អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល-ប៉ាឡេស្ទីន​ តឹង​តែងដាក់គ្នា​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​​ របួស​ជា​ច្រើន​រយ​នាក់

ក្រុង​ហ្សេរុយសាឡិម​ខាង​កើត​កំពុង​បន្ត​ស្ថិ​ត​ក្នុង​ភាព​តានតឹង​និង​ហិង្សា​ពេញ​មួយ​ចុង​សប្តាហ៍នេះ។ មាន​​រងរបួសជា​ច្រើន​រយ​នាក់ ភាគ​ច្រើន​ជា​ជន​ប៉ាឡេស្ទីន នៅក្នុង​ការ​ប៉ះទង្គិច​រវាង​ប៉ូលិស​អ៊ីស្រាអែល​និង​បរិស័ទ​អ៊ីស្លាម​ ដែល​មក​ជួ​បជុំគ្នា​ប្រារព្វ​ពិធី​តមអាហារ​នៅ​វិហារ​អ៊ីស្លាម​ នៅសង្កាត់​​សក្តិសិទ្ធិនៃ​ក្រុង​ហ្សេរុយសាឡិម ក្រោម​អាណានិគមអ៊ីស្រាអែល។

ការ​ប៉ះទង្គិច​រវាងប៉ូលិស​អ៊ីស្រាអែល និង​បាតុករប៉ាឡេស្ទីន នៅ​ទីលាន​វិហារ​ឥស្លាម នៅ​ហ្សេរុយសាឡិម
ការ​ប៉ះទង្គិច​រវាងប៉ូលិស​អ៊ីស្រាអែល និង​បាតុករប៉ាឡេស្ទីន នៅ​ទីលាន​វិហារ​ឥស្លាម នៅ​ហ្សេរុយសាឡិម REUTERS - RONEN ZVULUN
ផ្សាយពាណិជ្ជកម្ម

ក្រុង​សក្តិសិទ្ធ​មាន​វិហារ​អ៊ីស្លាម​ជា​ទីសក្ការៈ​ទី​បី​របស់​សាសនាអ៊ីស្លាម ជា​ក្រុង​បូជនីកិច្ចដ៏​សក្តិសិទ្ធ​បំផុត​របស់​ជនជាតិ​ជ្វីហ្វ (អ៊ីស្រាអែល) ហ្សេរុយសាឡិម​កំពុង​ស្ថិត​ក្នុង​ភាព​ហិង្សា​មាន​ការ​ប៉ះទង្គិច​គ្នាជា​រៀង​រាល់​ថ្ងៃ​។ មាន​អ្នក​រង​របួស​ជាង​២២០​នាក់ កាលពី​ថ្ងៃ​សុក្រ​ទី ៧​ឧសភា។ មាន​អ្នក​រងរបួស​ជាង​មួយ​នាក់ទៀត នៅ​ថ្ងៃសៅរ៍​ទី​៨ ឧសភា។ នៅព្រឹក​​ថ្ងៃអាទិត្យ​ទី​៩​ឧសភា ទីលានវិហារ​​សាសនា​បាន​ស្ងប់​ស្ងាត់ តែនៅ​ពេលរសៀលនិង​ពេលល្ងាច​ក្រោយ​ចប់​ម៉ោង​តមអាហារ​ ភាព​តាន​តឹង​ប្រឈមមុខ​ដាក់​គ្នា​រវាង​ប៉ូលិស​អ៊ីស្រាអែល​និង​សាសនិកជនអ៊ីស្លាម បានបន្តកើត​ឡើង​នៅទីក្រុង​ចាស់ ម្តុំ​សង្កាត់​ដែល​គ្រួសារ​ប៉ាឡេស្ទីន​រង​ការ​បណ្តេញ​ចេញ។

ជា​សរុប​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​រង​របួស ដោយ​ប៉ូលិស​អ៊ីស្រាអែល​បាន​បាញ់​ទឹក ឬ​បាញ់​គ្រាប់​ជ័រ​ និង​មាន​ការ​ចាប់​ខ្លួន​បាតុករ​ប៉ាឡេស្ទីន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ផង។ ហេតុការណ៍ប៉ះទង្គិច​នៅវិហារអ៊ីស្លាម​ក្រុង​ហ្សេរុយសាឡិមខាងកើត​​នា​ថ្ងៃ​ចុង​សប្តាហ៍​នេះ មានសភាព​ហិង្សា​​ខ្លាំង​មិនធ្លាប់​មានទេ​ ខ្លាំង​ជាង​ព្រឹត្តការណ៍​កាលពី​ឆ្នាំ​២០១៧ ដែលបណ្តាល​មក​ពីអ៊ីស្រាអែល​ចង់​ដាក់​ក្លោងទ្វារ​អេឡិចត្រូនិកត្រួត​ពិនិត្យ​សាសនិកជនឥស្លាម​មុន​ឡើង​ចូល​វិហារ​ទៅ​ទៀត។

ជាងនេះ​ទៅ​ទៀត ចលនា​ហាម៉ាស​ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា បាន​អំពាវនាវ​ឱ្យ​បាតុករ​ប៉ាឡេស្ទីន​បន្ត​តាំងទីនៅ​ទីលាន​វិហារឥស្លាម​រហូត​ដល់​ថ្ងៃព្រហស្បតិ៍ ថ្ងៃ​បិទ​បញ្ចប់​ខែ​តមអាហារ និង​គំរាម​វាយប្រហារ​អ៊ីស្រាអែល​ប្រសិន​បើថ្ងៃចន្ទ​ទី ១០​ឧសភា​នេះ ​តុលាការ​កំពូល​សម្រេច​បណ្តេញ​គ្រួសារ​ប៉ាឡេស្ទីន​ចេញ​ពីផ្ទះ ដើម្បី​ប្រគល់កម្មសិទ្ធិដី​​ទៅឱ្យ​អ៊ីស្រាអែល។ ពលរដ្ឋនៅ​តំបន់​ហ្កាហ្សាជាង​ពីរ​លាន​នាក់​​រស់​ក្រោមការ​បិទ​ខ្ទប់​របស់​អ៊ីស្រាអែល​ ក៏​កំពុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​យ៉ាង​សកម្ម​ដែរ។

សម្តេច​ប៉ាប​ហ្វ្រង់ស័រ សហរដ្ឋអាមេរិក ក្រុមបណ្តា​ប្រទេស​​នៅ​តំបន់​ឈូង​សមុទ្ទពែក្យ អារ៉ាប៊ីសាអូឌីត ក៏​ដូច​ជា​អ៊ីរ៉ង់ តួកគី ប៉ាគីស្ថាន ហ្សកដានី ឬ​អេហ្ស៊ីប ម៉ារ៉ុក ក៏​បានថ្កោល​ទោស​​ នៅ​ថ្ងៃអាទិត្យ​នេះ ចំពោះ​​អំពើ​ហិង្សា​នៅក្រុង​ហ្សេរុយសាឡិម​ខាង​កើត និង​សម្តែង​ព្រួយ​បារម្ភ​ចំពោះ​ការ​បណ្តេញ​គ្រួសារ​ប៉ាឡេស្ទីន។ នៅ​អង្គការ​សហប្រជាជាតិ ប្រទេស​ទុយនីស៊ី បាន​ស្នើ​បើក​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តីពីស្ថានភាព​ប៉ាឡេស្ទីនក្នុង​ដែនដី​ក្រោមអាណានិគម នៅ​ថ្ងៃចន្ទទី ១០​ឧសភា។ ប្រឈមនឹង​ស្ថានភាពនេះ  នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូ បាន​ព្រមាន​ថា​អ៊ីស្រាអែល​នឹង​បន្តរក្សា​សេរីភាព​សាសនា តែ​មិន​​អនុគ្រោះ​ឱ្យ​មាន​អំពើ​ហិង្សា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ