អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ចាត់​វិធានការ​បុគ្គល​ណា​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៧​ឧសភា​នេះ​ថា ខ្លួន​បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ចាត់​វិធានការ​លើ​បុគ្គល​ណា ដែល​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​​២៩ ខែ​កក្កដា​ខាង​មុខ។ ការ​ស្នើ​របស់ គ.ជ.ប ទៅ​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ក្រៅ​ប្រទេស មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត។

លោកទេព នីថា អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត
លោកទេព នីថា អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត RFI/Pen Bona
ផ្សាយពាណិជ្ជកម្ម

ការ​ប្រើ​ប្រាស់​វិធានការណ៍​ច្បាប់​ចំពោះ​បុគ្គល​ណា ដែល​ប្រាប់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ។ ខ្លឹមសារ​នៃ​មាត្រា​នេះ​បញ្ញត្តិ​ថា ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិកា​ក្នុង​ការ​បោះ​ឆ្នោត តាម​រយៈ​ចេតនា​ជំរុញ​ឲ្យ​មាន​ការ​ចែក​ខិត​ប័ណ្ណ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ។ នេះ​បើ​តាម​លោក ឌឹម សុវណ្ណរុំ​ អ្នក​នាំ​ពាក្យ​គ.ជ.ប។

មួយ​ផ្នែក​នៃ​វិធានការណ៍​នេះ បើ​តាម លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​គូស​បញ្ជាក់​ថា ធ្វើ​ឡើង​ផ្អែក​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែរ។ ទោះ​ជា លោក​ទេព នីថា មិន​បាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​ទេ​ថា វិធានការណ៍​នេះ​អនុវត្ត​ចំពោះ​បុគ្គល​ណា ប៉ុន្តែ​គេ​អាច​សន្មត់​បាន​ថា វិធានការណ៍​នេះ​សំដៅ​ទៅ​លើ​លោក​សម រង្ស៊ី ដែល​ធ្លាប់​លើក​ឡើង​ថា ថ្ងៃ​បោះ​ឆ្នោត​នោះ​ដេក​នៅ​ផ្ទះ​ដើម្បី​គាំទ្រ​អតីត​គណបក្ស សង្រ្គោះ​ជាតិ​ក្នុង​ចិត្ត។

គួរ​កត់​សម្គាល់​ថា ចំណាត់​ការ គ.ជ.ប ដែល​ចាត់​វិធានការណ៍​ចំពោះ​បុគ្គល​ណា​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ធ្វើ​ឡើង​ស្រប​ពេល អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​បាន​គៀង​គរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាង​មុខ​ បើ​ទោះ​បី​ជា​គ្មាន​គណបក្ស​ប្រឆាំង​ក៏​ដោយ។ យុទ្ធនាការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​រូបភាព ការ​ផ្លាស់​ប្តូរ Profile) រូប​ថត​របស់​ខ្លួន​ម្នាក់ៗ នៅ​លើ​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន។

ដោយ​ឡែក​ចំពោះ​ការ​ប្រកាស​មិន​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​ពី​សំណាក់​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) និង​អង្គការ​និចហ្វិចលោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ព្រមាន​ថា អង្គការ​ទាំង​ពីរ​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​បាន​ឡើយ។ទោះ​បី​ជា​អង្គការ​ទាំង​ពីរ​មិន​បាន​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​យ៉ាង​ណា​ក៏​ដោយ គ.ជ.ប បាន​បង្ហាញ​ជា​បឋម​ថា មាន​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​ជាង​២​ពាន់​នាក់​ហើយ ក្នុង​នោះ​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង មាន​ជា​បន្ត​បន្ទាប់​រួម​ទាំង​មន្ត្រី​ស្ថាប័ន​នានា​ផង​ដែរ ក្នុង​នោះ​មាន​ទូត​ភូមា ដែល​ពេល​នេះ​បាន​ស្នើ​សុំ​ចូល​រួម​សង្កេតការណ៍​ចំនួន​៣​នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ