អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីត​តំណាង​រាស្ត្រ CNRP គ្រោង​ប្រមូល​ស្នាម​មេ​ដៃ​ពី​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ថ្វាយ​ព្រះ​មហាក្សត្រ

គិត​មក​ដល់​ពេល​នេះ តុលាការ​កំពូល​មិន​ទាន់​មាន​សេចក្ដី​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ ជុំវិញ​បណ្ដឹង​សើ​រើ​ជា​លើក​ទី​២​ របស់​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ។ម្ចាស់​បណ្ដឹង​បាន​បង្ហើប​ពី​លទ្ធភាព​ដែល​ធ្វើ​បន្ត គឺ​នឹង​ប្រមូល​ស្នាម​មេ​ដៃ ពី​អតីត​សមាជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ការ​ប្រមូល​ស្នាម​មេដៃ នឹង​ផ្ដើម​អនុវត្ត​ក្នុង​ករណី​ដែល​តុលាការ​កំពូល​បន្ត​បដិសេធ ចំពោះ​បណ្ដឹង​សើ​រើ​ជា​លើក​ទី​២ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ថ្ងៃ​ទី​២៨​ខែ​ធ្នូ ឆ្នាំ​២០១៧។ ក្នុង​នោះ គេ​នឹង​ប្រមូល​យក​ស្នាម​មេដៃ​របស់​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​ប្ដឹង​ជា​លើក​ទី​៣ ទៅ​កាន់​តុលាការ​កំពូល​ក្នុង​នាម​ជា​ជន​រង​គ្រោះ។ លទ្ធភាព​ចុង​ក្រោយ ប្រសិន​បើ​តុលាការ​នៅ​តែ​បដិសេធ ស្នាម​មេដៃ​របស់​អតីត​សមាជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ដាក់​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ ដើម្បី​សុំ​ព្រះ​រាជ​អន្តរាគមន៍។ ​នេះ​បើ​តាម​ការ​អះអាង អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ជា​ម្ចាស់​ពាក្យ​បណ្ដឹង។

បើ​តាម​គម្រោង សំណើ​សុំ​ព្រះ​រាជ​អន្តរាគមន៍​ទៅ​ព្រះ​មហាក្សត្រ ធ្វើ​ឡើង​ក្នុង​គោល​បំណង​តែ​មួយ​ដូច​ដាក់​ជូន​ទៅ​តុលាការ​ដែរ​គឺ ដើម្បី​សុំ​សិទ្ធិ​ការពារ​ខ្លួន​ចំពោះ​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ។

តែ​យ៉ាង​ណា​ក៏​ដោយ​ ការ​អះ​អាង​របស់​លោក អ៊ូ ច័ន្ទរ័ត្ន ​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​នឹង​អនុវត្ត​បន្ត​នា​ពេល​ខាង​មុខ​តែ​ប៉ុណ្ណោះ។ តែ​ពេល​នេះ លោក អ៊ូ ច័ន្ទរ័ត្ន រង់​ចាំ​មើល​ការ​វិវត្ត​នៃ​ពាក្យ​បណ្ដឹង​សិន​ដោយ​បន្ត​លើក​ឡើង​ថា វា​គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​សង្គម​កម្ពុជា ក្នុង​ករណី​ដែល​តុលាការ​កំពូល​មិន​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​សើ​រើ​ជា​លើក​ទី​២ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​បាន​រង​គ្រោះ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

គួរ​រម្លឹក​ឡើង​វិញ​ថា ខ្លឹមសារ​នៃ​បណ្ដឹង​របស់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រួម​មាន ស្នើ​ឲ្យ​ជំនុំ​ជំរះ​ជាថ្មី​ទាក់​ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចេញ​ដីកា​រក្សា​ការពារ​លើ សមាជិក​ក្រុម​ប្រឹក្សា រាជធានី​ខេត្ត ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់​ ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង លោក កឹម សុខា។

ចុង​ក្រោយ ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​អតីត​តំណាង​រាស្ត្រ​១១៨​រូប ។​ ទាក់​ទង​ចំណុច​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ធ្លាប់​ព្រមាន​អំពី​ការ​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ​ទៀត បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​មើល​ឃើញ​ថា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ធ្វើ​សកម្មភាព​ល្មើស​ច្បាប់។ តែ លោក អ៊ូ ច័ន្ទរ័ត្ន ចាត់​ទុក​ការ​ព្រមាន​នេះ​ថា គ្រាន់​តែ​ជា​រឿង​ចង់​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ។ ហ៊ាន​ថា ដូច្នេះ​លោក​សំដៅ​ដល់​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​ទៅ​អ្នក​ក្រៅ​ប្រទេស​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ