អានតួអត្ថបទ
កម្ពុជា

GMAC ​អំពាវនាវ​លើក​កំពស់​ផលិតភាព​ការងារ​ ខណៈ​សហជីព​ទាមទារ​ឲ្យ​និយោជក​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មករ​

បន្ទាប់​ពី​ប្រាក់ឈ្មួល​គោល​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ និង​ដេរ​ស្បែកជើង​ត្រូវ​បាន​កំណត់​ត្រឹម​១៤០ដុល្លា ​សម្រាប់​ឆ្នាំ​២០១៦​ហើយ​មក ​នៅ​ថ្ងៃ​ទី​ ២០ តុលា​នេះ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC​ បាន​ចេញសេ​ច​ក្តី​អំពាវនាវ​ឲ្យ​មានការ​ផ្តោត​ជាថ្មី​លើការ​លើក​កំពស់​ផលិត​ភាព​ការងារ​ និង​គាំទ្រ​ចំពោះការ​អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ​ប្រើប្រាស់​វិធីសាស្រ្ត​បញ្ជា​ទិញ​ដែល​មាន​និរន្តរ​ភាព​ជាង​មុន​។ ប៉ុន្តែ​ការ​អំពាវនាវ​នេះ ​ត្រូវ​បាន​តំណាង​សហជីព​កម្មករ លើក​ឡើង​ថា ដើម្បី​បង្កើន​ផលិត​ភាព​ការងារ​ ខាង​និយោជក​ក៏គួរតែ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ​ដើម្បី​បំពេញ​ការងារ​ដែរ​។

កម្មករ​ខ្លះ​មិនពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រឹម​១៤០ដុល្លារ​
កម្មករ​ខ្លះ​មិនពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រឹម​១៤០ដុល្លារ​ សហការី
ផ្សាយពាណិជ្ជកម្ម

ជាលទ្ធផល​នៃ​ការចរចា​ឆ្នាំ​នេះ ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​ ត្រូវ​បាន​ដំឡើង​ដល់​១៤០ ​ដុល្លា​ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​២០១៦​។ អ្នកជំ​នាញ​ក្នុង​វិស័យកាត់​ដេរ​និយាយ​ថា ដូច្នេះ​ យើង​ចាំបាច់​ត្រូវផ្តោត​លើការ​បង្កើន​ផលិត​ភាពការងារ​ជារួម​។ យោង​តាម​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ​ ILO​ ផលិតភាព​ការងារ​ក្នុង​វិស័យកាត់​ដេរ​កម្ពុជា ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​បា​ន​និង​កំពុង​ធ្លាក់​ចុះ​។ នេះ​គឺ​ជា​ខ្លឹមសារ​នៅ​ក្នុ​ង​សេចក្តី​អំពាវ​នាវ របស់​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​GMAC​។

លោក​ខេន លូ ​អគ្គ​លេខាធិការ​របស់​GMAC ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​អំពាវនាវ​ថា ​ប្រាក់​ឈ្នួល​គឺ​ជាការ​ចំណាយ​ប្រតិបត្តិការ​ដ៏​ធំ​មួយ​សម្រាប់​រោង​ចក្រ​។ លោក​បាន​បន្តថា ​ឥឡូវ​នេះ ​យើង​ត្រូវ​មើលថា​ភាគី​ទាំង​អស់ ​ទាំង​អ្នក​បញ្ជា​ទិញ​ ដែល​ផ្តោត​លើការ​បង្កើន​ផលិត​ភាព​ការងារ​ ដើម្បី​ជួយទប់ទល់​នឹង​ចំណាយ​ដែលកើន​ឡើង​ទើប​អាច​រក្សា​រោង​ចក្រ​ឲ្យ​នៅបន្ត​ទៅមុខ​បាន​។

លោក​អាត់ ធន់​ ប្រធាន​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ មិន​ជំទាស់​និង​សេចក្តី​អំពាវនាវ​របស់​GMAC ​ដែល​បាន​ចេញផ្សាយ​នៅ​ពេល​នេះ​ទេ ​ប៉ុន្តែលោ​ក​លើក​ឡើង​ថា ទន្ទឹម​នឹង​សេចក្តី​អំពាវនេះ​ និយោជក​ផ្ទាល់​ក៏គួរ​តែ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មករ​ក្នុងការ​បំពេញ​ការងារ​ ដើម្បី​ទទួលបាន​ផលិត​ផល​ការងារ​ខ្ពស់​ផងដែរ​។

លក្ខណៈ​ងាយស្រួល​ ដែល​លោក​អាត់ ​ធន់​បាន​លើក​ឡើង​នោះ​មាន​ដូច​ជាការ​ផ្តល់​អាហារ​ថ្ងៃ​ត្រង់​ ឬ​ក៏​ផ្តល់​ប្រាក់​១​ដុល្លា ​ក្នុង​មួយ​ថ្ងៃ​បន្ថែម​ទៀត ​សម្រាប់​ការ​បរិភោគ​ឲ្យ​បាន​សមរម្យ​។ ​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ ឬក៏​ថ្លៃ​ធ្វើ​ដំណើរ ​ក្នុង​មួយ​ខែ ​១៥​ដុល្លាប​​ន្ថែម​ទៀត​។ ការ​ធ្វើកិច្ច​សន្យា​ការងារ​ឲ្យ​បាន​ច្បាស់លាស់​រវាង​រោងចក្រ​និង​កម្មករ​ និង​ការ​ផ្តល់​សំភារៈ​ទំនើប​ៗ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផលិត​ជា​ដើម​។

លោក​អាត់ ធន់​បាន​ប​ញ្ជាក់​ថា ដើម្បី​ទទួល​បាន​ផលិតផល​ការងារ​ខ្ពស់​ និយោជក​គឺ​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ស្ទើរ​តែ ៩០% ទៅ​ហើយ​ ដូច្នេះ​ខាង​និយោជក​ក៏​ត្រូវ​តែ​ពិចារណា​ពី​ចំណុច​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​នេះ​ផង​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី​២០ ​តុលា​នេះ ​តំណាង​សហជីព​ការពារ​ផលប្រយោជន៍​របស់​កម្មករ​បាន​ប្រជុំគ្នា​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ទៅ​នឹង​តំលៃ​ប្រាក់​ឈ្នួល​របស់​កម្មករ​ចំនួន ​១៤០​ដុល្លា​ក្នុង​មួយ​ខែ ​ដោយ​ពួក​គេមិ​ន​សូវ​ជាពេញចិត្ត​នឹង​តួ​លេខ​នេះ​ទេ​។

លោក​អាត់ ធន់​បាន​លើក​ឡើ​ង​ថា ជា​ជំហាន​ដំបូង​ តំណាង​សហជីព​នឹង​លើក​ជា​សំណើ​ចំនួន​១១ ចំណុច​ទៅ​កាន់​តំណាង​ថៅកែ​រោង​ចក្រ​កាត់​ដែរ និង​ក្រសួង​កា​រងារ​ផ្ទាល់​។ សំណើ​ទាំង​ ១១​ចំណុច​នោះ​រួម​មានការ​ផ្តល់​ថ្លៃ​បាយ​ មធ្យោបាយ​ធ្វើ​ដំណើរ​ និង​ការ​ដកពាក្យ​បណ្តឹង​ចំពោះ​តំណាង​សហជីព​​មួយ​ចំនួន ដែលត្រូ​វ​បាន​ចោទ​ប្រកាន់​នា​ពេល​កន្លង​មក​ជា​ដើម​។ ប៉ុន្តែ​ប្រសិន​បើ​សំណើ​ទាំងអស់នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ ​លោក​អាត់ ​ធន់​បញ្ជាក់​ថា ​ខាង​សហជីព​នឹង​ធ្វើការ​តវ៉ា​ជាសាធារណៈ​តាម​រយៈការ​ហែរ​ក្បួន​បាតុកម្ម​នៅតាម​ដងផ្លូវ​ជា​បន្ត​ទៀត​។
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ