អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ៖ គ្មាន​ផែន​ការ​ប្តឹង​រំលាយ​គណបក្ស​ភ្លើង​ទៀន និង​សិទ្ធិ​មនុស្ស​ទេ

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក​ខៀវ សុភ័ក្រ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ក្រសួង​មហា​ផ្ទៃ​មិន​មាន​ផែន​ការ​រហូត​ដល់​ការ​ប្តឹង​រំលាយ​គណបក្ស​ពីរ​ទៀត ដែល​ជា​អ្នក​ផ្តើម​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ​។ ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ គឺ​ស្រប​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​តែ​រង​បណ្តឹង​រំលាយ​នៅ​ឯតុលាការ​កំពូល។

លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី២១ ខែ​តុលា​នេះ​ ថា​លោក​មិន​ទាន់​ឃើញ​គណបក្ស​ភ្លើង​ទៀន ដែល​ពី​មុន​គឺ​ជា​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​ជាប់​ពិរុទ្ធ​អ្វី ដែល​អាច​ឈាន​ទៅ​រក​ការ​ប្តឹង​រំលាយបក្ស​ទាំង​ពីរ​នេះ​ទេ ទោះ​បី​ជា​អតីត​ប្រធាន​គណបក្ស​ទាំង​ពីរ​នេះ​កំពុង​មាន​ទោស​ក៏​ដោយ។

សូម​ជម្រាប​ជូនថា ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃទី៦ ខែ​តុលា បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​យោង​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​គណបក្ស​ពីរ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក​ពេជ្រ ស្រស់៕

លោក​បណ្ឌិត​មាស នី អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា​ប្រសិន​បើ​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ​មែន​នោះ មន្ត្រី​គណបក្ស​ដែល​រំលាយ​នោះ គួរ​តែ​រួម​គ្នា​ចូល​ទៅ​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សិទ្ធិ​មនុស្ស ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

លោក​ទាវ វណ្ណុល ជា​ប្រធាន​គណបក្ស​ភ្លើងទៀន ដែល​ទើប​តែ​ធ្វើ​សមាជ​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សមរង្ស៊ី​នាពេល​ថ្មីៗ​នេះ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី២១ ខែ​តុលា​នេះ​ថា គណបក្ស​ភ្លើង​ទៀន​មិន​មាន​ផែន​ការ​ថ្មី​ទេ ក្នុង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​ណា​មួយ ដើម្បី​ជំនួស​គណបក្ស​សង្រ្គោះ​ជាតិ ដែល​អាច​នឹង​ត្រូវ​រំលាយ​នា​ពេល​ខាង​មុខ​នេះ​ទេ។

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ថ្លែង​ថា​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់៤ ដោយ​រដ្ឋសភា និង​ព្រឹទ្ធ​សភា កន្លង​ទៅ​នេះ គឺ​ខុស​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ជំពូក​ទី៥១​របស់​ប្រទេស​កម្ពុជា​។ លោក​ទាវ វណ្ណុល​បង្ហាញ​ជំនឿ​ថា​ព្រះ​មហាក្សត្រ​កម្ពុជា​នឹង​មិន​ឡាយ​ព្រះហស្ថលេខា​លើ​វិសោធនកម្ម​ច្បាប់ទាំង៤នេះទេ ព្រោះជា​ច្បាប់​ដែល​អាច​ឈាន​ទៅ​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​។

សូម​បញ្ជាក់​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ធ្វើ​ឡើង​ខណៈ​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​កំពុង​រង​បណ្តឹង​រំលាយ​នៅ​ឯតុលាការ​កំពូល ហើយ​ប្រធាន​គណបក្ស​លោក​កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ឯ​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ