ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អាស៊ី

ក្រុមការពារសិទ្ធិសេរីភាពអ៊ីនធ័នែត៖ កម្មវិធីទូរស័ព្ទ​របស់​បក្សកុម្មុយនិស្ត​ចិន ជាឧបករណ៍​តាមដាន​អ្នកប្រើប្រាស់

media  
កម្មវិធីទូរស័ព្ទដៃឈ្មោះ "Xuexi Qiangguo" ឬ "ការរៀនសូត្រ​ដើម្បីឲ្យ​ចិន​ខ្លាំង មានរូបលោកប្រធានាធិបតីចិន ស៊ី ជីនពីង ©Greg Baker / AFP

នៅប្រទេស​ចិន កម្មវិធី​ទូរស័ព្ទដៃ​ដើម្បី​សិក្សា​ពី​គំនិត មនោគមវិជ្ជា​របស់​លោកប្រធានាធិបតី ស៊ី ជីនពីង ត្រូវ​បានគេ​ប្រើប្រាស់​ជា​មធ្យោបាយ​តាមដាន យកការណ៍ សម្ងាត់​ពី​ម្ចាស់ទូរស័ព្ទ។ នេះ​បើតាម​ការវាយតម្លៃ​របស់​មូលនិធិ Open Technology Fund ​ដែល​ធ្វើការ​តស៊ូមតិ ដើម្បី​សិទ្ធិ​សេរីភាព អ៊ីនធ័រនែត។

 

Xuexi Qiangguo ជា​កម្មវិធី​ទូរស័ព្ទដៃ បក្ស​កុម្មុយនិស្ត​ចិន​បង្កើតឡើង ដើម្បី​ឃោសនា​មនោគមវិជ្ជា​របស់​លោក​ប្រធានាធិបតី ចិន ស៊ី ជីនពីង។ តាម​កាសែត​ក្នុង​ស្រុកចិន ចាប់តាំង​ពី​ដាក់ឲ្យ​ប្រើប្រាស់ កាលពី​ខែ មករា​ដើមឆ្នាំនេះ កម្មវិធី ទូរស័ព្ទដៃ ដែល​មាន​រូប​លោក​ស៊ី ជីនពីង នៅមុខ​ផ្ទាំងពណ៌ក្រហម ត្រូវ​បាន​គេ​ចុច យក​ទៅ​ប្រើប្រាស់ ចំនួន ១៣០​លាន​ដង។

សម្រាប់​បក្សកុម្មុយនិស្តចិន ដោយ​មាន​កម្មវិធី​Xuexi Qiangguo ក្នុង​ទូរស័ព្ទដៃ របស់​ពួកគេ ពលរដ្ឋចិន​អាច​សំដែង​ពី​ភាពស្មោះត្រង់ ហើយ​និង​អាច សិក្សា​ពី​ប្រទេស​ជាតិ​របស់​ពួកគេ។ កម្មវិធី Xuexi Qiangguo មាន​ន័យ​ថា សិក្សា​ដើម្បី ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​ខ្លាំង ប៉ុន្តែ វា​ក៏មានន័យដែរ​ថា សិក្សា​ពី​គំនិត​របស់​លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​ខ្លាំង។ តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ឃោសនា​របស់​បក្ស​កុម្មុយនិស្តចិន អ្នកប្រើប្រាស់​អាចសិក្សា ទន្ទេញ​យ៉ាងចាំមាត់​ផងដែរ ពី​សំរង់ពាក្យ​របស់លោក​ប្រធានាធិបតី ស៊ី។

នៅក្នុង​កម្មវិធី Xuexi Qiangguo អ្នកប្រើប្រាស់​បាន​ទទួល​ពិន្ទុ លើកទឹកចិត្ត ប្រសិន​បើពួកគេ ចុច ចែករំលែក​អត្ថបទ ឬ​ឆ្លើយ​សំណួរ ដោយ​ត្រឹមត្រូវ គ្មានកំហុស។ ប៉ុន្តែ ជាមួយ គ្នានោះ ពួកគេ​ត្រូវ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាច្រើន​ផងដែរ ដូចជា អាស័យដ្ឋាន​ម៉ែល ទីកន្លែង រហូត​ដល់ ស្នាមក្រយៅម្រាមដៃ លេខ​សំគាល់ អត្តសញ្ញាណ ទៀតផង ប្រសិនបើ​ពួកគេ​ចង់​ប្រើប្រាស់​មុខងារ​មួយចំនួន​របស់​កម្មវិធី​ទូរស័ព្ទ។

សម្រាប់​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សេរីភាព​អ៊ីនធ័រនែត Open Technology Fund តាមរយៈ កម្មវិធី​ទូរស័ព្ទ បក្ស​កុម្មុយនិស្ត​ចិន កំពុង​តាមដាន ចូលយកការណ៍សម្ងាត់​របស់​អ្នកប្រើប្រាស់។ សកម្មជនការពារ​សិទ្ធិសេរីភាព​អ៊ីនធ័រនែត អះអាង​យ៉ាងដូច្នេះ ដោយ​ពឹងផ្អែក​ទៅលើ​ការស្រាវជ្រាវ​ស៊ើបអង្កេត របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ មួយ ឈ្មោះ Cure 53ដែល​មាន​ជំនាញ​ខាង សន្តិសុខ​អ៊ីនធ័រនែត។ តាមរបាយការណ៍​អង្កេត​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ កម្មវិធី​ទូរស័ព្ទ Xuexi Qiangguo ស្កែន ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់ ដើម្បី​ចង់​ដឹង​ពី​ឈ្មោះ កម្មវិធី​ផ្សេងទៀត ដែល​មាន​នៅក្នុង​ទូរស័ព្ទ មិនថា កម្មវិធី​ហ្គេម ដំណើរកំសាន្ត ឬ​សារឆ្លើយឆ្លង​របស់​អ្នកប្រើប្រាស់ទូរស័ព្ទ។

តាម​លោកស្រី Jane Manchun Wong អ្នកជំនាញ​ម្នាក់ ខាង​សន្តិសុខអ៊ីនធ័រនែត​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ គេ​មិន​ធ្លាប់​ឃើញ​មាន​កម្មវិធី​អប់រំ​ណា ដែល​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន របស់​អ្នកប្រើប្រាស់ ដ៏ច្រើន​ក្រាសក្រែល បែបនេះ ទេ ពីមុនមក។ អាច​ថា Xuexi Qiangguo ជា​កម្មវិធី​ទូរស័ព្ទ ដើម្បី សិក្សា​ពី​ប្រទេស​ចិន ពី​គោលគំនិត​របស់​លោកប្រធានាធិបតី​ស៊ី ជីនពីង ប៉ុន្តែ ជាមួយគ្នានោះ វាឧបករណ៍ ចូល​ទៅ​ឆែកឆេរ រុករក​ព័ត៌មានផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ។ សម្រាប់​សកម្មជនការពារ​សិទ្ធិសេរីភាព​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត កម្មវិធីទូរស័ព្ទ Xuexi Qiangguo​ជា​មធ្យោបាយ​មួយ​បន្ថែម​ទៀត របស់ទីក្រុង​ប៉េកាំង​ដើម្បី​ពង្រីក ការគ្រប់គ្រង​ត្រួតពិនិត្យ​ទៅលើ​បណ្តាញ​អ៊ីនធ័រនែត។ អ្នកកាសែត ចិនវិញ ក៏ទំនង​មិន​រួចផុត​ពី​សំណាញ់​ត្រួតពិនិត្យ​របស់​អាជ្ញាធរចិន។ តាម​ការជូនដំណឹង​របស់​រដ្ឋាភិបាល​ចិន កាលពី​សប្តាហ៍មុន ដើម្បី ធ្វើតេស្ត​ប្រលង​ជាប់ ទទួល​បាន​កាត​កាសែត អ្នកយកព័ត៌មាន​ចិន គួរ​មាន​កម្មវិធី Xuexi Qiangguo នៅ​ក្នុង​ទូរស័ព្ទ​របស់ពួកគេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ