អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស៖ អ.ស.ប.​អនុម័ត ​​​​“បទឈប់​​​បាញ់​មនុស្សធម៌”នៅ​ហ្កាហ្សា

ថ្ងៃទី ២៧​តុលា​ ២០២៣​ ​ពោលគឺ ២១ ថ្ងៃក្រោយសង្គ្រាមក្នុងតំបន់ហ្កាហ្សាបានផ្ទុះឡើង អង្គការ​សហប្រជាជាតិបាន​បោះឆ្នោត​ ក្នុង​សំឡេង​ភាគ​ច្រើន ​ទាមទារ​ឱ្យ​អ៊ីស្រាអែល​​ “​​ឈប់​​បាញ់​​ភ្លាម​ដើម្បីមនុស្សធម៌”​។ ​​អ៊ីស្រាអែល​ដែល​កំពុង​តែ​ពង្រីក​ប្រតិបត្តិការ​វាយលុក​ចូលក្នុង​​តំបន់​ហ្កាហ្សា ​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង​នឹង​សេចក្តីសម្រេច​របស់​​អង្គការ​សហប្រជាជាតិ​នេះ។

អង្គការ​សហប្រជាជាតិ​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច​ ផ្អាក​បាញ់​លើ​ហ្កាហ្សា នៅយប់​ថ្ងៃទី ២៧​តុលា​២០២៣ នៅ​ញូវយ៉ក
អង្គការ​សហប្រជាជាតិ​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច​ ផ្អាក​បាញ់​លើ​ហ្កាហ្សា នៅយប់​ថ្ងៃទី ២៧​តុលា​២០២៣ នៅ​ញូវយ៉ក AP - Bebeto Matthews
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បរាជ័យផ្ទួនៗ​ដល់​ទៅ​បួន​លើកក្នុង​រយៈ​ពេល​តែ​១០​ថ្ងៃ​​នៅ​ក្រុមប្រឹក្សា​សន្តិសុខមក​ ​អង្គការ​សហប្រជាជាតិបាន​ប្រជុំ​គ្នា​ស្វែង​រក​សេចក្តី​សម្រេចចិត្ត​ឱ្យ​សំណុំ​រឿង​សង្គ្រាម​អ៊ីស្រាអែល​-ហាម៉ាស​នៅហ្កាហ្សាម្តង។ នៅ​ថ្ងៃ​សុក្រ​ទី​២៧​តុលា មហា​សន្និបាត​អង្គការ​ប្រជាជាតិ​បាន​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេចចិត្ត ក្នុងសំឡេង​ភាគច្រើនក្រោម​ស្នូរ​ទះ​ដៃ​យ៉ាង​កង​រំពង​។ ក្នុង​ចំណោម​សមាជិក​ទាំង​១៩៣​ប្រទេស មាន​​១២០​ប្រទេសបាន​បោះឆ្នោត​គាំទ្រ ​​៤៥ប្រទេសអនុប្បវាទ​ និង​​១៤​ប្រទេសដែល​មាន​​​​អ៊ីស្រាអែល​​និង​អាមេរិកផងបាន​​ប្រឆាំង។

សេចក្តី​សម្រេច​ចិត្ត​​ដែល​គ្មាន​លក្ខណៈ​ចាប់​បង្ខិត​បង្ខំឱ្យ​គោរព​ ទាមទារ​​ឱ្យមាន​ការ​​ផ្អាក​បាញ់​​​មនុស្សធម៌​ ភ្លាម​ ជា​និរន្ត​និង​ស្ថិតស្ថេរ ដើម្បី​ឈាន​ដល់​ការ​បិទ​បញ្ចប់​ប្រតិបត្តិការ​យោធា​ទាំង​ស្រុង​។ ជាមួយ​នឹងការ​​​ថ្កោល​ទោស​រាប់​គ្រប់​ទង្វើ​ហិង្សា មាន​ជាអាទិ៍​ទង្វើ​បែប​ភេរវកម្ម​និង​ការ​វាយប្រហារ​ ​លើ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​និ​ងអ៊ីស្រាអែល​ សេចក្តី​សម្រេចចិត្ត​ដែល​គ្មាន​ពាក្យ​ហាម៉ាសមួយម៉ាត់ ផ្តោត​សំខាន់​ទៅ​លើ​ស្ថានភាព​មនុស្សធម៌​នៅ​តំបន់​ហ្កាហ្សា​ ដោយ​ស្នើ​ឱ្យ​មាន​ការ​ផ្តល់​ភ្លាម​នូវ​ ទឹកស្បៀងអាហារ ប្រេង ភ្លើង​អគ្គិសនី ដោយ​គ្មាន​ការរារាំង។

ឯកអគ្គរដ្ឋ​ទូត​ប៉ាឡេស្ទីន​ប្រចាំ​​អង្គការ​សហប្រជាជាតិ​​បាន​ផ្ទុះអំណរ​និង​ថ្លែង​អំណរគុណ​អង្គមហា​សន្និបាត​ដែលសេចក្តីក្លាហាន​សុំ​ឱ្យ​បញ្ឈប់​សង្គ្រាម​ បញ្ឈប់​ការ​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​។ ចលនា​ហាម៉ាស​ក៏​ស្វាគមសេចក្តី​សម្រេចចិត្ត​អង្គការ​ប្រជាជាតិ​ដែរ ដោយ​ជំរុញ​ឱ្យ​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ដល់​ជន​ស៊ីវិល​​ចាប់​ដំណើរការ​ភ្លាម។

ប៉ុន្តែសម្រាប់​​អ៊ីស្រាអែល​ដែល​ក្រេវក្រោធ​ អ៊ីស្រាអែល​បាន​ប្រកាស​ចាត់​ទុក​សេចក្តី​សម្រេចចិត្ត​អង្គការ​ប្រជាជាតិ​ថា​ជា​សេចក្តីសម្រេច​ដ៏ទុយ៌ស ជា​ថ្ងៃ​ដ៏​អាប់​អួរ​សម្រាប់​អង្គការ​សហប្រជាជាតិ​និង​មនុស្សជាតិ។ ឯកអគ្គរដ្ឋ​ទូត​អ៊ីស្រាអែល​បាន​សន្យា​បន្ត​ប្រើ​គ្រប់មធ្យោបាយ​ដែល​ខ្លួន​មាន ដើម្បី​កម្ទេច​ចលនា​ហាម៉ាស​ពី​ពិភពលោក។

ជា​ការ​ពិត​ ក្នុង​យប់​ថ្ងៃ​សុក្រ​​ខណៈ​​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​អនុម័ត​សេចក្តី​សម្រេច​ចិត្តនោះ ផ្ទៃ​មេឃ​លើ​តំបន់​ហ្កាហ្សា​បាន​ឡើង​លឿងទុំ​​និង​ក្រហម​ព្រាត​ ព្រោះ​​យោធា​អ៊ីស្រាអែល​បន្ត​និង​បង្កើន​​ផ្លោង​វាយប្រហារ​តាម​ផ្លូវ​អាកាសកាន់​តែ​សន្ធាប់​ខ្លាំង​​ផង ពង្រីកប្រតិបត្តិការ​វាយលុក​តាម​ផ្លូវ​គោកផង។ កងទ័ព​អ៊ីស្រាអែល​បានអះអាង​ថា​​​ការ​វាយប្រហារ​លើ​ហ្កាហ្សា​បានសម្រេច​លទ្ធផលគួរ​ជាទី​​កត់​សម្គាល់មែនទែន។ ផ្ទាំង​ស៊ីប​ក្រោម​ដី ​ ខ្លះ​ជា​​រូងផ្លូវខ្លះ​ជា​ទីតាំង​ប្រយុទ្ធ​​​របស់​​​ពួក​ហាម៉ាស​ចំនួន​១៥០​កន្លែង​នៅខាង​ជើង​ហ្កាហ្សា​ត្រូវ​បាន​បំផ្លាញ​​មេបញ្ជាការ​នៃ​កង​ទ័ព​អាកាស​ហាម៉ាស​ម្នាក់​ត្រូវ​បានសម្លាប់។ ខាង​ហាម៉ាស​បាន​ប្រកាស​ថា​អាគារ​​​និង​ផ្ទះ​សម្បែង​រាប់​រយ​ខ្នង​បាន​បាក់​រលំ​ខ្ទេច​ខ្ទី​​នៅយប់​មិញ​ដោយ​គ្រាប់​ផ្លោង​អ៊ីស្រាអែល បណ្តាញ​ទូរគមនាគមន៍​និង​អ៊ីនធ័រនែត​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ហ្កាហ្សា។ អ្នក​កាសែត​ ភ្នាក់ងារ​នានា​អង្គការ​សហប្រជាជាតិ​ លែង​អាច​ទាក់ទង​ក្រុមការងារ​របស់​ខ្លួន​នៅក្នុង​តំបន់​ហ្កាហ្សា​បាន​ទៀត​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ