អានតួអត្ថបទ
អ៊ីស្រាអែល-លីបង់

ភាព​ប្រឈម​តាម​ព្រំដែន​អ៊ីស្រាអែល-លីបង់ អាច​រាលដាល​ទៅ​ជា​សង្គ្រាម​ក្នុង​តំបន់?

ក្រោយ​ពី​ចលនា​ហាម៉ាស​វាយ​ឆ្មក់ទ្រង់ទ្រាយ​ធំ​​​លើ​អ៊ីស្រាអែល​នៅ​ថ្ងៃទី ៧ តុលា​២០២៣​មក សមរភូមិ​ប្រយុទ្ធ​អ៊ីស្រាអែល​មិនមែន​តម្រង់​តែ​លើ​​តំបន់​​ហ្កាហ្សាមួយ​ទេ។ ក្តីព្រួយ​បារម្ភ​កំពុង​រីក​ធំធាត់​ខ្លាច​មាន​​ការ​ផ្ទុះ​សង្រ្គាម​ទូទៅ​រវាង​អ៊ីស្រាអែល​ជាមួយ​បណ្តាប្រទេស​ជិត​ខាង​។ ចំណុច​ព្រំដែន​ម្ខាង​ទៀត​​រវាង​អ៊ីស្រាអែល​និង​លីបង់​ ក៏​ជា​សមរភូមិ​ប្រយុទ្ធ​​ដ៏ក្តៅ​គគុក​ដែរ និង​កាន់​តែ​ហិង្សា​ឡើង​ជាលំដាប់​ពីមួយ​ថ្ងៃទៅ​មួយ​​ថ្ងៃ បើ​ទោះ​បី​ជា​ភាគី​ទាំងពីរ​ប្រឹង​ចៀស​​មិន​វាយប្រហារ​ឱ្យ​ចូល​ទឹក​ដី​គូបក្សដិបក្ស​ក៏​ដោយ។

ក្បួន​រថក្រោះ​នៃកង​ទ័ព​អ៊ីស្រាអែលធ្វើ​ដំណើរ​តាម​ផ្លុវ​ក្បែរ​ព្រំដែន​ជាមួយ​លីបង់
ក្បួន​រថក្រោះ​នៃកង​ទ័ព​អ៊ីស្រាអែលធ្វើ​ដំណើរ​តាម​ផ្លុវ​ក្បែរ​ព្រំដែន​ជាមួយ​លីបង់ REUTERS - AMMAR AWAD
ផ្សាយពាណិជ្ជកម្ម

នា​ថ្ងៃ​អាទិត្យ​ទី ២២​តុលា​ម្សិលមិញ ក្នុងដំណើរ​ចុះត្រួត​ពល​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហូ បាន​ព្រមាន​ថា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ប្រសិន​បើ​ចលនា​ហេសបូឡា​លីបង់​ហ៊ាន​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល។ អ៊ីស្រាអែល​នឹង​វាយប្រហារ​ដោយប្រើ​​កម្លាំង​ដែល​គ្មាន​នរណា​អាច​ស្មាន​ដល់​និងដែល​​ជា​​វិនាសកម្ម​​​សម្រាប់​រដ្ឋ​លីបង់។

​ក្លាយ​ជា​​ទម្លាប់​តាំងពី​ថ្ងៃទី៧​តុលា​មក សំឡេង​ប្រយុទ្ធ​គ្នា​លាន់​រងំ​​នៅ​បី​ចំណុចនៃ​ព្រំដែនអ៊ីស្រាអែល​លីបង់​​ គឺ​នៅ​​ប៉ែក​​ខាង​កើត កណ្តាល​និង​ខាង​លិច។ ​យោធា​​អ៊ីស្រាអែល​និង​ចលនាប្រដាប់​អាវុធ​​ហេសបូឡានៅលីបង់​ តតាំង​គ្នា​​​ដោយ​ប្រើគ្រប់​​ទម្រង់នៃ​អាវុធ​យុទ្ធភ័ណ្ឌ៖ កាំភ្លើង​ធំ​ធុន​ធ្ងន់​ មីស៊ីល​បញ្ជាពី​ចម្ងាយ​​ រ៉ុកកែត និង​ដ្រូន​ប្រយុទ្ធ​ ព្រមទាំង​ការ​ពង្រាយ​កងទ័ព​អាកាស​ទៀត​ផង​នៅ​ខាង​អ៊ីស្រាអែល។

​ក្លាយ​ជា​​ទម្លាប់​តាំងពី​ថ្ងៃទី៧​តុលា​មក សំឡេង​ប្រយុទ្ធ​គ្នា​លាន់​រងំ​​នៅ​បី​ចំណុចនៃ​ព្រំដែន​ គឺ​នៅ​​ប៉ែក​​ខាង​កើត កណ្តាល​និង​ខាង​លិច។ ​ពួក​ហេសបូឡា​មាន​យុទ្ធសាស្ត្របំបាក់​យោធា​​អ៊ីស្រាអែល​ ឱ្យ​លែង​ឮ​និង​លែង​ឃើញ​ ដោយ​ដៅ​វាយប្រហារ​​ជា​ស្វ័យ​ប្រវត្តិ​ប្រព័ន្ធ​ស្តាប់សំឡេង​​និង​តាម​ដានអេឡិចត្រូនិក​នៅ​តាម​បណ្តោយ​ព្រំដែន​ និង​ដៅ​វាយប្រហារ​រថក្រោះ​និង​រថពាស​ដែកទៀត។ ក្រុមប្រដាប់​អាវុធ​​លីបង់​នេះ​បាន​ថតប្រតិបត្តិការរបស់​ខ្លួន​ ​ហើយ​​បង្ហោះ​ផ្សព្វ​ផ្សាយ​។ ទី​តាំង​និង​បន្ទាយ​យោធា​អ៊ីស្រាអែល​​៥កន្លែង​បាន​រង​ការ​បំផ្លាញ​​ពី​សំណាក់​ចលនា​ហេសបូឡា​លីបង់​ក្នុង​មួយ​ថ្ងៃអាទិត្យ​ទី ២២​តុលាម្សិលមិញដែល​​ថែម​ទាំង​ប្រកាស​ថា​មាន​ជន​រងគ្រោះ​និង​​ការ​ខូច​ខាត​យ៉ាងច្រើន ប៉ះពាល់​ដល់​ជន​ស៊ីវិល​ផង​និង​យោធា​ផង។

ចំណែក​ខាង​អ៊ីស្រាអែល​វិញ​បាន​បាញ់​គ្រាប់​បែក​ត្បាល់​ជា​ច្រើន​ចូល​ទៅ​​ដែនដី​លីបង់​ ក្នុង​ជម្រៅ​ប្រមាណ​៥​គីឡូម៉ែត្រ​។ កង​ទ័ព​អាកាស​ក៏​ធ្វើចេញ​​សកម្មភាព​ដែរ ដោយ​បាន​កម្ទេច​កងកម្មង់ដូ​បីនាក់​និង​ចាប់​បាន​ដ្រូន​មួយ​គ្រឿង​ហោះ​មក​ពី​ភាគ​ខាង​ត្បូង​លីបង់។

កង​កម្លាំង​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅលីបង់​ កាកបាទក្រហម​ និង​យោធា​ជាតិ​លី​បង់​បាន​សាកល្បង​ធ្វើ​អន្តរការី​ដើម្បី​អាច​អូស​សាកសព​យុទ្ធជន​ជា​ច្រើន​ដែល​ស្លាប់​នៅ​ជិត​ព្រំដែន​ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ។ ជា​សរុប​មាន​យុទ្ធជន​ហេសបូឡា​លីបង់​២៥នាក់​បាន​បាត់​បង់ជីវិត​ក្នុង​នោះ​១០​នាក់​ក្នុង​មួយ​ថ្ងៃ​ម្សិលមិញ។ ​ខាង​អ៊ីស្រាអែល​ យោធា​បានបង្កើន​ការ​​ជម្លៀស​ប្រជាពលរដ្ឋ​​​ចេញ​ពី​ភូមិ​ឋាន​​ដែលស្ថិត​នៅ​ចម្ងាយ​​បួន​គីឡូម៉ែត្រ​ពី​ព្រំដែន​លី​បង់។ ក្រៅ​អំពីបើក​សមរភូមិ​ប្រយុទ្ធ​ដោយ​ចំហ​ជា​យថាហេតុ​ជាមួយ​លីបង់​ អ៊ីស្រាអែល​ទំនង​ត្រូវ​បើក​សមរភូមិ​ប្រយុទ្ធ​មួយ​ទៀត​ជាមួយ​ស៊ីរី​ ដោយ​ចាប់​ផ្តើម​វាយប្រហារ​ដោយ​មីស៊ីល​​លើ​អាកាសយានដ្ឋាន​ក្រុង​ដាម៉ា​ស​និ​ងអាឡិប​ផង តែ​ការ​វាយប្រហារ​បែប​នេះ​អ៊ីស្រាអែល​កម្រ​ទទួល​ស្គាល់​ថា​ជា​ទង្វើ​របស់​ខ្លួន​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ