អានតួអត្ថបទ

អ៊ីស្រាអែល​និងក្រុមហាម៉ាសបង្ហាញ​សញ្ញា​ចង់ចរចាបទឈប់បាញ់លើកទី២

នៅ​​ថ្ងៃពុធ ទី​២០​ធ្នូ មេ​​ដឹកនាំ​ក្រុមហាម៉ាស លោក អ៊ីស្មាអ៊ីល ហានីយេហ៍​ បា​នអញ្ជើញ​ធ្វើ​ដំណើរចាកចេញ​​ពីប្រទេស​កាតារ​ ទៅ​ដល់​រដ្ឋធានីគែរ​ហើយ​។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​ចលនា​ក្រុម​ហាម៉ាស និងដែលបាន​​បញ្ជាក់ថាទៀត ដំណើរទៅកាន់ប្រទេស​អេហ្ស៊ីបរបស់​ថ្នាក់ដឹកនាំ​ហាម៉ាសរូប​​នេះ គឺ​ដើម្បីចរចា​បទឈប់បាញ់​នៅ​តំបន់ហ្គាហ្សា។ ដំណឹង​នេះគឺបន្ទាប់ភាគីខាងកង​ទ័ព​​អ៊ីស្រាអែល ​បាន​បង្ហាញ​ជំហរថា​​ត្រៀមខ្លួន​រួច​រាល់​ ដើម្បី​ផ្អាក​ការ​វាយ​ប្រហារ សម្រាប់​ចរចា​ដោះដូរ​ចំណាប់​ខ្មាំង។

មេដឹកនាំក្រុមហាម៉ាស់ប៉ាឡេស្ទីន លោក អ៊ីស្មាអ៊ីល ហានីយេហ៍ ​ដែលសព្វថ្ងៃនេះ តាំងមូលដ្ឋាន​​នៅប្រទេសកាតារ។​
មេដឹកនាំក្រុមហាម៉ាស់ប៉ាឡេស្ទីន លោក អ៊ីស្មាអ៊ីល ហានីយេហ៍ ​ដែលសព្វថ្ងៃនេះ តាំងមូលដ្ឋាន​​នៅប្រទេសកាតារ។​ REUTERS - AZIZ TAHER
ផ្សាយពាណិជ្ជកម្ម

បើតាម​ប្រភព​ពី​ក្រុម​ហាម៉ាស ដែល​ទីភ្នាក់​ងារព័ត៌មាន​បារាំងអាអេហ្វប៉េ​​ទទួល​បាន គឺ មេដឹកនាំក្រុមហាម៉ាស់ លោក អ៊ីស្មាអ៊ីល ហានីយេហ៍ នឹង​ជួប​ជាមួយ ប្រធាន​ចារកិច្ចអេហ្ស៊ីប លោក អាប្បាស កាមែល រកផ្លូវ​បញ្ឈប់​អំពើហិង្សា​ និង​ផ្អាក​សង្គ្រាម​បាញ់​បោះ ដើម្បីនឹង​ត្រៀម​រៀប​ចំ​កិច្ចព្រមព្រៀង​ដោះដូរ​ចំណាប់​ខ្មាំង​​។ ទន្ទឹម​នឹងគ្នា​នោះ មេក្រុមចលនាជីហាតអ៊ីស្លាម​ប៉ាឡេស្ទីន លោក ហ្សាដ អាល-ណាខាឡា ដែល​ឈរជើងផ្ទាល់​នៅ​តំបន់​ហ្គាហ្សា ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​គែរ ដើម្បី​ពិភាក្សា​គ្នាដែរ​ នៅ​សប្តាហ៍​ថ្មី។​

ចំណែក​ភាគី​អ៊ីស្រាអែល ប្រធានាធិបតី​ លោក អ៊ីសាក់ ហែរហ្សុក​ បាន​ប្រកាស​នៅថ្ងៃអង្គារ ទី​១៩ធ្នូថា​ ប្រទេស​អ៊ីស្រាអែល បាន​ត្រៀម​ខ្លួន​ស្រេច​ ដើម្បី​អនុញ្ញាតឲ្យ​មាន​ជំនួយ​មនុស្សធម៌​ជាថ្មីថែមទៀត និង​ដើម្បី​រំដោះ​ចំណាប់​ខ្មាំងឲ្យ​មាន​សេរីភាព​។​ បើតាម​ទិន្នន័យ​របស់​អាជ្ញាធរ​អ៊ីស្រាអែល គឺតាំងពី​ផ្ទុះ​ការ​វាយ​ប្រហារ​នៅថ្ងៃទី​៧តុលាមក ​ក្រុម​ហាម៉ាស​ បាន​ចាប់​ចំណាប់​ខ្មាំង​​​ ចំនួនប្រមាណ​ ២៥០ នាក់ ហើយខណៈ​នេះ នៅមាន​មនុស្ស​ ​១២៩នាក់ទៀត​ ​កំពុង​តែ​បន្ត​ជាប់​ឃុំ​នៅឡើយ ​ឋិតនៅតំបន់ហ្គាហ្សា ​ក្នុង​កណ្តាប់​ដៃ​ក្រុម​ហាម៉ាស។​

ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​របស់​ចំណាប់​ខ្មាំង នាថ្ងៃ​អង្គារ ទី​១៩ធ្នូ លោក បេនចាមិន នេតាន់យ៉ាហ៊ូ ​​បង្ហើប​ឲ្យដឹង​ថា ថ្មីៗនេះ​ រដ្ឋាភិបាល​អ៊ីស្រាអែល បាន​បញ្ជូន​ប្រធាន​ចារកិច្ច​មូស្សាដ ទៅ​អឺរ៉ុប​ ២ លើក ដើម្បីស្វែងរក​​ការ​ជំរុញ​ឲ្យដោះលែង​ចំណាប់​ខ្មាំង។​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សង្កត់​សម្តី​ទៀត​ថា «កាតព្វកិច្ចរបស់​យើង គឺ​នាំ​ពួក​គេ​ត្រឡប់​មកផ្ទះវិញ»។​

គួរ​រំឭកជូនថា ​អេហ្ស៊ីប និង​កាតារ ជាប្រទេសដែល​ដើរតួ​យ៉ាងសំខាន់​ នៅក្នុងការរៀបចំ​​​ចរចា​​​​បទ​ឈប់​បាញ់​លើកទី១ ចំនួន ​១ សប្តាហ៍ នៅចុង​ខែវិច្ឆកា និងដើម​ខែ​ធ្នូកន្លងទៅ​។ ពេលនោះ ​ភាគីជម្លោះ​ទាំងពីរ អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ បា​នដោះដូរ​ចំណាប់​ខ្មាំង ច្រើន​សិបនាក់​។​ ភាគី​​អ៊ីស្រាអែល ទទួល​បាន​ មនុស្ស ៨០នាក់ ត្រឡប់​មក​ផ្ទះវិញ​ ហើយ​ក្រុម​ហាម៉ាសប៉ាឡេស្ទីន ទទួល​បាន​ ២៤០ នាក់៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ