អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់ មួយខែ​នៃ​បាតុកម្ម​និង​ការ​បង្ក្រាបមរណៈ

ថ្ងៃទី ១៣​កញ្ញា​២០២២ ប៉ូលិសសីលធម៌​​អ៊ីរ៉ង់ បាន​ឃាត់​ខ្លួន​នាង Mahsa Amini និស្សិត​ វ័យ​២២​ឆ្នាំ ពី​បទ​រុំ​ស្បៃ​មិន​ត្រឹម​ត្រូវ​។ បី​ថ្ងៃ​ក្រោយ ​នាង​បាន​ស្លាប់។ សេចក្តី​ប្រកាសមរណភាព បាន​ក្លាយ​ជា​កម្លាំង​ចលករ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​នាំគ្នា​ងើប​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​របប​ដឹកនាំ​អ៊ីស្លាម​ នៅទូទាំង​ប្រទេស។ តាំងពី​ពេល​នោះ​មក​ ចលនា​បាតុកម្ម​ ដែល​រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​និង​មរណៈ​ មិន​បាន​ថមថយ​ទេ​។

បាតុកម្មនៅអ៊ីរ៉ង់ ក្រោយ​ការ​ចាប់ខ្លួន​និង​ស្លាប់​និស្សិតស្រី​វ័យ​២២​ឆ្នាំ
បាតុកម្មនៅអ៊ីរ៉ង់ ក្រោយ​ការ​ចាប់ខ្លួន​និង​ស្លាប់​និស្សិតស្រី​វ័យ​២២​ឆ្នាំ AP
ផ្សាយពាណិជ្ជកម្ម

“ស្ត្រី ជីវិត​ សេរីភាព” បាន​ក្លាយ​ជា​បុព្វហេតុ​​បាតុកម្ម​តែ​មួយ​ចងភ្ជាប់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​តាំងពី​មួយ​ខែមក​ ដើម្បី​បរិហារ​ថា ការ​បង្ក្រាប​ស្ត្រី គឺ​ជា​ការ​បង្ក្រាប​ជីវិត​មនុស្ស​គ្រប់​រូប។ ផ្តើមដំបូង​ដោយក្រុម​​ស្ត្រី​ បន្ត​ដោយ​ពលរដ្ឋ​ទូទៅ​ ចលនា​បាតុកម្ម​បាន​ផុស​ផុល​តាំងពី​ថ្ងៃទី ១៦​កញ្ញា ថ្ងៃ​ប្រកាស​មរណភាព​​និស្សិត​ស្រី​វ័យ​២២​ឆ្នាំ ចាប់​ខ្លួន​ពីបទ​ពាក់​ស្បៃ​អ៊ីស្លាម​មិន​ត្រឹម​ត្រូវ។

បើ​តាម​តុល្យការ​ចុងក្រោយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Iran Human Right (IHR)គិត​ត្រឹម​ថ្ងៃ​១២​តុលា​២០២២​ មាន​ពលរដ្ឋ​អ៊ីរ៉ង់​ ​១០៨នាក់​ ក្នុងនោះ​យ៉ាង​ហោច​២៨នាក់​ជា​កុមារ បាន​ស្លាប់​ ដោយ​ការ​បង្ក្រាប​បាតុកម្ម​យ៉ាង​ហិង្សា រយៈ​ពេល​មួយ​ខែ​មក​នេះ។ អាជ្ញាធរ​អ៊ីរ៉ង់​បាន​ប្រកាស​ចាប់​ខ្លួន​​បាតុករបាន​​​ជិត​​១២០០នាក់ នៅថ្ងៃទី​២៥​កញ្ញា ក្នុង​នោះ ១២៥​នាក់​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ។

ប៉ុន្តែ​ទោះ​មាន​ការ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ​ ក៏​កំហឹង​យុវវ័យ​មិន​រលត់​ដែរ។ ការ​ប្រមូល​ផ្តុំ​នៅ​តាម​សកលវិទ្យាល័យ និង​បាតុកម្ម​តាម​ថ្នល់​ នៅ​តែ​បន្ត​រៀប​ចំ​ឡើង​ ក្នុង​ក្រុង​ជា​ច្រើន​ ទូទាំង​ប្រទេស។ កម្មករនៅរោង​ចក្រ​ថាមពលផ្សេង​ៗ​ក៏​បាន​ចូល​រួម​ធ្វើ​​​​កូដកម្មដែរ​។ នៅថ្ងៃពុធទី​១២​តុលា​​ម្សិលមិញ​ ពលរដ្ឋ​អ៊ីរ៉ង់ ស្រីប្រុស បាន​នាំ​គ្នា​ចុះ​ថ្នល់ក្នុង​​​ក្រុង​តេហេរ៉ង់។​ សិស្សនិស្សិតភេទ​ស្រី ​បាន​ផ្គើន​អាជ្ញាធរ​ ដោយ​គ្មាន​ពាក់​ស្បៃ​រុំ​ក្បាល​តាម​បែប​អ៊ីស្លាម​ទេ និង​ដោយ​នាំ​គ្នា​ស្រែក​​ផ្តាសារមេដឹកនាំ​ផ្តាច់ការ។ រាល់​គ្រប់​សម្រែក​រិះគន់​របស់​​​បាតុករ​ត្រូវ​បាន​តប​ត​វិញ​ដោយ​សំឡេង​កាំភ្លើង​របស់​ប៉ូលិស។​ នេះ​បើតាម​រូបភាព​វីដេអូ ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស IHR។ នៅរដ្ឋធានី​ដដែល បើ​តាម​AFP កង​សន្តិសុខ​អ៊ីរ៉ង់ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បំបែក​ហ្វូង​បាតុករ​ដែល​ជា​ក្រុម​មេធាវី។ មាន​យ៉ាង​ហោច​មេធាវី​បីនាក់​ត្រូវ​ចាប់​ខ្លួន​។

បើ​តាម​សេចក្តី​ជូន​ដំណឹង ការ​ប្រមូល​ផ្តុំ​ចលនាបាតុកម្ម​​ប្រឆាំង​តវ៉ា​ ទ្រង់ទ្រាយ​ធំ​ថ្មី​ នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ចន្ទទី ១៧​តុលា ទៀត។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ចលនា​បះបោរ ដែល​ពេល​ខ្លះ​ត្រូវ​ចំណាយ​ដល់​ជីវិត ​មិនងាយ​ស្ងប់​ស្ងាត់​​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ