អានតួអត្ថបទ
ជប៉ុន-G២០

G២០៖លោកដូណាល់ ទូស្កឆ្លើយតបនឹងការយល់ឃើញរបស់លោកវ្ល៉ាឌីមៀរ ពូទីនស្តីពីលទ្ធិប្រជាធិបតេយ្យ

ថ្ងៃ​សៅរ៍ ទី២៩ មិថុនា​ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល G២០ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន។ ក្រៅ​ពី​ជំនួបកំពូល G២០ គេ​សង្កេត​ឃើញ​មាន​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី ឬ​ត្រីភាគី​ជា​ច្រើន​ផ្សេង​ទៀត ដូច​យ៉ាង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ និង​សមភាគី​រុស្ស៊ី​លោក​ពូទីន ឬ​មួយ​រវាង​លោក​ពូទីន និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​ម៉េ​ជា​ដើម។ ដោយឡែក ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក​ដូណាល់ ទូស្ក​ដែល​មាន​វត្តមាន​នៅ G២០ បាន​ឆ្លៀត​ឆ្លើយ​តប​នឹង​ការ​យល់​ឃើញ​របស់​លោក​ពូទីន​ស្តីពី​លទ្ធិប្រជាធិបតេយ្យ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ផ្តល់​ឲ្យ​កាសែត​សេដ្ឋកិច្ច​ឈ្មោះ Financial Times លោក​ពូទីន​បាន​ថ្លែង​ថា គំនិត​ជឿនលឿន​នៃ​លទ្ធិប្រជាធិបតេយ្យបែប​បស្ចិមលោក​ជា​គំនិត​ដែល​គេ​លែងប្រើ។ តាម​លោក​ពូទីន គំនិត​មួយ​នេះ​កំពុង​មាន​ជម្លោះ​ផលប្រយោជន៍​ជាមួយ​មនុស្ស​ភាគ​ច្រើន។ តែ​លោក​ទូស្ក​បាន​ថ្លែង​តប​វិញ​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុង​តូក្យូ​ថា លោក​មិន​យល់ស្រប​នឹង​ការ​លើកឡើង​របស់​លោក​ពូទីន រួច​បញ្ជាក់​ពី​ជំហរ​អឺរ៉ុប​ក្នុង​ការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់ និង​ឥត​ងាករ៉េ​លើ​គំនិតសេរី​ប្រជាធិបតេយ្យ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកដូណាល់ ទូស្ក
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកដូណាល់ ទូស្ក Reuters
ផ្សាយពាណិជ្ជកម្ម

« ដោយហេតុ​តែ​ខ្ញុំ​គេង​មិន​លក់​ដោយសារ​ខុស​ពេល​ម៉ោង ខ្ញុំ​អាច​អាន​បាន​ទាំង​ស្រុង​នូវ​ខ្លឹមសារ​នៃ​បទសម្ភាសន៍​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន​នៅ​ក្នុង​កាសែត Financial Times។ ខ្ញុំ​ត្រូវ​និយាយ​ថា ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​នឹង​អំណះអំណាង​ចម្បង​ដែល​ថា គំនិត​ចម្រើននិយម និង​សេរីនិយម​ជា​គំនិត​ចាស់​គំរិល។ ក្នុង​នាម​ជា​ពលរដ្ឋ​អឺរ៉ុប យើង​នៅ​ទីនេះ​ដើម្បី​ការពារ​យ៉ាង​ម៉ឺងម៉ាត់ និង​ឥត​ងាករ៉េ​លើ​គំនិត​ជឿនលឿន​នៃ​លទ្ធិប្រជាធិបតេយ្យ។

នរណា​ម្នាក់​ដែល​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​រីកចម្រើន​ជា​រឿង​ហួសសម័យ គឺ​មាន​ន័យ​ស្មើ​នឹង​ការ​និយាយ​ថា សេរីភាព​ត្រូវ​បាន​គេ​លែង​ប្រើ នីតិរដ្ឋ​ជា​រឿង​ហួស​សម័យ ហើយ​សិទ្ធិមនុស្ស​ក៏​ត្រូវ​បាន​គេ​ឈប់ប្រើ​ដែរ។

សម្រាប់​ពួក​យើង​នៅ​ទ្វីបអឺរ៉ុប ទាំង​អស់​នេះ​ជា​តម្លៃ​សារវន្ត និង​ឋិតនៅយូរ​អង្វែង។

អ្វី​ដែល​ខ្ញុំ​គិត​ថា​វា​ហួសសម័យ និង​លែងប្រើ​នោះ គឺ​អំណាច​ផ្តាច់ការ របៀបដឹកនាំ​ដែល​យក​បុគ្គល​ជាធំ និង​ច្បាប់​នៃ​ពួក​អប្បជនាធិបតេយ្យ ទោះ​បី​ជា​ពេល​ខ្លះ ច្បាប់​មួយ​នេះ​ហាក់​មាន​ប្រសិទ្ធិភាព​ក៏​ដោយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ