អានតួអត្ថបទ

អឺរ៉ុប​រៀប​យុទ្ធសាស្ត្រ​តប​នឹង​នយោបាយ​ពាណិជ្ជកម្ម​ជាតិនិយម​របស់​លោកត្រាំ

​​ដើម្បី​​ប្រឈម​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​របស់​លោក ដូណាល់ ត្រាំ ដែល​ចង់​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ដែក​ថែប អាលុយមីញ៉ូម បរទេស​មក​សហរដ្ឋ​អាមេរិក​ គណៈកម្មការ​អឺរ៉ុប ក៏​នឹង​ចាត់​វិធានការ​ដំឡើង​ពន្ធ​​លើ​ទំនិញ​​​អាមេរិក​មួយ​ចំនួននាំ​ចូល​មក​អឺរ៉ុប​​វិញ​ដែរ។ ​នៅ​ថ្ងៃ​ពុធនេះ ​​​គណៈកម្មការ​អឺរ៉ុប​ បាន​បង្ហាញយុទ្ធសាស្ត្រ​គោល​ សំដៅ​វាយ​ប្រហារ​តប​វិញ​លើ​​ផលិតផលអាមេរិក​​មួយ​ចំនួន​ដូច​ជា​ ខោ​ខូវបយ ប៊័រ​សណ្តែក​ដី ទឹក​ក្រូច ឬ​ស្រា។

លោកស្រី​ស្នងការ​ពាណិជ្ជកម្មអឺរ៉ុប​Cecilia Malmström បង្ហាញ​វិធានការ​តប​អាមេរិក​ ពី​ទីក្រុង​ព្រុចសែល ថ្ងៃទី ៧មីនា ២០១៨
លោកស្រី​ស្នងការ​ពាណិជ្ជកម្មអឺរ៉ុប​Cecilia Malmström បង្ហាញ​វិធានការ​តប​អាមេរិក​ ពី​ទីក្រុង​ព្រុចសែល ថ្ងៃទី ៧មីនា ២០១៨ REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្មគ្មាន​ទេ​អ្នក​ឈ្នះ ! នេះបើ​តាម​ប្រសាសន៍​របស់​លោកស្រី​​​ស្នងការ​ទទួលបន្ទុក​​ពាណិជ្ជកម្ម​អឺរ៉ុប​ Cécilia Malmström ដែល​បន្ត​សង្ឃឹម​ជា​និច្ច​ថាអឺរ៉ុប នឹងមិន​ជាប់​ក្នុង​វិធានការ​ដំឡើង​ពន្ធ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូមរបស់់អាមេរិក​ទេ។

កាលពី​សប្តាហ៍​មុន​ ​លោក​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​នាំ​ចូល​ដែកថែប ​២៥% និង​អាលុយមីញ៉ូម​១០%។ លោក​ត្រាំ​បញ្ជាក់​ជា​ថ្មី​បំណង​ដំឡើង​ពន្ធ​លោហៈ​នេះ ​នៅ​ថ្ងៃអង្គារ​ទី ៦​មីនា ដោយ​ថែម​ទាំង​បាន​បន្ទោស​សហភាព​អឺរ៉ុប​ ថាយក​ចំណេញ​លើ​អាមេរិក​ក្នុង​វិស័យ​ពាណិជ្ជកម្មទៀត។

វិធានការ​បែបជាតិ​និយម​របស់​លោក​ត្រាំ​នេះ បាន​បំផ្លាញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរអាត្លង់ទិក​ខ្លាំងណាស់ ! និង​អាច​ធ្វើ​ឱ្យ​​អឺរ៉ុប​អាចរង​ការ​​ខាត​បង់​ដល់​ទៅ​២៨០០​លាន​អឺរ៉ូ ! ព្រោះ​ក្នុង​មួយ​ឆ្នាំៗ​ អឺរ៉ុប​នាំ​ចេញ​ដែក​ថែបប្រមាណ​​ ៥ពាន់​លាន​អឺរ៉ូ និង​អាលុយមីញ៉ូម ​១ពាន់​លាន​អឺរ៉ូ​ ទៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាមការ​គណនា​របស់​គណៈកម្មការ​អឺរ៉ុប។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អឺរ៉ុប​ត្រូវរៀប​យុទ្ធសាស្ត្រ​សម្រាប់​ទប់ទល់។ វិធានការ​ដំបូង គឺ​សំដៅ​ស្វែង​រក​លំនឹង​​ពាណិជ្ជកម្ម​មក​បង្គ្រប់​ការ​ខាត​បង់ ស្រប​តាម​កិច្ចព្រមព្រៀង​និង​ច្បាប់​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក OMC។ អឺរ៉ុប​ចង់​ធ្វើ​អ្វី​ដែលជះ​ផល​អាក្រក់​​​ខ្លាំង​បំផុត​ដល់​នយោបាយពាណិជ្ជកម្ម​ជាតិ​និយម​របស់​​​អាមេរិក តែ​ប៉ះពាល់តិច​តួច​​ដល់​អ្នក​ប្រជាពលរដ្ឋ​អឺរ៉ុប ដោយ​សំដៅ​យក​ពន្ធ​ខ្លាំង​ទៅ​លើ​ផលិតផល​អាមេរិក​ពិសេសៗ​ណាមួយ​ ដើម្បី​ព្រមាន​លោក​ត្រាំ ដូច​ជា​ផលិតផល​ម៉ាក Harley Davidson Levi’s ព្រមទាំង​ប្រភេទ​ផលិតផល​ស្រា​ខ្លាំង។

​បញ្ជី​ឈ្មោះ​ផលិត​ផលដែល​នឹង​ជាប់​ពន្ធ​សងសឹក នឹង​ត្រូវ​បង្ហាញ​ជា​សាធារណ​នៅ​ក្នុង​ពេល​ឆាប់ៗ​ និង​អាច​ចាប់​មាន​ឥទ្ធិពល​នៅ​ពេល​បី​ខែ ពោល​គឺ​នៅ​ពេល​ណា​ដែល​អាមេរិក​ប្រកាស​អនុវត្ត​វិធានការគេ​​ជា​ផ្លូវការ​សិន។ ក្រៅ​អំពី​ចំណាត់​ការ​តបត​ សហភាព​អឺរ៉ុប​ក៏​បាន​ត្រៀម​ដាក់​ឱ្យ​ដំណើរ​វិធានការ​ “សង្គ្រោះ​”​ មួយ​ទៀត នៅ​​ពីរ​បី​សប្តាហ៍ទៀត សម្រាប់​ការពារ​ឧស្សាហកម្ម​អឺរ៉ុប​ គឺកំរិត​​ការ​នាំ​ចូល​ផលិត​ផល​ធ្វើ​ពី​ថែកដែក​និង​អាលុយមីញ៉ូម។

ហើយ​បើ​ចាំ​បាច់​មែន​ទែន សហភាព​អឺរ៉ុប អាច​រួម​ដៃ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត រាប់​ទាំង​ចិន​ផង​ ដាក់​ពាក្យ​បណ្តឹង​រួមប្រឆាំង​សហរដ្ឋ​អាមេរិក​ នៅ​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​តែ​ម្តង។​ ដំណើរ​ការ​ប្តឹង​ផ្តល់​នេះ​អាច​ប្រើ​ពេល​ពីរ​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ