អានតួអត្ថបទ
កម្ពុជា

តុលាការ​កំពូល​បិទ​សំណុំ​រឿង​លោក​អ៊ុំ សំអាន ជា​ស្ថាពរ

នៅ​ព្រឹក​ថ្ងៃ ទី ១៧ ខែ​សីហា​នេះ តុលាការ​កំពូល បាន​ប្រកាស​សាលក្រម​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន ដោយ​មិន​អនុញ្ញាត​អោយ​តំណាង​រាស្រ្ត​គណៈបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធ​នៅ​ក្រៅ​ឃុំ​ឡើយ។ គណបក្ស​ប្រឆាំង បាន​អះអាង​ថា ការ​បដិសេធ​នេះ ​គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ។រាយការណ៏ដោយ ​ប៉ោ គឹមហុក

រូបភាពចាស់៖ លោ​កអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបាន​ជាប់ខ្នោះដៃ។
រូបភាពចាស់៖ លោ​កអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបាន​ជាប់ខ្នោះដៃ។ @Sam Rainsy Page
ផ្សាយពាណិជ្ជកម្ម

តុលាការ​កំពូល​បាន​ប្រកាស​បដិសេធ​ជា​ស្ថាពរ​លើ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​អ៊ុំ សំអាន​។ ក្នុង​ការ​ប្រកាស​សាល​ក្រម​នេះ តុលាការ​កំពូល បាន​អះអាង​ថា ការ​សម្រេច​របស់ សាលា​ដំបូង​ និង​សាលា​ឧទ្ទរណ៍​រាជធានី​ភ្នំពេញ​មាន​ភាព​ត្រឹម​ត្រូវ។ ក្នុង​ការ​បន្ត​ឃុំ​ខ្លួន​នេះ តុលាការ​ផ្អែក​លើ​មាត្រា​៤៩៥ និង ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​អាច​អនុញ្ញាត​អោយ​មាន​ការ​ឃុំ​ខ្លួន​ជា​បណ្ដុះ​អាសន្ន​បាន ហើយ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​នេះ​ជា​ការ​ចាំបាច់​ ដើម្បី​បញ្ចប់​បទ​ល្មើស។ ក្រៅ​ពី​នេះ តុលាការ បាន​បដិសេធ​ពិចារណា​លើ​អភ័យ​ឯកសិទ្ធិ​របស់​លោក​អ៊ុំ សំអាន ព្រោះ​ថា ខ្លួន​មិន​មាន​យុត្ថាធិការ​នោះ​ឡើយ។ លោក ហែម សុជាតិ មេធាវីការពារ​ក្ដី​ឱ្យ​លោក អ៊ុំ សំអាន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​ប្រកាស​សាល​ក្រម​ថា​ ការ​បដិសេធ​នេះ​មិន​មាន​យុត្តិធ៌ម​សម្រាប់​កូន​ក្ដី​របស់​លោក​ឡើយ​ព្រោះ​ថា​រឿង​ក្ដី​នេះ​គ្រាន់​តែ​ជា​រឿង​មជ្ឈឹម​ប៉ុណ្ណោះ ហើយ​គ្មាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​នោះ​ទេ។

គួរ​រំលឹក​ថា លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច ចាប់​ខ្លួន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាដិ៍ និង​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ មេសាឆ្នាំ ២០១៦​បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​ផែនទី​ក្លែង​ក្លាយ​ស្ដី​ពី​ព្រំដែន កម្ពុជា វៀតណាម។ ហើយ​ការ​ប្តឹង​ជំទាស់​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន នេះ​បាន​ធ្វើ​ឡើង​ចំនួន​បី​ដង​រួច​មក​ហើយ តែ​គ្រប់​ការ​ប្ដឹង​ជំទាស់​សុទ្ធ​តែ​ត្រូវ​បាន​បដិសេធ។ ក្រោយ​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​នេះ លោក​អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ថា​ការ​បន្ត​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​ ដែល​មាន​អភ័យឯកសិទ្ធិ​សភា​នេះ គឺ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ។ ហើយ​ថា​ករណី​ទាំង​អស់​ ដែល​បាន​កើត​ឡើង​ចំពោះ លោក​សម រង្ស៊ី លោក​ហុង សុខហួរ លោក អ៊ុំ សំអាន និង​លោក​កឹម សុខា គឺ​ជា​សុទ្ធ​តែ​ជា​រឿង​នយោបាយ​ ដែល​មាន​គណបក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ បាន​លើក​ឡើង​ថា​ការ​និយាយ​ខុស ឬ​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​ខុស​នោះ គួរ​ទុក​ឱ្យ​តុលាការ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆយ​វិញ​ល្អ​ជាង៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ