អាហ្វហ្កានីស្ថាន៖តាលីបង់និយាយថា មិនបានដោះដូរព័ត៌មានជាមួយរុស្ស៊ីទេ
នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចលនាឧទ្ទាមតាលីបង់បានបញ្ចេញប្រតិកម្មច្រានចោលលើព័ត៌មានដែលថ្លែងដោយមន្រ្តីជាន់ខ្ពស់រុស្ស៊ីម្នាក់ដែលថា ខ្លួនបានចរចា និងដោះដូរព័ត៌មានជាមួយប្រទេសរុស្ស៊ីទាក់ទងនឹងសត្រូវរួម គឺអង្គការរដ្ឋអ៊ីស្លាម។ អង្គការរដ្ឋអ៊ីស្លាមដែលសកម្មជនវាកំពុងមានវត្តមានកាន់តែច្រើនឡើងៗនៅក្នុងទឹកដីអាហ្វហ្កានីស្ថាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
អ្វីៗបានថ្លែងឡើងដោយលោក Zamir Kaboulov កាលពីថ្ងៃពុធ ទី២៣ ធ្នូដែលថា ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមដែលជាពួកស៊ុយនីតនិយមជ្រុល គឺជាសត្រូវរួមរបស់រស្ស៊ី និងចលនាឧទ្ទាមតាលីបង់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងថា វាចៃដន្យអ្វីដែលរុស្ស៊ី និងតាលីបង់មានកម្មវត្ថុរួមដូចគ្នា។ ក្នុងនាមជាអ្នកតំណាងពិសេសរបស់វិមានក្រិមឡាំងទទួលបន្ទុកសំណុំរឿងអាហ្វហ្កានីស្ថាន លោក Zamir Kaboulov បានរម្លឹកជាថ្មីថា រុស្ស៊ី និងចលនាឧទ្ទាមតាលីបង់មានបណ្តាញទូរស័ព្ទសម្រាប់ដោះដូរព័ត៌មានរវាងគ្នា។
ជាចម្លើយតបវិញ ចលនាឧទ្ទាមតាលីបង់បានចុះផ្សាយសារមួយនៅលើគេហទំព័រកាលពីថ្ងៃសុក្រ ទី២៥ ធ្នូដែលថា ខ្លួនមិនដែលត្រូវការជំនួយពីនរណាម្នាក់ក្នុងរឿងអ្វីទេ សូម្បីតែរឿងអង្គការរដ្ឋអ៊ីស្លាមក៏គ្មានដែរ។ នៅក្នុងសារដដែល ពួកតាលីបង់បានបន្ថែមថា ពួកគេមិនដែលទាក់ទង ហើយក៏ត្រូវការមានទំនាក់ទំនងជាមួយនរណាម្នាក់ដើម្បីនិយាយពីរឿងអ្វីទេ។ គួររម្លឹកជូនថា របបតាលីបង់ត្រូវបានអាមេរិកផ្តួលរំលំក្នុងឆ្នាំ ២០០១ និងដែលតាំងពីពេលនោះមក ចលនាមួយបានប្រមូលផ្តុំនៅតំបន់ប៉ែកកើតប្រទេស រួចបន្តការតស៊ូប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន។
តែតាំងពីដើមឆ្នាំ ២០១៥ នេះមក មានយុទ្ធជនតាលីបង់ជាច្រើនបានប្រកាសតាំងខ្លួនជាពួកជីហាតរបស់អង្គការរដ្ឋអ៊ីស្លាម ពិសេសពួកដែលមិនសប្បាយចិត្តនឹងថ្នាក់ដឹកនាំថ្មី បន្ទាប់ពីមរណៈភាពមេកើយ Mollah Omar ក្នុងឆ្នាំ ២០១៣។ ចលនាតាលីបង់បានប្រកាសទទួលស្គាល់ពីវត្តមានសកម្មជនអង្គការរដ្ឋអ៊ីស្លាមក្នុងទឹកដីអាហ្វហ្កានីស្ថាន តែបានអះអាងថា ពួកនេះមានចំនួនតិចតួចនៅក្នុងតំបន់តូចមួយនៃខេត្តមួយក្នុងចំណោមខេត្តទាំង ៣៤ នៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន និងថា នេះមិនមែនជាក្តីកង្វល់របស់តាលីបង់ទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ