អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ការវាយប្រហារបកវិញ របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស​យ៉ាងតិច ២០នាក់ នៅ​តំបន់ហ្កាហ្សា

ការប៉ះទង្គិចគ្នា ដ៏ហិង្សា​រវាង​ទាហាន អ៊ីស្រាអែល និង​ប្រជាជន​បាឡេស្ទីន នៅទីលាន​វិហារអ៊ីស្លាម ក្នុង​ទីក្រុង​ហ្សេរុយសាឡឹមខាងកើត កាលពីថ្ងៃ​ម្សិលមិញ ដែល​បាន​ធ្វើ​ឲ្យប្រជាជន​ប៉ាឡេស្ទីន​រងរបួស ជាង ៥០០នាក់ បាន​រាលដាល​ទៅជា​ការវាយប្រហារគ្នា ផ្លោងគ្រាប់ដាក់គ្នា។ នៅថ្ងៃ​ចន្ទម្សិលមិញ នៅ​ប៉ុន្មានម៉ោងក្រោយ ​ព្រមាន​អ៊ីស្រាអែល ឲ្យឈប់​ប្រើកម្លាំង​ហិង្សា បង្រ្កាប​លើ​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្សេរុយសាឡឹមខាងកើត ក្រុមហាម៉ាស ប៉ាឡេស្ទីន បាន​បាញ់​ផ្លោងគ្រាប់​រ៉ុកកែត ចូល ទឹកដីអ៊ីស្រាអែល ប៉ុន្តែ មិនបាន​សម្លាប់​ប្រជាជន​អ៊ីស្រាអែល​ម្នាក់នោះទេ។ អ៊ីស្រាអែល​បាន​វាយបកវិញ ដោយ​បាន​បាញ់បំផ្លាញ ទីតាំង​របស់​ក្រុមហាម៉ាស និង​បាន​សម្លាប់មនុស្ស​យ៉ាងតិច​២០នាក់។ 

ផ្សែងហ៊ុយទ្រលោមឡើង​នៅក្រោយ ការវាយប្រហារ​តាមផ្លូវអាកាស​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅថ្ងៃទី ១១​ឧសភា ២០២១
ផ្សែងហ៊ុយទ្រលោមឡើង​នៅក្រោយ ការវាយប្រហារ​តាមផ្លូវអាកាស​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅថ្ងៃទី ១១​ឧសភា ២០២១ AP - Hatem Moussa
ផ្សាយពាណិជ្ជកម្ម

នៅយប់​ថ្ងៃ​ចន្ទ គ្រាប់រ៉ុកកែត​ត្រូវ​បានបាញ់ ស្រុះគ្នា ចេញពី​តំបន់​ហ្កាហ្សា គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅបន្ទាប់​ពី​ក្រុមនេះ​បាន​ព្រមាន​ការផ្ទុះសង្រ្គាម បើសិន ទាហាន​អ៊ីស្រាអែល មិនព្រមឈប់​បង្រ្កាបហិង្សា ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នៅ​ទីលាន វិហារអ៊ីស្លាម​នៅ​ហ្សេរុយសាឡឹម​ខាងកើត។

ការប៉ះទង្គិចគ្នា​ដ៏ហិង្សា​រវាង​កងកម្លាំង​អ៊ីស្រាអែល និង​សាសនិក​អ៊ីស្លាម ដែល​ភាគច្រើន​ជា​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្សេរុយសាឡឹម​ខាងកើត កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស ៥២០​នាក់ ក្នុង​ចំណោម​ប្រជាជន​ប៉ាឡេស្ទីន និង​៣០នាក់ ជា​ប៉ូលិស​អ៊ីស្រាអែល។

ឆ្លើយតប​នឹង​គ្រាប់រ៉ុកកែត​របស់​ក្រុមហាម៉ាស អ៊ីស្រាអែល​បាន​វាយបកវិញភ្លាម ដោយ​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​តាមផ្លូវអាកាស​ទៅលើ​ទឹកដី​ហ្កាហ្សា។ នៅក្រោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បាន​រាប់ឃើញ​មាន​មនុស្សស្លាប់​យ៉ាងតិច ២០នាក់ ដែលនៅក្នុង​មាន​៩នាក់ ជា​កុមារ និង​១នាក់​ជា​មេបញ្ជាការ​របស់​ក្រុមហាម៉ាស។ ក្រៅពីនោះ មានផងដែរ មនុស្សរងរបួស ជាង ១៦០នាក់ និង​ការខូចខាតផ្ទះសម្បែង​ដ៏ធ្ងន់ធ្ងរ​ដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល។

តាម​អ្នកនាំពាក្យ​របស់​កងទ័ព​អ៊ីស្រាអែល ប្រតិបត្តិការ​វាយបក នៅយប់​ថ្ងៃចន្ទ សំដៅ ទៅលើ​ទីតាំង ចំនួន ១៣០​ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហាម៉ាស នៅ​តំបន់​ហ្កាហ្សា។ ភាគីអ៊ីស្រាអែល​មិនបាន​និយាយ​ពីគ្រោះថ្នាក់បាត់បង់ជីវិត​របស់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីននោះទេ ប៉ុន្តែ បាន​អះអាងថា ក្នុង​ចំណោម​អ្នកដែលស្លាប់ នៅថ្ងៃ ចន្ទ មាន ១៥នាក់ ជា​ទាហាន កុម្ម៉ង់ដូរ​របស់​ហាម៉ាស និង​ក្រុមជីហាតអ៊ីស្លាម។

តាម កងទ័ព​អ៊ីស្រាអែល រ៉ុកកែត ប្រមាណ ២០០ បាន​បាញ់ចេញ​ពីតំបន់​ហ្កាហ្សា សំដៅ ទឹកដី​អ៊ីស្រាអែល ប៉ុន្តែ ៩០% ត្រូវ​បាន​បាញ់ទម្លាក់ ដោយ​ប្រព័ន្ធ​ខែលមីស៊ីល​របស់អ៊ីស្រាអែល ចំណែក នៅរ៉ុកកែត​ជាច្រើន​ទៀត បាន​ធ្លាក់​នៅ​ក្នុង​ទឹកដី​ហ្កាហ្សាផ្ទាល់ និង​នៅ​ភូមិអ៊ីស្រាអែល ក្បែរ​ព្រំប្រទល់តំបន់​ហ្កាហ្សា​របស់​ប៉ាឡេស្ទីន។ អាជ្ញាធរ អ៊ីស្រាអែល បានរាប់ឃើញ​ផងដែរ មាន​មនុស្សរងគ្រោះ​ជាង​៣០ នាក់ ដោយសារ​គ្រាប់រ៉ុកកែត​របស់​ពួកហាម៉ាស។

នៅពេល​គ្រាប់រ៉ុកកែត នៅបន្ត​បាញ់ចេញ​ពី​ហ្កាហ្សា សំដៅ ទឹកដី​អ៊ីស្រាអែល នៅព្រឹកថ្ងៃ​អង្គារនេះ មេដឹកនាំ​ក្រុមហាម៉ាស លោក Ismaïl Haniyeh បាន​ព្រមាន​សាជាថ្មី នឹង​ប្រែក្លាយ​ភូមិ​អ៊ីស្រាអែល​មួយ ក្បែរ​តំបន់​ហ្កាហ្សា ឲ្យទៅជា​ឋាននរក បើសិន ការវាយប្រហារ​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន។

ភាពតានតឹង និង​ពុះកញ្ច្រោល​ខ្លាំង​នៅ​ហ្សេរុយសាឡឹម រួម​ទាំង​ការវាយប្រហារ​ដាក់គ្នា​រវាង​ក្រុមហាម៉ាសប៉ាឡេស្ទីន និង កងទ័ពអ៊ីស្រាអែល​បាន​ទាក់ទាញ​ឲ្យមានប្រតិកម្ម ពីសហគមន៍អន្តរជាតិ។ តាម​ប្រភព​មន្រ្តីទូត ដែល​សាកសួរ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក្រោមការសម្របសម្រួល​របស់​កាតា និង​អេហ្ស៊ីប​ អង្គការសហប្រជាជាតិ​កំពុង​បញ្ចុះបញ្ចូល ភាគី ជម្លោះ ឲ្យឈប់​ជាបន្ទាន់ ជម្លោះប្រដាប់អាវុធ​លើកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ