អានតួអត្ថបទ
កម្ពុជា

លោក ម៉ៅ មុនីវណ្ណ​ មិន​ទទួល​ស្គាល់​ព្រំ​ដែន​កម្ពុជា​វៀតណាម​សព្វ​ថ្ងៃ

ជួប​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ បាន​សម្ដែង​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​សេចក្ដី​បំភ្លឺ​របស់​ក្រសួង​ការ​បរទេស​ដែល​ថា ពលរដ្ឋ​កម្ពុជា​បាន​ដាំ​ដំណាំ​ចូល​ដី​វៀតណាម ទើប​បណ្ដាល​ឲ្យ​វៀតណាម​ប្រតិកម្ម​បាញ់​ថ្នាំ​ពុល​បំផ្លាញ​កសិផល​​របស់​ខ្មែរ​។ ចំពោះ​លោក​ម៉ៅ មុនីវណ្ណ ​ខ្សែ​ព្រំដែន​កម្ពុជា​វៀតណាម​សព្វ​ថ្ងៃ​ គឺ​មិន​បម្រើ​ផល​ប្រយោជន៍​ខ្មែរ​ទេ​​។ និង​ថា លោក​​មិន​ទទួល​ស្គាល់​ខ្សែ​ព្រំ​ដែន​កម្ពុជា​វៀតណាម​នេះ​ឡើយ​​។

លោក​ម៉ៅ មុនីវណ្ណ ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពលរដ្ឋ​ និង​ទាហាន​វៀតណាម​បំផ្លាញ​ដំណាំ​
លោក​ម៉ៅ មុនីវណ្ណ ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពលរដ្ឋ​ និង​ទាហាន​វៀតណាម​បំផ្លាញ​ដំណាំ​ @Mao Monyvann Page
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​តប​ទៅ​នឹង​លិខិត​របស់​ប្រមុខ​ការ​ទូត​ខ្មែរ លោក ហោ ណាំហុង ផ្ញើ​ជូន លោក ហេង សំរិន ប្រធាន​សភា​កម្ពុជា តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ បាន​សម្ដែង​ភាព​ភ្ញាក់​ផ្អើល​។ ភ្ញាក់​ផ្អើល​ចំពោះ​ការ​បំភ្លឺ​របស់​ក្រសួង​ការបរទេស​ដែល​ថា ពលរដ្ឋ​កម្ពុជា​បាន​ដាំ​ដំណាំ​ចូល​ដី​វៀតណាម ទើប​បណ្ដាល​ឲ្យ​វៀតណាម​ប្រតិកម្ម​បាញ់​ថ្នាំ​ពុល​បំផ្លាញ​កសិផល​របស់​ខ្មែរ​។

បើ​តាម​លោក ម៉ៅ មុនីវណ្ណ ប្រសិន​បើ​ផ្អែក​តាម​បច្ចេកទេស​ជាក់​លាក់​នៃ​​ផែនទី​ខ្នាត​១​លើ​១​រយ​ពាន់ តែ​មួយ នោះ​ឃើញ​ថា​មាន​ភាព​ត្រឹម​ត្រូវ​ច្បាស់​លាស់ អំពី​បន្ទាត់​ព្រំដែន​និង​ទឹកដី​របស់​កម្ពុជា​។ ប៉ុន្តែ​ជាក់​ស្ដែង ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​សន្ធិសញ្ញា​នេះ បាន​ធ្វើ​ឲ្យ​សន្ធិសញ្ញា ៨២-៨៣-៨៥ រស់​ឡើង​វិញ​។ បើ​តាម​លោក ម៉ៅ មុនីវណ្ណ ​ការ​រស់​ឡើង​វិញ​នៃ​សន្ធិសញ្ញា ៨២-៨៣-៨៥ ដែល​ធ្លាប់​បាន​ត្រូវ​លុប​ចោល​ដោយ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នោះ មិន​បម្រើ​ផល​ប្រយោជន៍​កម្ពុជា​ទេ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ជា​ច្រើន​គីឡូម៉ែត្រ​ឲ្យ​ប្រទេស​វៀតណាម​​។ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​មក​ពី​គណបក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​មិន​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​ដែល​កើត​ឡើង​ដោយ​សន្ធិសញ្ញា ៨២-៨៣-៨៥​នេះ​ទេ​។

យ៉ាង​ណា​ក៏​ដោយ លិខិត​របស់​ក្រសួង​ការបរទេស មិន​បាន​លើក​ឡើង​សូម្បី​តែ​បន្តិច អំពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​សន្ធិ​សញ្ញា ៨២-៨៣-៨៥​។ បើ​តាម​លិខិត​ដដែល ការ​សិក្សា​ស្រាវជ្រាវ​រវាង​ក្រសួង​ការបរទេស និង​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន និង​អាជ្ញាធរ​ស្រុក ឃុំ និង​ភូមិ ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ផែនទី​ខ្នាត​១​លើ​១​រយ​ពាន់ SGI និង​អនុសារណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០១១។ បើ​តាម​ទឡ្ហីករណ៍​ទាំង​ពីរ​នេះ ក្រសួង​ការបរទេស​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០១៥​នេះ ពលរដ្ឋ​ខ្មែរ​បាន​ដាំ​ដំណាំ​ចូល​ដី​វៀតណាម​ចំនួន​១៦,៦​ហិចតា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វៀតណាម​ប្រតិកម្ម បាញ់​ថ្នាំ​ពុល​ដាក់​ដំណាំ​របស់​កសិករ​ខ្មែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ