អានតួអត្ថបទ
តួកគី-ស៊ីរី-រញ្ជួយដី

រញ្ជួយ​ដី​នៅតួកគី ជន​រងគ្រោះស្លាប់​ឡើងដល់​ជាង​៥ពាន់​នាក់

ចំនួន​ជន​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដីនៅតួកគី​​បន្ត​​កើន​ឡើង​ជា​លំដាប់។ បើតាម​តុល្យការ​ផ្តល់​ដោយ​អនុប្រធានាធិបតី​តួកគី នៅព្រឹក​ថ្ងៃ​អង្គារ​ទី ៧​កុម្ភៈ ចំនួន​អ្នក​ស្លាប់​បាន​ឡើងដល់​​ជាង​៥ពាន់​នាក់​ ៖ ៣៤១៩នាក់នៅ​ខាង​តួកគី និង​១៦០២នាក់ នៅ​ខាង​ស៊ីរី។ ប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត​​រុក​រក​ជន​រងគ្រោះនៅ​មាន​ជីវិត​​ ​ក្នុង​លក្ខខណ្ឌអាកាសធាតុត្រជាក់​ខ្លាំង​ ភ្លៀង​ផង ព្រិល​ផង និង​គ្មាន​ចរន្ត​អគ្គីសនី​ទៀត។ ​បើ​តាម​ការ​គូសបញ្ជាក់​របស់​វិទ្យាស្ថាន​តាមដាន​ការ​រញ្ជួយ​ដី​របស់​អាមេរិក នេះ​ជា​កា​ររញ្ជួយ​ដី​ដ៏​កំណាច​ និង​ខ្លាំង​បំផុតមិន​ធ្លាប់​ថត​ក្នុង​​កំណត់ត្រា​ពិភពលោក​​ទេ គិត​ចាប់​តាំងពី​ខែ​សីហា​ឆ្នាំ​២០២១​មក។

ជន​រងគ្រោះគាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅចំពោះ​មុខ​ទំហំ​នៃ​មហន្តរាយ​បង្ក​ឡើង​ដោយ​ការ​រញ្ជួយដី​នៅតួកគី
ជន​រងគ្រោះគាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅចំពោះ​មុខ​ទំហំ​នៃ​មហន្តរាយ​បង្ក​ឡើង​ដោយ​ការ​រញ្ជួយដី​នៅតួកគី REUTERS - UMIT BEKTAS
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​បារាំង​ដើម​កំណើត​គួដឌីស្ថានម្នាក់​​ បាន​ធ្វើ​ដំណើរ​ទៅ​លេង​ក្រុមគ្រួសារ​នៅ​ក្រុង​ប៉ាហ្សាស៊ីក Pazarcik ដែល​ជា​ចំណុច​ស្នូល​នៃ​ការ​រញ្ជួយ​ដី។ នាង​ អូរីយ៉ាន វែរឌីយេរ បាន​រៀប​រាប់​ប្រាប់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង នូវ​​ហេតុការណ៍​រញ្ជួយ​ដី​ក៏​កំណាចដែល​នាង​ឃើញនិង​ជួប​​ដោយ​ផ្ទាល់ ៖

« ល្ងាច​ម្សិលមិញ យើង​នៅក្នុង​ផ្ទះ​ជុំ​​គ្នា។ រហូត​ដល់​ពេល​មួយ​ស្រាប់​តែ​យើង​ឭសូរ​សំឡេង​លាន់​ឡើង​យ៉ាង​ខ្លាំង ខ្លាំង​មែនទែន។ បន្ទាប់​មក​ដី​ចាប់​ញ័រ​រង្គើ ជញ្ជាំងផ្ទះ​ស្រាប់​តែ​ប្រេះ​រហែក។ យើង​ក៏​នាំ​គ្នា​ស្ទុះ​រត់​ចេញ​ពី​ផ្ទះ ទៅ​ក្រៅ ​ជួប​នឹង​អ្នក​ជិត​ខាង​​រស់​នៅក្នុងប្លុក​តែ​មួយដែលសុទ្ធ​តែតក់ស្លុត​និង​​ស្លន់​ស្លោ​ដូច​គ្នា​។ ច្រក​​ទ្វារ​ធំ​នៃ​អគារ​គាំង​​បើក​មិន​រួច ព្រោះ​ដាច់​ភ្លើង។ គេ​នាំ​គ្នា​វៃ​បំបែក​កញ្ចក់​មួយ​ផ្ទាំង ទើបអាច​​​​ចេញ​មក​ខាង​ក្រៅ​ទាំង​អស់​គ្នាបាន។ យើងនាំ​គ្នា​រត់​​សំដៅ​ទៅ​រក​ឡាន ចំពោះ​អ្នក​មាន​ឡាន ឯ​អ្នក​ខ្លះ​ទៀត​គ្មាន​ឡាន ជើង​ទទេ មាន​អាវ​គេង​យប់ នៅ​ឈរ​ស្លន់​ស្លោ​ សំឡឹង​រក​កន្លែង​ណាវាល គ្មាន​សំណង់​អាគារ។

ស្ថានភាព​បែប​នេះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​បួន​ទៀបភ្លឺ​។ ជាង​នេះ​ទៅ​ទៀត មេឃ​មិន​អំណោយ​ផល ទឹក​ភ្លៀង​ធ្លាក់​ផង អាកាសធាតុ​ត្រជាក់​ខ្លាំង​ផង។ យើង​ឃើញ​​អាគារ ស្រុត​រលំ​បាក់​ខ្ទេច​ទាំង​ស្រុង​តែ​ម្តង។

យើង​បាន​បាត់បង់​សមាជិក​គ្រួសារ​ម្នាក់ ពីព្រោះ​គាត់​ឈឺ ពិការ​ដេក​នឹង​កន្លែង។ យើង​មិន​អាច​​លើក​គាត់​រត់ចេញ​មក​ក្រៅជាមួយ​បាន​ ទើប​គាត់​ត្រូវ​​​អាគារ​បាក់​កិន​សង្កត់។ យើង​​ឃើញ​តែ​ដៃ​គាត់​លៀន​ចេញ​ពី​បំណែក​ថ្ម នៅពេល​នោះ​យើងគិត​​ភ្លាម​ថា​គាត់​ពិត​ជា​ស្លាប់​។ »

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ