អានតួអត្ថបទ
កម្ពុជា

គណបក្ស​​សង្គ្រោះ​ជាតិ​ រម្លឹក​​ខួប​ ថ្ងៃ​១៧​មេសា ​

ដូច​រៀងរាល់ឆ្នាំ​ដែរ នៅ​ថ្ងៃទី១៧មេសា គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​រៀបចំ​ពិធី​ជួបជុំ រម្លឹក​ខួប​ថ្ងៃ១៧មេសា ថ្ងៃ​ដែល​ខ្មែរក្រហម ឡើងកាន់​អំណាច នាំ​ដល់​ការកាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត ២ លាន​នាក់។ ពិធី​ជួបជុំ រម្លឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​អយុត្តិធម៌ ក្នុង​របប​ខ្មែរក្រហម នៅ​ឆ្នាំនេះ ក្រៅពី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ចងចាំ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​របប​ប្រល័យពូជសាសន៍​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជំរុញ​ឲ្យ​តុលាការ​ចម្រុះ អនុវត្ត​ឲ្យ​បាន​ពេញលេញ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

លោក​សម រង្ស៊ី ថ្លែងតាម​ Video Conference ក្នុង​ពិធី​បង្សុកូល​រម្លឹក​វិញ្ញានក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហមនាពេល​កន្លង​មក​
លោក​សម រង្ស៊ី ថ្លែងតាម​ Video Conference ក្នុង​ពិធី​បង្សុកូល​រម្លឹក​វិញ្ញានក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហមនាពេល​កន្លង​មក​ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ១៧មេសា ១៩៧៥-ថ្ងៃ១៧មេសា ២០១៥ ជា​ខួប ៤០ ឆ្នាំ ថ្ងៃ​ខ្មែរក្រហម ឡើងកាន់​អំណាច។ គឺ​អំឡុង ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ដែល​របប​អាវខ្មៅ ឡើងកាន់​អំណាច បាន​អនុវត្ត​នយោបាយ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ជិត ២ លាន​នាក់ ត្រូវបាន​សម្លាប់ និង​ស្លាប់​ដោយ​អត់​អាហារ ព្រមទាំង​ធ្វើការ​ធ្ងន់ ជាដើម។

នៅ​ថ្ងៃ១៧មេសា ឆ្នាំនេះ គណបក្ស​សង្គ្រោះ​ជាតិ បន្ត​រៀបចំ​ពិធី​ជួបជុំ ដូច​រៀងរាល់ឆ្នាំ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ​ប្រារព្ធ​ពិធី នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ជាយ​រាជធានី​ភ្នំពេញ។ ជើងឯក ជា​កន្លែង​សម្លាប់​អ្នកទោស ដឹក​ចេញពី​គុក​ទួលស្លែង ក្នុង​ជំនាន់​ខ្មែរក្រហម។

តាម​គម្រោង លោក​សមរង្ស៊ី លោក​កឹម​សុខា ប្រធាន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ចូលរួម​ពិធី​ជួបជុំ ជាមួយនឹង​លោក​គង់​គាំ ប្រធាន​គណបក្ស​សមរ​ង្ស៊ី និង​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ព្រមទាំង​សកម្មជន​ជាច្រើន​ផ្សេងទៀត។

លោក ហូរ វ៉ាន់ អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំរាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ពិធី​ជួបជុំ នៅ​ថ្ងៃ១៧មេសា នៅ​ជើងឯក ក្រៅតែពី​រំលឹក​វិញ្ញាណក្ខន្ធ​ជន​ស្លត​ត្រង់ ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌​បំផុត ក្នុង​របប​ខ្មែរក្រហម ពិសេស​អ្នកទោស នៅ​ទួលស្លែង ពិធី​ជួបជុំ ដែល​តែងតែ​ធ្វើ​ដូច​រាល់​ឆ្នាំ​នោះ ក៏​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ផ្តល់​តម្លៃ​ដល់​ជីវិត​មនុស្ស មិនត្រូវ​សម្លាប់​មនុស្ស ដូច​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម​ឡើយ។

តាម​លោក ហូរ​វ៉ាន់ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ផ្ញើ​សារ​ដដែល​ដូច​រាល់​ឆ្នាំ អំពាវនាវ​ឲ្យ​តុលាការ​ចម្រុះ បង្កើតឡើង​រវាង​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ឲ្យ​បាន​ពេញលេញ ដើម្បី​កាត់ទោស​អតីត​មេ​ខ្មែរក្រហម ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

និយាយ​ពី​ការកាត់ទោស​អតីត​មេ​ខ្មែរក្រហម សព្វថ្ងៃ តុលាការ​ចម្រុះ កំពុងដំណើរការ​រឿងក្តី​សំណុំរឿង០០២ វគ្គ២ ដែលជា​ការជំនុំជម្រះ​លើ​អតីត​មេ​ខ្មែរក្រហម​កំពូល​ចាស់ជរា នួន​ជា និង​ខៀវ​សំផន ក្រោយពី​សម្រេច​ដាក់ទោស​លើ​កាំ​ង​ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អតីត​មេ​គុក​ទួលស្លែង​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត។ ភាគី​អន្តរជាតិ កំពុងដំណើរការ​លើ​សំណុំរឿង០០៣ និង០០៤ ដើម្បី​ពង្រីក​ការកាត់ទោស​លើ​អតីត​មេ​ខ្មែរក្រហម តាម​តំបន់ ៥ នាក់​ផ្សេងទៀត។ តែ​ភាគី​កម្ពុជា និង​រដ្ឋាភិបាល មិន​ឯកភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ