អានតួអត្ថបទ
កម្ពុជា

បើ​រដ្ឋាភិបាល​ស្នើឲ្យ​​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ប្រគេន​​ព្រះ​សង្ឃ ​​មហា​សន្និបាត​សង្ឃ​លើក​ទី​​២៥​​នឹង​​សម្រេច​​​

នៅ​ថ្ងៃពុធនេះ សមាជិក​ថេរ​សភា​សង្ឃ និង​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់ បាន​​ប្រាប់​វិទ្យុ​​បារាំង​ RFI​ ថា​ ប្រសិន​​បើ​​ជាមាន​ការ​តម្រូវ ឬ​ក៏​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល, អនុសំវច្ចរៈ​មហា​សន្និបាត​លើកទី​២៥ ​ដែល​​​រៀបចំ​នៅ​ចុងខែមករា​​នេះ នឹង​សម្រេច​​ឲ្យ​ព្រះ​សង្ឃ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​​។ ការ​ឲ្យ​ដឹង​ដូច្នេះ​​ គឺ​បន្ទាប់​ពីគណៈកម្មាការ​ទី​៧​របស់​រដ្ឋ​សភា ស្នើ​ឲ្យ​ពិចារណា​ពីការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​​ប្រគេន​​ព្រះសង្ឃ នៅក្នុង​កិច្ច​ប្រជុំ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ ពីម្សិលមិញ​។

អនុសំវច្ចរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៤ ប្រារព្ធ​នៅ​សាលមហោស្រពចតុមុខ​។
អនុសំវច្ចរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៤ ប្រារព្ធ​នៅ​សាលមហោស្រពចតុមុខ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សមាជិក​ថេរ​សភា​សង្ឃ​ គឺ​សម្តេច​ឧត្តម​ចរិយា ​ឆឹង​ ប៊ុន​ឈា ដែល​ជា​អគ្គនាយក​រង​ពុទ្ធិក​សិក្សា​​គណៈ​មហា​និកាយ  មាន​ថេរដីកាប្រាប់​វិទ្យុ​បារាំង​ថា បើមាន​ការ​តម្រូវ​របស់​រដ្ឋសភា និង​របស់​រដ្ឋាភិបាល​ ជាផ្លូវការ​ ឲ្យ​ធ្វើ​អត្ត​សញ្ញាណបណ្ណ​សម្រាប់​ព្រះសង្ឃ​ទូទាំង​ប្រទេស​ គឺ​ទ្រង់​គ្មាន​​មាន​ការ​ជំទាស់អ្វី​នោះទេ។ ព្រះចៅអធិការ​វត្ត​ស្រះ​ចក ​​ឆឹង​ ប៊ុន​ឈា យល់​ឃើញ​ទៀត​ថា ​​បើ​ធ្វើ​អត្ត​សញ្ញាណបណ្ណ ទទួល​ស្គាល់​ភេទ​អ្នក​បួស ថាបាន​​កើត​នៅលើ​ទឹក​ដីនេះនិង​មានសញ្ជាតិ​​ខ្មែរ​ដែរនោះ​ គឺគ្មាន​ការខុស​ឆ្គង​ទៅ​នឹង​ធម្មវិន័យ​អ្វី​ទេ។​

 
ទន្ទឹមនេះ ព្រះ​ញ្ញាណ​វង្ស​ ឃឹម សន ​ជា​ព្រះ​មេគណរាជធានីភ្នំពេញ ក៏បាន​​យល់​ស្រប​ដូច្នេះ​ដែរ។  ​មន្ត្រី​សង្ឃជាន់​ខ្ពស់អង្គ​នេះ មាន​សង្ឃ​ដីកា​បញ្ជាក់ថា បើមាន​ការ​ស្នើ​សុំ​ដោយ​​រដ្ឋយ៉ាង​ដូច្នេះ​ នោះគឺ​​អនុសំវច្ចរៈ​មហាសន្និបាត លើកទី​២៥ ​ប្រជុំ​មន្ត្រី​សង្ឃទូទាំង​ប្រទេស ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៣០ - ៣១ចុង​ខែ​មករា​នេះ​ នឹង​សម្រេច​ទៅ​លើករណី​នេះតែម្តង​។

សូម​បញ្ជាក់ថា សព្វថ្ងៃនេះ ព្រះ​សង្ឃ​នៅទូទាំង​ប្រទេស​​ក្នុង​ស្រុក​ខ្មែរ មាន​ចំនួន​ជាង​៥ម៉ឺន​នាក់ តែ​គ្មាន​អត្ត​សញ្ញាណបណ្ណ​នោះទេ។ គឺ​​មាន​តែ​បណ្ណ​សម្គាល់​ភេទ​អ្នក​បួស​ នោះ​គឺ ព្រះ​ឆាយា សម្រាប់​ព្រះភិក្ខុ ហើយ​សង្ឈដីកា សម្រាប់​សម​ណេរ។ ​

ចំណែក​ព្រះ​តេជគុណ​ ប៊ុត ប៊ុនតិញ អតីត​ស្ថាបនិក​​បណ្តាញ​​ព្រះ​សង្ឃ​​ឯករាជ្យ មាន​ថេរដីកាថា ​ព្រះ​សង្ឃ ដែល​កើត​លើទឹក​ដី​ខ្មែរ ​​ជា​ជន​ជាតិ​ខ្មែរ ដូច្នេះព្រះ​សង្ឃក៏ត្រូវ​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅដែរ។

តាម​ការ​សង្កេត​របស់​ព្រះ​អង្គ ប៊ុត ប៊ុនតិញ, ដោយសារ​តែ​ព្រះសង្ឃ​​គ្មាន​អត្ថសញ្ញាណ​បណ្ណ​ និង​ឯកសារ​សម្គាល់​ខ្លួន​ត្រឹម​ត្រូវ​នោះហើយ ទើប​លំបាក​ នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ ​គ.ជ.ប. បញ្ជាក់ថា ក្នុង​ចំណោម​ព្រះ​សង្ឃទាំង​៥ម៉ឺន​អង្គ គឺមាន​​ព្រះ​សង្ឃ​ តែ​ជាង​៨ ៨០០អង្គ តែប៉ុណ្ណោះ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ