អានតួអត្ថបទ

អ៊ីរ៉ង់៖ប៉ូលិសព្រមានពីការប្រើកម្លាំងពេញទំហឹងដើម្បីបង្រ្កាបបាតុករ

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ប៉ូលិស​បាន​ព្រមាន​ក្នុង​ថ្ងៃ​ពុធ ទី២៨ កញ្ញា​ពី​ការ​ប្រើ​កម្លាំង​ពេញ​ទំហឹង​ដើម្បី​បង្រ្កាប​បាតុករ​ដែល​កំពុង​បន្ត​ធ្វើ​បាតុកម្ម​តាំង​ពី ១១ថ្ងៃ​កន្លង​មក។ ក្បួនបាតុកម្ម​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី១៦ កញ្ញា និង​បាន​ឆ្លងរាលដាល​នៅ​សឹង​ទូទាំង​ប្រទេស ក្រោយ​ពី​ការ​ស្លាប់​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ​ម៉ាសា អាមីនី។ គួរ​រម្លឹក​ថា​មាន​អាយុ ២២ឆ្នាំ នារី​ម៉ាសា អាមីនី​ត្រូវ​បាន​ប៉ូលិស​សីលធម៌​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី ១៣ កញ្ញា​ក្រោម​បទ​ចោទប្រកាន់​ពី​ការ​ស្លៀកពាក់​មិនសមរម្យ​តាម​ច្បាប់​សាសនា​អ៊ីស្លាម។ តែ​នារី​រូប​នេះ​បាន​ស្លាប់​នៅ ៣ថ្ងៃ​ក្រោយ​មក​នៅ​ក្នុង​មន្ទីរពេទ្យ។ ទន្ទឹម​នឹង​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​នារី​ម៉ាសា អាមីនី រដ្ឋអំណាច​អ៊ីរ៉ង់​បាន​ចាត់​ទុក​បាតុកម្ម​ពេល​នេះ​រៀបចំ​ដោយ​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម និង​មាន​បរទេស​នៅ​ពី​ក្រោយ។ តាម​តួលេខ​រដ្ឋាភិបាល មាន​មនុស្ស​ស្លាប់​ចំនួន ៦០នាក់​នៅ​ក្នុង​ក្បួន​បាតុកម្ម។ តែ​អង្គការ Iran Human Rights បាន​បញ្ជាក់​ពី​មាន​ស្លាប់​យ៉ាង​តិច ៧៦នាក់។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់ ព្រោះ​ប្រព័ន្ធ​អ៊ីធ័រនែត និង​បណ្តាញសង្គម​ត្រូវ​បាន​រដ្ឋអំណាច​ផ្តាច់​តាំង​ពី​ច្រើន​ថ្ងៃ​មក​ហើយ។ លោក​អាមៀរ រ៉ាស្ហ៊ីឌី នាយក​ទទួល​សន្តិសុខ​អ៊ីនធ័រនែត​របស់​គ្រុប Miaan បាន​យល់​ឃើញ​ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​អ៊ីរ៉ង់​ទេ។

នៅអ៊ីរ៉ង់ ប៉ូលិសព្រមានពីការប្រើកម្លាំងពេញទំហឹងដើម្បីបង្រ្កាបបាតុករ។
នៅអ៊ីរ៉ង់ ប៉ូលិសព្រមានពីការប្រើកម្លាំងពេញទំហឹងដើម្បីបង្រ្កាបបាតុករ។ AP
ផ្សាយពាណិជ្ជកម្ម

« អ្វី​ដែល​អ៊ីរ៉ង់​តែង​បាន​ធ្វើ​ជា​លក្ខណៈ​ទូទៅ គឺ​កាត់​ផ្តាច់​ទិន្នន័យ​ចល័ត​នៅ​នឹង​កន្លែង​ដែល​កំពុង​មាន​បាតុកម្ម និង​នៅ​ទីកន្លែង​មួយ​ជាក់លាក់។ ប្រសិន​បើ​ចលនា​បាតុកម្ម​រីក​កាន់​តែ​ធំ ការ​កាត់​ផ្តាច់​ទិន្នន័យ​ចល័ត​ក៏​មាន​កាន់​តែ​ខ្លាំង​ទៅ​តាម​នឹង​ដែរ។ ហើយ​បើ​រដ្ឋអំណាច​មិន​អាច​គ្រប់គ្រង​លើ​ចលនា​ប្រឆាំង​បាន នៅ​ពេល​នោះ ទិន្នន័យ​ចល័ត​នឹង​ត្រូវ​រដ្ឋអំណាច​កាត់​ផ្តាច់​ទាំង​ស្រុង​តែ​ម្តង។

រដ្ឋអំណាច​មិន​ដែល​បាន​ចាត់​វិធានការ​ខ្លាំងក្លា​រហូត​ដល់​ការ​ផ្តាច់​នូវ​គ្រប់​មធ្យោបាយ​ទាក់ទង​ទេ។ ដូច្នេះ វិធានការ​ដែល​រដ្ឋអំណាច​កំពុង​អនុវត្ត​ពេល​នេះ​ពិត​មាន​លក្ខណៈ​ខ្លាំងក្លា។ អ៊ីមែល​ត្រូវ​បាន​បិទខ្ទប់ គេហទំព័រ​ស្វែង​រក​ក៏​ត្រូវ​បាន​បិទខ្ទប់ ហើយ​សូម្បី​តែ​ល្បែង​អនឡាញ​ក៏​រដ្ឋអំណាច​បាន​បិទខ្ទប់​ដែរ។ នេះ​ពិត​ជា​រឿង​ថ្មី​ស្រឡាង​ដែល​មិន​ធ្លាប់​មាន​នា​ពេល​កន្លង​មក​ទេ។ តាម​ពិត​ទៅ អ្នក​ដែល​បាន​ចូល​ទៅ​ក្នុង​ល្បែង​អនឡាញ​មិនមែន​ដើម្បី​លេង​ទេ តែ​ដើម្បី​ផ្ញើ​សារ​ទៅ​វិញ ទៅ​មក​រវាង​អ្នក​លេង​ដូច​គ្នា។

ការ​បិទ​គ្រប់​កាណាល់​ទូរគមនាគមន៍​ជា​កម្មវត្ថុ​ចម្បង​របស់​រដ្ឋអំណាច​អ៊ីរ៉ង់ ហើយ​យើង​មិន​ដែល​បាន​ឃើញ​ចំណាត់ការ​ខ្លាំងក្លា​របៀប​នេះ​ទេ​រហូត​មក​ដល់​ពេល​នេះ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ