អានតួអត្ថបទ
ភូមា

អង្គការអ៊ីស្លាមនៅអាមេរិក ដាក់ពាក្យប្តឹង លោកប្រធានាធិបតីភូមា ថេន សេន ពីបទប្រល័យពូជសាសន៍

អង្គការ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម ជាង ២០ នៅ​អាមេរិក នៅ​សប្តាហ៍​កន្លងទៅ បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង​លោកប្រធានាធិបតី ភូមា ថេនសេន និង​មន្រ្តី​រដ្ឋាភិបាល​ភូមា ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា។ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ភូមា កាលពីថ្ងៃ​ចន្ទ បាន​ចាត់ទុក ពាក្យ​បណ្តឹង​ថា គ្មានន័យ និង​គ្មាន​សារៈសំខាន់ ដែល​រដ្ឋាភិបាល​ភូមា ត្រូវ​យកចិត្ត​ទុកដាក់នោះទេ។ 

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កាន់​សាសនា​អ៊ីស្លាម
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កាន់​សាសនា​អ៊ីស្លាម REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

"ភូមា​មិន​ស្ថិតនៅក្រោម​ចំណុះ​របស់​អាមេរិក។ ដូច្នេះ វា​គ្មាន​ហេតុផល​អ្វី ដែល​ភូមា​ត្រូវ​ទៅ​ប្រឈម​មុខ​នឹង​តុលាការ​អាមេរិក​នោះទេ"។ នេះ​បើតាម​ការអះអាង​របស់ អ្នកនាំពាក្យ​រដ្ឋាភិបាល​ភូមា កាលពី​ថ្ងៃ​ចន្ទ។

 
ប្រតិកម្ម​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ភូមា ធ្វើឡើង បន្ទាប់ពី អង្គការ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម នៅ​សហរដ្ឋអាមេរិក បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង​លោក​ថេនសេន ប្រធានាធិបតី​ភូមា និង​រដ្ឋមន្រ្តី​មួយចំនួន របស់​រដ្ឋាភិបាល​ទៅ តុលាការ សហព័ន្ធ នៅ​ទីក្រុង​ញូវយ៉ក។ ពាក្យ​បណ្តឹង​នេះ​ធ្វើឡើង នៅក្រោម​ច្បាប់​អាមេរិកាំង Alien Tort Statute ដែល​ធ្លាប់​អនុញ្ញាត បើកផ្លូវ​ឲ្យ​ជនជាតិ​អាមេរិកាំង ដើមកំណើត​បរទេស មាន​សិទ្ធិ​ទាមទារ​សំណង​ជម្ងឺចិត្ត ដោយសារ​ការរំលោភ​សិទ្ធិមនុស្ស ដែល​ធ្វើនៅ​ក្រៅ​ទឹកដី​អាមេរិក។

នៅក្នុង​ពាក្យ​បណ្តឹង​របស់​ក្រុមអង្គការ​អ៊ីស្លាម ដែលនៅក្នុង​នោះ​មាន​ផងដែរ សមាគម​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​បាន​ភៀសខ្លួន ទៅ​រស់នៅ​អាមេរិក គេ​បាន​សរសេរ​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា​ត្រូវ​គេ​ស្អប់ រើសអើង ​និង​រង​ការវាយប្រហារ ពី​ក្រុមពុទ្ធ​សាសនិក ដែល​ទទួល​ការគាំទ្រ បើកដៃ​ពី​រដ្ឋាភិបាល​ភូមា។ អ្នកដាក់ពាក្យ​បណ្តឹង​ខ្លះ​និយាយ​ថា ពួកគេ ឬ​សាច់ញាតិ​ធ្លាប់​ប្រឈម​នឹង​ការសម្លាប់ ប្រល័យពូជសាសន៍ រងទារុណកម្ម ការចាប់ដាក់គុក ដោយ​គ្មានការជំនុំជម្រះ និង​ការមើលងាយ បន្ថោក​បង្អាប់ ពី​មន្រ្តី​ភូមា។

តាម​មេធាវី របស់​ក្រុមសមាគម​អ្នកកាន់​សាសនា​អ៊ីស្លាម ពាក្យ​បណ្តឹង​បាន​ទៅ​ដល់​ការិយាល័យ​របស់​ចៅក្រម របស់​តុលាការ​សហព័ន្ធ ក្នុង​ក្រុង​ញូវយ៉ក​រួចហើយ ប៉ុន្តែ ចៅក្រម​នៅ​មិនទាន់​បាន​កោះហៅ ចុងចម្លើយ នៅ​ឡើយ។ តាម​មេធាវី​របស់​ដើមបណ្តឹង លោក​ប្រធានាធិបតី​ថេន សេន នឹង​មាន​ពេល​២១​ថ្ងៃ ដើម្បី​ឆ្លើយតប វិញ គឺ​ចាប់ពី​ថ្ងៃ​ដែល​លោក​ទទួល​ដីការ​របស់​តុលាការ​អាមេរិក។

គេ​មិន​ដឹងថា តើ​ពាក្យ​ប្តឹងផ្តល់​មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​ដែរឬ​យ៉ាងណានោះទេ ប៉ុន្តែ ពាក្យ​បណ្តឹង ប្តឹង​លោក​ថេន សេន ប្រមុខ​រដ្ឋាភិបាល​ភូមា ធ្វើឡើង នៅ​តែ​ជាង​មួយខែ​មុន​ដែល​ភូមា ត្រូវ​រៀបចំ​ការបោះឆ្នោត ជាតិ ដែល​គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ត្រូវ​គេ​មើលឃើញថា នឹង​ទទួល​ជ័យជំនះ លើ​គណបក្ស​កាន់អំណាច​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ