អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីត៖ទណ្ឌកម្មអឺរ៉ុបលើប្រេងរុស្ស៊ី និងការកំណត់តម្លៃប្រេងរុស្ស៊ីរបស់ G៧ មិនទាន់មានលទ្ធផលជាក់ស្តែង

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត រដ្ឋមន្រ្តី​ក្រសួង​ថាមពល​លោក​អាប់ឌែលឡាហ្ស៊ី បេន សាលម៉ាន​បាន​ថ្លែង​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ ធ្នូ​ថា ទណ្ឌកម្ម​របស់​អឺរ៉ុប​ប្រឆាំង​ប្រេង​រុស្ស៊ី និង​វិធានការ​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី​របស់​ក្រុម​ប្រទេស G៧ មិន​ទាន់​ហុច​លទ្ធផល​ជាក់ស្តែង​នៅ​ឡើយ​ទេ។ លើស​ពី​នេះ និង​បើ​តាម​រដ្ឋមន្រ្តី​អារ៉ាប៊ីសាអូឌីត​រូប​នេះ​ដដែល ការ​អនុវត្តន៍​លើ​វិធានការ​ទាំង​នេះ​ក៏​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​ដែរ។

រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​លោក​អាប់ឌែលឡាហ្ស៊ី បេន សាលម៉ាន។
រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​លោក​អាប់ឌែលឡាហ្ស៊ី បេន សាលម៉ាន។ AFP PHOTO/HO/SPA
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​រៀបចំ​ក្នុង​ទីក្រុង​រីយ៉ាដ រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​លោក​អាប់ឌែលឡាហ្ស៊ី បេន សាលម៉ាន​បាន​ថ្លែង​ច្បាស់ៗ​ថា ទណ្ឌកម្ម​អឺរ៉ុប និង​វិធានការ​របស់​ក្រុម​ប្រទេស G៧ លើ​ប្រេង​រុស្ស៊ី​នៅ​មិន​ទាន់​ហុច​លទ្ធផល​ជា​ដុំកំភួន​នៅ​ឡើយ​ទេ។ លទ្ធផល​ដែល​លោក​អាប់ឌែលឡាហ្ស៊ី បេន សាលម៉ាន​ចង់​និយាយ គឺ​ការ​ជះ​ឥទ្ធិពល​នៅ​លើ​ទីផ្សារ​ប្រេង​ក្នុង​លោក។ តែ​រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​មិន​ភ្លេច​បញ្ជាក់​ថា ប្រតិកម្ម និង​វិធានការ​ដែល​រុស្ស៊ី​អាច​វាយបក​វិញ​ក៏​ជា​កត្តា​មួយ​ជះ​ឥទ្ធិពល​ដល់​ស្ថានភាព​ទីផ្សារ​ប្រេង​ក្នុង​លោក​ដែរ។

គួរ​បញ្ជាក់​ថា វិធានការ​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី​ដឹក​តាម​សមុទ្រ​ត្រឹម ៦០ដុល្លារ​ក្នុង​មួយ​ធុង​បារីល​របស់​ក្រុម​ប្រទេស G៧ បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី៥ ធ្នូ។ តាម​រយៈ​វិធានការ​មួយ​នេះ G៧ សង្ឃឹម​កាត់​បន្ថយ​ចំណូល​របស់​រុស្ស៊ី​ក្នុង​គោលដៅ​កម្រិត​សមត្ថភាព​ចំណាយ​របស់​រុស្ស៊ី​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។ តែ​រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​លោក​អាប់ឌែលឡាហ្ស៊ី បេន សាលម៉ាន​មើល​ឃើញ​ថា វិធានការ​របស់ G៧ របៀ​នេះ​មាន​គោលដៅ​នយោបាយ និង​ថា វា​មិន​ច្បាស់​ជា​គោលដៅ​មួយ​ដែល G៧ អាច​សម្រេច​បាន ឬ​អត់​ទេ។

ក្រៅ​ពី​ទណ្ឌកម្ម​អឺរ៉ុប និង​វិធានការ G៧ លើ​ប្រេង​រុស្ស៊ី លោក​អាប់ឌែលឡាហ្ស៊ី បេន សាលម៉ាន​ក៏​បាន​ចាប់​អារម្មណ៍​លើ​នយោបាយ​គ្រប់គ្រង​កូវីដ១៩ នៅ​ចិន​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ទីផ្សារ​ប្រេង​ក្នុង​លោក។ ដោយឡែក រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​លើ​ការ​សម្រេចចិត្ត​របស់​ក្រុម​ប្រទេស​ផលិតប្រេង​ហៅ​កាត់ Opep  និង​សម្ព័ន្ធមិត្ត​កាល​ពី​ថ្ងៃទី៥ តុលា​ក្នុង​ការ​កាត់​បន្ថយ​ការ​បូមប្រេង​ចំនួន ២លានធុងបារីល​ក្នុង​មួយ​ថ្ងៃ និង​ថា Opep និង​សម្ព័ន្ធមិត្ត​នឹង​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថិរភាព​ទីផ្សារ​ប្រេង​ក្នុង​លោក​នៅ​ឆ្នាំ ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ