អានតួអត្ថបទ
ពិព័រណ៌​សកល​មីឡង់

ដើម្បី​មុខមាត់ ចិន​មិនចោល​គំនិត អួត​វិសាលភាព​របស់ខ្លួន

រឿងចម្រូងចម្រាស កើតចេញ​មកពី​ទំហំ​ធំ​មហិមា​របស់​ផ្ទះពិព័រណ៌ នា​ឱកាស​ពិព័រណ៌​សកល​ក្នុង​ក្រុង​សៀងហៃ កាលពី​ឆ្នាំ ២០១០ បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន ត្រូវ​ពិនិត្យ សើរើ​ឡើងវិញ នយោបាយ​វិសាលភាព​របស់ខ្លួន។ ជាលទ្ធផល នៅក្នុង​ពិព័រណ៌​សកល ក្រុង​មីឡង់ ឆ្នាំ ២០១៥ ផ្ទះ​ពិព័រណ៌​របស់​ចិន​បាន​បន្ថយ​ទំហំ​របស់ខ្លួន មក​នៅ​ត្រឹម ៤៥៩០ ម៉ែត្រ​ការ៉េ គឺ​ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី ២ បន្ទាប់ពី អាល្លឺម៉ង់។ បើទោះបី​ជា​ចិន មិនសូវ​អួត លេចធ្លោរ​ខ្លាំងដូច កាល​នៅ​ពិព័រណ៌​សកល​សៀងហៃ ប៉ុន្តែ មហាយក្ស​អាស៊ី​នៅ​តែ​បង្ហាញ​វិសាលភាព​របស់ខ្លួន ដោយ​មាន​ដាក់តាំងបង្ហាញ ផ្ទះ​តាំងពិព័រណ៌​ដល់ទៅ ៣។ ខាងក្រោម​នេះ ជា​អត្ថបទ​យកការណ៍​របស់André Wang​ អ្នកកាសែត​របស់​ការិយាល័យ​ចិន របស់​វិទ្យុបារាំង​អន្តរជាតិ RFI 

ផ្ទះពិព័រណ៌​ចិន (ឆ្វេង) នៅក្នុង​ពិព័រណ៌​សកល​មីឡង់ ឆ្នាំ ២០១៥
ផ្ទះពិព័រណ៌​ចិន (ឆ្វេង) នៅក្នុង​ពិព័រណ៌​សកល​មីឡង់ ឆ្នាំ ២០១៥ FMM/Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

កាលពី​៥​ឆ្នាំមុន នៅ​ពិព័រណ៌​សកល​សៀងហៃ ចិន​ដែល​ចង់​បញ្ជាក់​អំណាច​អស្ចារ្យ​របស់​ខ្លួន ទៅកាន់​ពិភពលោក បាន​បញ្ចេញ​ឲ្យ​ឃើញ ផ្ទះពិព័រណ៌​ដ៏​ធំមហិមា គ្មាន​អ្នកប្រៀប។ នៅ​ឆ្នាំ នេះ ផ្ទះពិព័រណ៌​របស់​ចិន បាន​បន្ថយ​ទំហំ បន្តិច ចំណែក ប្រធានបទ​របស់​ផ្ទះពិព័រណ៌​ចិន ដែល​មាន​ឈ្មោះថា “ដី​នៃ​ក្តី​សង្ឃឹម” ហាក់​ស៊ីសង្វាក់​គ្នា​នឹង​គោលគំនិត​សំខាន់​នៃ​ពិព័រណ៌​សកល​មីឡង់ ឆ្នាំ ២០១៥ ដែល​មាន​ឈ្មោះថា “ចិញ្ចឹមផែនដី ថាមពល​ដើម្បី​ជីវិត”។ នៅ​ផ្ទះពិព័រណ៌ ចិន​តាំង​បង្ហាញ កសិកម្ម ចំណីអាហារ អនាគត​នៃ​ការផលិត​ចំណីអាហារ និង​គំនិត​របស់​ចិន ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច។ បើស្តាប់​តាម​បទ​បង្ហាញ​របស់​អ្នកទទួល​ខុសត្រូវ​ចិន លោក វ៉ាង ជីឈិន សារ​នៃ​ប្រធានបទ​របស់​ចិន គឺ ដី​នៃ​ក្តីសង្ឃឹម គឺ​ជា​សារ​មាន​សារៈសំខាន់​ដែល​និយាយ​ពី​ការផ្សារ​ភ្ជាប់ ចូល​គ្នា ដ៏​សុខដុមរមនា នៃ​មនុស្ស និង​ធម្មជាតិ។

 
ផ្ទះពិព័រណ៌​ចិន​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ទីវាល​ដ៏​ធំ​នៃ​ពិព័រណ៌​សកល​មីឡង់ ឆ្នាំ ២០១៥។ នៅក្នុង​ផ្ទះពិព័រណ៌​ចិន គេ​ឃើញ មាន​អំពូល​ភ្លើង ពណ៌​ល្អិតៗ រាប់​ម៉ឺន ដែល​តំណាង​ឲ្យ​ស្រូវសាឡី មាន​ពន្លឺ​ភ្លិបភ្លែត រត់ចុះឡើង គឺ​ដូចជា​ចុង​ស្រូវ​សាឡី ដែល​បក់​យោលយោក​ទៅតាម​ខ្យល់។ ផ្ទះពិព័រណ៌​ចិន​ត្រូវ​ពុះចែក​ជា​តំបន់ ចំនួន ៤ ដែល​មួយៗ​សុទ្ធ​តែ​មាន​ប្រធានបទ​ផ្ទាល់​ខ្លួនមួយ។ ជារួម តាមរយៈ​ផ្ទះពិព័រណ៌ ចិន​ចង់​បង្ហាញ ពី​ទំនៀមទម្លាប់​ក្នុងការធ្វើ​កសិកម្ម ទស្សនវិជ្ជា​បុរាណ ដែល​មាន​បូកផ្សំ​បញ្ចូល​គ្នា រវាង​មេឃ ដី មនុស្ស និង​ភាព​សុខដុមរមនា។ នៅក្បែរ ផ្ទះពិព័រណ៌​ចិន មាន​អមដោយ​ផ្ទះ​ពិព័រណ៌​ពីរ​ផ្សេង​ទៀត ដែល​មួយ​ជា​របស់​ក្រុមហ៊ុន​Vanke​ដែលជា​ក្រុមហ៊ុន​ពហុជាតិ ចិន នាំ​មុខគេ ខាងសាងសង់​ផ្ទះសម្បែង និង​មួយទៀត ជា​ផ្ទះពិព័រណ៌​របស់​Chine Entreprise ដែល​ជា​បណ្តាញ​ប្រមូលផ្តុំ​ក្រុមហ៊ុន​សំខាន់ៗ​នៅ​ប្រទេស​ចិន។

គំនិត​យោបល់​ទៅលើ​ផ្ទះពិព័រណ៌​ចិន មាន​ប្លែកៗ។ អ្នកចូលទស្សនា ជាតិ​ចិន​ម្នាក់​បាន​និយាយ​ថា គាត់​មើល​មិនឃើញ ថា គំនិត​ទាំង៤ គឺ​មេឃ ដី មនុស្ស និង​ភាព​សុខដុមរមនា ដែល​ចិន លើក​បង្ហាញ នោះ មាន​អត្ថន័យ ជាប់​ទាក់ទង​នឹង​ប្រធាន​បទ​របស់​ពិព័រណ៌​សកល​នៅ​មីឡង់​ទាល់តែសោះ។ “​តាមយោបល់​ខ្ញុំ ប្រធានបទ​របស់​ចិន មានជាប់ទាក់ទង​នឹង​ទស្សនវិជ្ជា ខុងជឺ។ លើសពីនោះ “ដី​នៃ​ក្តីសង្ឃឹម” គឺ​ជា​ឈ្មោះ​នៃ​បទចម្រៀង នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដែល​បកស្រាយ​ដោយ​អ្នកចម្រៀង ប៉េង លីយុន ដែល​គ្មានអ្នកណា​ក្រៅតែ​ពី​ភរិយា​របស់​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​នេះទេ។” យុវជន​វូ អ្នកចូល​ទស្សនា​ម្នាក់ទៀត បាន​និយាយ​ថា “រហូតមកដល់​ពេលនេះ ខ្ញុំ​បាន​មើលផ្ទះពិព័រណ៌​តែ​បី បួន​ប៉ុណ្ណោះ។ ផ្ទះពិព័រណ៌​ចិន មិនពេញ​ភ្នែក​របស់ខ្ញុំទេ។ បើមើល​ពី​សំបកក្រៅ ឃើញ​ថា ស្អាត អស្ចារ្យ​ណាស់ ប៉ុន្តែ បើ​នៅខាងក្នុង​វិញ គឺ​គ្មាន​អ្វី​ធំដុំ​ទាល់តែសោះ។ យុវជន​វូ​បាន​ត្អូញ រអ៊ូ ពី​ការទទួល​ភ្ញៀវ​ដ៏ អាក្រក់​ពី​មន្រ្តី​ចិន​នៅក្នុង​ផ្ទះពិព័រណ៌។ អ្នកចាំទទួល​ភ្ញៀវ​មាន​តិច ហើយ​ក៏​ការពន្យល់​ទៀត សោត គឺ​រឹតតែ​តិច​ទៅទៀត។

គំនិត​របស់​វូ មិន​បាន​ទទួល​ការគាំទ្រ​ពី​ជូ ចិន ដែល​បាន​ស្ម័គ្រចិត្ត​បម្រើការ​ឲ្យ​ផ្ទះពិព័រណ៌​ចិន​ទេ។ ជូ ចិន​ដែល​នៅ​ឈរលក់​សំបុត្រ​ចូល​ទស្សនា​សម្រាប់​ផ្ទះពិព័រណ៌​ចិន​បាន​និយាយ​ថា វាច្បាស់​ណាស់ថា ម្នាក់ៗ មាន​គំនិត​ចូលចិត្ត ខុសប្លែកគ្នា។ សម្រាប់​នាង នៅ​ពិព័រណ៌​សកល​មីឡង់ ចិន​ជោគជ័យ​ច្រើន​ជាងគេ បើប្រៀបធៀប នឹង​អាល្លឺម៉ង់ និង​ប្រេស៊ីល។ នាងគិតថា ជាមួយ​នឹង​ទាហាន​ចិន​ធ្វើពីដី និង​ផ្លូវដើរ​ក្រាល​ដោយ​សូត្រ ផ្ទះពិព័រណ៌​ចេះ​រៀបចំ​ធ្វើ​ឲ្យ​ខុសប្លែក​ពីគេ។ “ចិន​ជា​ប្រទេស​មហាអំណាច។ ចិន​មិនត្រូវ​បង្ហាញ​ចំណុច​ខ្សោយ​របស់ខ្លួនទេ។ វា​សំខាន់ណាស់​សម្រាប់​មុខមាត់​ប្រតេស​ចិន។”

នៅ​ប៉ុន្មាន​រយម៉ែត្រ​ពី ផ្ទះពិព័រណ៌​ចិន ផ្ទះពិព័រណ៌​របស់​ក្រុមហ៊ុន​ចិន​មាន​បិទ​ផ្ទាំង ដែល​មាន​សរសេរ​អក្សរ​ធំៗ “គ្រាប់ពូជ​ចិន” គឺមានន័យ​ស៊ីគ្នា នឹង “ដីនៃ​ក្តីសង្ឃឹម”។ នៅក្នុង​ផ្ទះពិព័រណ៌​មួយនេះ គេ​ឃើញ ពី​ភាពស្វាហាប់ និង​គំនិត​ច្នៃប្រឌិត បង្កើតថ្មី​របស់​ក្រុមហ៊ុន​ចិន។ តាម​លោក​ហួង យៅឆេង ប្រធាន​របស់​ផ្ទះពិព័រណ៌​របស់​ក្រុមហ៊ុន Chine Entreprise Chine Entreprise​ចង់​ដើរតួនាទី​ជា​ស្ពាន ដែល​ជា​កន្លែង​ដើរបញ្ជ្រួស​គ្នា​រវាង​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​អឺរ៉ុប។

តាម​លោកហួង យៅឆេង សារ​ដែល​មាន​ឈ្មោះ​ថា គ្រាប់ពូជ​ចិន ចង់​សំដៅ​ទៅ​ក្រុមហ៊ុន​ចិន ដែល​ចិន​ចង់​ព្រួស នៅ​គ្រប់​កន្លែង ក្នុង​ពិភពលោក។ “យើង​ចង់​លើកទឹកចិត្ត​ក្រុមហ៊ុន​ចិន​ឲ្យ​ចេញ​ទៅមើល​ខាងក្រៅ ចិន ទៅមើល​ពិភពលោក។ ជាមួយគ្នានោះ យើង​នៅ​តែ​រក្សា​គោលការណ៍ ថែរក្សា​ការពារ​បរិស្ថាន និង​សន្តិសុខ​ស្បៀង​អាហារ”។ លោក​ហួង យៅឆេង​បាន​លើកឡើង​ពី​គ្រាប់​អង្ករ​កូនកាត់ ដែល​បង្កើត​ឡើង​ដោយ​អ្នកវិទ្យាសាស្រ្ត​ចិន លោក​យួន ឡុងពីង។ អង្ករកូនកាត់​របស់​ចិន នឹង​អាច​ធ្វើ​ឲ្យ​កសិករ​ផលិត​បាន​ច្រើន និង​ចំណាយ​ទុន​តិច បើប្រៀបធៀប​នឹង​អង្ករ​ធម្មតា។

លោក​ហួង យៅឆេង​ធ្លាប់​បាន​ចូលរួម​នៅក្នុង​ពិព័រណ៌​សកល​សៀងហៃ ឆ្នាំ ២០១០។ ចំណុច​ខុសប្លែក​ដែល​លោក​សង្កេត​ឃើញ នៅក្នុង​ពិព័រណ៌​សកល​មីឡង់ ឆ្នាំ ២០១៥​នេះ គឺ គ្រប់ប្រទេស មិនថា តូច ឬ​ធំ​បាន​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត ប្លែកថ្មីៗ។ កាហ្សាក់ស្ថាន វេណេស៊ុយអេឡា ឬ​អារ៉ាប៊ី សាអូឌីត​បាន​បង្ហាញ​ស្នាដៃ​របស់ខ្លួន ដោយ​ប្រើ​កម្មវិធី​វីដេអូ 3D ចំណែក​អាល្លឺម៉ង់ អ៊ីតាលី និង​ជប៉ុន​មាន​ផ្ទះពិព័រណ៌​ដែល​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​បរិស្ថាន។

ដោយ​ប្រៀបធៀប​ទៅ​នឹង​ពិព័រណ៌​សកល សៀងហៃ ឆ្នាំ ២០១០ លោក​ហួង មិន​អាច​ទប់ចិត្ត​នឹង​កោតសរសើរ​របៀប​រៀបចំ​របស់​អ៊ីតាលី ម្ចាស់ផ្ទះ ជាពិសេស​ផ្នែក​សន្តិសុខ ដែល​ត្រូវ​បាន​គេ​ធានា​យ៉ាង​មាន​ប្រសិទ្ធិភាព និង​ស្ងៀមស្ងាត់​មិនចេញមុខ គឺ​ខុសស្រឡះ​ពី​ពិព័រណ៌​សកល សៀងហៃ​ដែល​ថប់ ដង្ហើម ដោយសារ​តែ​ការយាមតឹងតែង ឆ្វាត់ឆ្វែង​របស់​ប៉ូលិស​ចិន។ “នៅទីនេះ ប្រទេស​ម្ចាស់​ផ្ទះ​បាន​រៀបចំ​យ៉ាងល្អ។ ខ្ញុំ​មាន​អារម្មណ៍​ថា អ្វី​ត្រូវ​បាន​ចាត់ចែង​យ៉ាង​មាន​សណ្តាប់ធ្នាប់ ដោយ​មិន​ឲ្យ​អ្នកចូល​ទស្សនា​មាន​អារម្មណ៍ ពួកគេ​កំពុង​ស្ថិតនៅក្រោម​ការការពារ​ដូច​នៅក្នុង​ជំរំ​ទ័ព​នោះទេ។ នេះ​ជាឧទាហរណ៍មួយ ដែល​ប្រទេស​អ្នករៀបចំ​ក្រោយៗ​ត្រូវ​យក​ទៅ​គិតគូរ ធ្វើតាម”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ