អានតួអត្ថបទ
លីបង់-ជនភៀសខ្លួន

លិចទូក ស្លាប់​ជនភៀសខ្លួន​​ជិត​៩០នាក់​ នៅក្បែរឆ្នេរស៊ីរី

យ៉ាងហោចណាស់ មានជនភៀសខ្លួនចំនួន​ ៨៩នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់លិចទូក នៅជិតឆ្នេរសមុទ្រប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ។ ទូកដឹកជនភៀសខ្លួននេះ បានចាកចេញពី​កំពង់ផែមួយមួយ​ នៅខាងជើងប្រទេសលីបង់ សំដៅឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី។ គួរបញ្ជាក់ថា​ លីបង់ដែលកំពុង​ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរបំផុតនោះ បានក្លាយជាទីតាំងមួយដ៏សំខាន់ ដែល​ជនភៀសខ្លួន បានចាប់ផ្តើមធ្វើដំណើរចាកចេញ ផ្សងគ្រោះថ្នាក់ ដើម្បី​ទៅ​សុំសិទ្ធិជ្រកកោននៅអឺរ៉ុប។ ការធ្វើដំណើរតាមទូកឆ្លងសមុទ្រ ដែលប្រឈមគ្រោះថ្នាក់ក្រៃលែង​។

ក្រុមសង្គ្រោះប៉ាឡេស្ទីន កំពុងឈររងចាំនៅឆ្នេរលីបង់ ចាំទទួលសាកសពជនរងគ្រោះដោយ​លិចទូក​ ប្រគល់ឲ្យ​ដោយ​អាជ្ញាធរស៊ីរី ។ ច្រកព្រំដែន Arida រវាងលីបង់ និងស៊ីរី ថ្ងៃទី២៣ កញ្ញា ២០២២
ក្រុមសង្គ្រោះប៉ាឡេស្ទីន កំពុងឈររងចាំនៅឆ្នេរលីបង់ ចាំទទួលសាកសពជនរងគ្រោះដោយ​លិចទូក​ ប្រគល់ឲ្យ​ដោយ​អាជ្ញាធរស៊ីរី ។ ច្រកព្រំដែន Arida រវាងលីបង់ និងស៊ីរី ថ្ងៃទី២៣ កញ្ញា ២០២២ AP - Bilal Hussein
ផ្សាយពាណិជ្ជកម្ម

យោងតាមអាជ្ញាធរស៊ីរី គេបានស្រង់បានសាកសពចំនួន​៨៩នាក់ និង​ជនរងគ្រោះ១៤នាក់ទៀត កំពុងទទួលបាន​ការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងក្រុងកំពង់ផែ Tartous។ ក្នុងចំណោម​សាកសពជនភៀសខ្លួន ដែលគេស្រង់បានពីទឹក មានភាគច្រើនជាជនជាតិលីបង់ ជន់ជាតិ​ស៊ីរីខ្លះ និងជនប៉ាឡេស្ទីនខ្លះ។ អាជ្ញាធរ​ស៊ីរីអះអាងថា ការរុករក​​​​កំពុងបន្ត ព្រោះនៅលើទូក​ពេលចេញដំណើរ​ មានមនុស្សជិះចំនួន​យ៉ាងហោច​១៥០នាក់។

ដោយឡែក អាជ្ញាធរ​លីបង់បានបញ្ជាក់ថា គេបានចាប់ឃាត់ខ្លួនជនម្នាក់ ដែល​ជននោះបានទទួលស្គាល់ថា ខ្លួនគឺជាឈ្មួញរៀបចំ​ការដឹកជញ្ជូនជនភៀសខ្លួនតាមទូក ចេញពីលីបង់ឆ្ពោះទៅកាន់​ប្រទេសអ៊ីតាលី មុននឹងទូកនោះបាន​លិចនៅ​ក្បែរឆ្នេរប្រទេសស៊ីរី។ ប្រភពពីអង្គការយូនីសែហ្វ បាន​ឲ្យដឹងផងដែរថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ ដោយការលិចទូកកាលពីថ្ងៃព្រហស្បតិ៍ គឺមានកុមារចំនួន​១០នាក់។ សាកសពជនរងគ្រោះ ត្រូវបាន​អាជ្ញាធរស៊ីរី ប្រគល់មកឲ្យ​ក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅឯច្រកព្រំដែន Arida ភាគខាងជើងលីបង់។

គួរបញ្ជាក់ថា មានទូកដឹកជនភៀសខ្លួនចេញពីលីបង់ ឆ្ពៅកាន់អឺរ៉ុបកាន់តែច្រើន។ ដោយសារតែវិបត្តិសេដ្ឋកិច្ច ជីវភាពប្រជាជនលីបង់ ជាពិសេសនៅ​តំបន់ជនបទភាគខាងជើង កាន់តែលំបាកក្រីក្រខ្លាំង ដែលបង្ខំឲ្យពួកគេផ្សងជីវិតធ្វើចំណាកស្រុក។ ទន្ទឹមគ្នានេះ លីបង់មានជនភៀសខ្លួន​មកពីស៊ីរី និង​មកពីប៉ាឡេស្ទីនជាច្រើន ដែល​មិនអាចតស៊ូ​ទ្រាំរស់​ ក្នុងលក្ខខណ្ឌលំបាកនៅលីបង់តទៅទៀត។​ យោងតាមលោកស្រី Adele Khodr តំណាងអង្គការយូនីសែហ្វ ប្រចាំតំបន់ដើមបូព៌ា គឺប្រជាជន​លីបង់មួយចំនួនធំ កំពុងតែរស់នៅ​ក្នុងលក្ខខណ្ឌជីវភាពយ៉ាងក្រីក្រតោកយ៉ាក​បំផុត ដោយរាប់ទាំងជនភៀសខ្លួន​បរទេសផងដែរ។

កាលពីខែមេសា ទូកដឹកជនភៀសខ្លួនច្រើនលើសចំណុះមួយ ត្រូវបាន​ឆ្មាំសមុទ្រលីបង់​បើកទូកដេញ ហើយ​បានលិច បណ្តាលឲ្យស្លាប់មនុស្ស​ជាច្រើនសិបនាក់។ កាលពីថ្ងៃទី​១៣កញ្ញា ឆ្មាំសមុទ្រតួកគី បាន​ប្រកាសថាទូកដឹកជនភៀសខ្លួនចេញពីក្រុងទីប៉ូលីប្រទេសលីបង់ បានលិចបណ្តាលឲ្យស្លាប់​ជនភៀសខ្លួន៦នាក់ ក្នុងនោះទារក២នាក់ ហើយគេសង្គ្រោះបាន​៧៣នាក់។ យោងតាមអង្គការសហប្រជាជាតិ នៅរវាងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ​២០២១ មានទូកចំនួន​យ៉ាងហោច​៣៨ ដឹកជនភៀសខ្លួនចំនួន​ជាង​១៥០០នាក់ បានព្យាយាម​ធ្វើដំណើរចាកចេញពីលីបង់ដោយខុសច្បាប់៕

ក្រោយដំណឹងលិចទូកចុងក្រោយ ស្លាប់ជនភៀសខ្លួនជិត​៩០នាក់នេះ​ លោក Filipo Grandi ឧត្តមស្នងការទទួលបន្ទុក​ជនភៀសខ្លួន បាន​អំពាវនាវ ឲ្យសហគមន៍អន្តរជាតិត្រូវតែរួមគ្នា ជួយ​កែលម្អលក្ខខណ្ឌជីវភាព របស់​ជនរងគ្រោះ ដែលត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចាកចោលផ្ទះសម្បែងស្រុកកំណើត។ ដូចគ្នាដែរ លោក Philippe Lazzarini អគ្គស្នងការទទួល​បន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បាន​អំពាវនាវ ថាត្រូវតែជួយ​ប្រជាជនលីបង់ ក៏ដូចជាប្រជាជន​ក្នុង​តំបន់នេះ ឲ្យ​មានសេចក្តីសង្ឃឹមក្នុងជីវិតឡើងវិញ ព្រោះការធ្វើដំណើរជិះទូកផ្សងជីវិត វាគឺជា​ការសម្រេចចិត្តដ៏សែន​លំបាក និងដ៏អស់សង្ឃឹមបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ