា តើ​បែបបទ និង​លក្ខន្តិកៈ​នៃ​ការ​រកស៊ី​របស់​ពួក​គេ​នៅ​ក្នុង​ទឹកដី​អង់គ្លេស​នឹង​មាន​ការ​ផ្លាស់ប្តូរ​ឬ​អត់ ក្រោយ​ពី​ប្រទេស​អឺរ៉ុប​មួយ​នេះ​បាន​បញ្ចប់​សមាជិកភាព​ជា​ផ្លូវការ​ពី​សហភាព​អឺរ៉ុប​នា​ដំណាច់​ខែ​មីនា ឆ្នាំ ២០១៩។ គឺ​សំណួរ​នេះ​ហើយ​ដែល​លោក​ប្រមុខ​ការទូត​ជប៉ុន​តារូ កូណូ​បាន​សុំ​ការ​ពន្យល់បំភ្លឺ​ពី​សមភាគី​អង់គ្លេស​លោក​ហ្សេរេមី ហាន់។

លោក​កូណូ​បាន​យល់​ឃើញ​ថា ពិតមែន​តែ​រឿងរ៉ាវ​លែងលះ​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​សម័យ​អន្តរកាល​ក៏​ដោយ ក៏​វា​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ដែល​ទីក្រុង​ឡុងដ៏​ត្រូវ​ធានា​ពី​ការ​ព្យាករណ៍ តម្លាភាព និង​ស្ថិរភាព​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​បោះទុន​រកស៊ី​នៅ​ក្នុង​ទឹកដី​អង់គ្លេស។ ប្រតិកម្ម​យ៉ាង​ដូច​នេះ​របស់​ប្រមុខ​ការទូត​ជប៉ុន​បាន​កើត​មាន​ឡើង ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​ក្រុមហ៊ុន​ជប៉ុន Panasonic បាន​សម្រេច​ប្តូរ​ទីស្នាក់ការ​ប្រចាំ​អឺរ៉ុប​របស់​ខ្លួន​ពី​ប្រទេស​អង់គ្លេស​ទៅ​កាន់​ប្រទេស​ហូឡង់។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​ជប៉ុន​គ្រាក់ៗ​ផ្សេង​ទៀត ដូច​យ៉ាង Nomura Holdings ឬ Sumitomo Mitsui Financial Group ក៏​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ចង់​ចាក​ចេញ​ពី​ទីក្រុង​ឡុងដ៏​ដែរ។

បច្ចុប្បន្ន​នេះ ទឹកប្រាក់​វិនិយោគ​សរុប​របស់​ក្រុមហ៊ុន​ជប៉ុន​ទាំង ៨៧៩ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​មាន​ជាង ៦០ ០០០លានដុល្លារ និង​មាន​ក្រុមហ៊ុន​ខ្លះ ដូច​យ៉ាង​ក្រុមហ៊ុន​ផលិតរថយន្ត​ហុងដា និង​នីសាន់​បាន​ប្រើ​បុគ្គលិក​ជិត ១៥ម៉ឺននាក់។ ប្រឈម​នឹង​សក្តានុពល​នេះ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស Theresa May ធ្លាប់​បាន​និយាយ​ធានា​ចំពោះ​ក្រុមអ្នកវិនិយោគ​ជប៉ុន​នា​ឱកាស​ទស្សនកិច្ច​របស់​លោកស្រី​ក្នុង​ទីក្រុង​តូក្យូ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៨ នេះ លោកស្រី​ក៏​បាន​ធានា​ជា​ថ្មី​ក្នុង​ពេល​ទទួល​ជួប​សន្ទនា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ជប៉ុន​គ្រាក់ៗ​ក្នុង​ទីក្រុង​ឡុងដ៏។

យ៉ាង​ណា​ក៏​ដោយ ប្រមុខ​កាទូត​ជប៉ុន​លោក​តារូ កូណូ​សង្ឃឹម​ថា​នៅ​ក្រោយ Brexit ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន និង​អង់គ្លេស​នឹង​រឹត​តែ​កើន​ឡើង​ថែម​ទៀត។ ចំណែក​អង់គ្លេស​សង្ឃឹម​ថា​នៅ​ក្រោយ​ចែក​ផ្លូវ​ជាមួយ​អឺរ៉ុប ខ្លួន​នឹង​ទទួល​បាន​ដៃគូ​ថ្មី មាន​ទាំង​ជប៉ុន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ