អានតួអត្ថបទ
យេម៉ែន-ចរាចរណ៍​នាវា

ប្រឈមនឹង​​អសន្តិសុខ​នៅ​តំបន់​សមុទ្រ​ក្រហម ក្រុមហ៊ុន​ដឹកជញ្ជូន​​ផ្លូវ​សមុទ្រMaersk ​ផ្អាក​​ចរាចរណ៍​​​នាវា

ក្រុមហ៊ុនដាណឺម៉ាក ផ្នែក​​ដឹកជញ្ជូន​ផ្លូវសមុទ្រដ៏ធំបំផុត​មួយ ឈ្មោះ M​​aersk បាន​សម្រេចនៅ​ថ្ងៃសៅរ៍​ទី​១៦ធ្នូថា នឹងផ្អាកការធ្វើចរាចរណ៍​របស់នាវាខ្លួនទាំងអស់ នៅច្រកសមុទ្រ​​​ Bab al-Mandab ដែលជាច្រក​ឆ្លងកាត់ រវាង​សមុទ្រក្រហម និង​មហាសមុទ្រឥណ្ឌា ស្ថិតនៅកៀកនឹង​យេម៉ែន។ ការ​សម្រេចដូចនេះ គឺបន្ទាប់​ពី​​ក្រុមឧទ្ទាមហ៊ូទី បានគំរាម និង​បានបើកការវាយ​ប្រហារ​ជាច្រើនលើក ទៅលើនាវាដឹកទំនិញអន្តរជាតិ ដែលឆ្លងកាត់ច្រកសមុទ្រនេះ​។

ក្រុមឧទ្ទាមនៅឆ្នេរសមុទ្រ បន្ទាប់ពីបានវាយប្រហារ​ ប្លន់យកនាវាដឹកទំនិញ​​​ the Galaxy Leader កាលពីចុងខែ​វិច្ឆិកា​។ ឆ្នេរ al-Salif ដែនដីយេម៉ែន ថ្ងៃទី៥ ធ្នូ ២០២៣
ក្រុមឧទ្ទាមនៅឆ្នេរសមុទ្រ បន្ទាប់ពីបានវាយប្រហារ​ ប្លន់យកនាវាដឹកទំនិញ​​​ the Galaxy Leader កាលពីចុងខែ​វិច្ឆិកា​។ ឆ្នេរ al-Salif ដែនដីយេម៉ែន ថ្ងៃទី៥ ធ្នូ ២០២៣ REUTERS - KHALED ABDULLAH
ផ្សាយពាណិជ្ជកម្ម

ការផ្អាកចរាចរណ៍នាវារបស់ក្រុមហ៊ុន​ Maersk នឹងត្រូវធ្វើដោយ​គ្មានពេល​កំណត់ រហូត​ទាល់តែ​មាន​ការសម្រេចថ្មីណាមួយទៀត ដោយ​ផ្អែក​លើស្ថានការណ៍​សន្តិសុខ​។ ផ្អែក​តាម​មន្ត្រី​កងទ័ពអាមេរិក ប្រចាំនៅ​តំបន់ដើមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ ក្រុមឧទ្ទាមហ៊ូទីបានបាញ់​មីស៊ីល​ សំដៅ​មកលើ​នាវាមួយគ្រឿង របស់ក្រុមហ៊ុន Maersk ក៏ប៉ុន្តែបានធ្លាក់ខុសគោលដៅ​។

គួរបញ្ជាក់ថា ច្រកសមុទ្រ Bab al-Mandab ស្ថិតនៅចន្លោះ យេម៉ែននិងជីប៊ូទី គឺជាផ្លូវ​ឆ្លងកាត់តែមួយគត់ សម្រាប់នាវាដឹកទំនិញ ដែលឆ្លងកាត់​សមុទ្រក្រហម តាមព្រែកជីកស៊ុយអេ។ ស្ថានការណ៍​សន្តិសុខ​តំបន់នេះ នៅក្នុង​បរិបទ​សង្គ្រាមនៅហ្កាហ្សា កំពុងតែធ្វើ​ឲ្យ​គេព្រួយបារម្ភជាខ្លាំង ថាវាអាចប៉ះពាល់ ដល់ការដឹកជញ្ជូនទំនិញអន្តរជាតិ​។  ក្រុមឧទ្ទាមហ៊ូទីយេម៉ែន​ ដែលជាកូនចៅរបស់អ៊ីរ៉ង់ ​បានប្រកាសគំរាមថានឹងបាញ់កម្ទេចនាវាដឹកទំនិញទាំងអស់ ដែលឆ្លងកាត់ច្រកសមុទ្រ​​នេះ ប្រសិនបើនាវានោះមានពាក់​ព័ន្ធជាមួយ​អ៊ីស្រាអែល។

កាលពី​ថ្ងៃសុក្រទី​១៥ធ្នូ ក្រុមឧទ្ទាមហ៊ូទី បានបាញ់មីស៊ីល​២គ្រាប់ សំដៅទៅលើនាវា​ដឹកទំនិញ​២គ្រឿង ឈ្មោះ MSC Alanya និង MSC Palatium III។ នៅក្នុង​កម្មវិធីបាតុម្ម​គាំទ្រក្រុមហាម៉ាស រៀបចំឡើងដោយ​ក្រុមហ៊ូទីនៅ​ក្រុងសាណា អ្នកនាំពាក្យ​យោធាហ៊ូទី​​ឈ្មោះ Yehya Sari បានអះអាងថា​ក្រុមខ្លួន បាន​បាញ់មីស៊ីល​ទៅលើនាវាទាំង២ បន្ទាប់​ពីក្រុមនាវិក ​មិនព្រមឆ្លើយ​ទៅតាម​ការទាក់ទង​ របស់​អាជ្ញាធរយេម៉ែន។

ផ្អែកតាម​ អគ្គបញ្ជាការដ្ឋាន​កងទ័ពអាមេរិក​ប្រចាំតំបន់ដើមបូព៌ា ហៅកាត់ថា Centcom គឺមីស៊ីលបាលីស្ទីក​មួយគ្រាប់របស់​ក្រុមហ៊ូទី បានប៉ះទៅលើនាវា ​Palatium ចំណែកនាវា Alanya មិនបានរងគ្រោះទេ។ ដោយឡែក នាវាដឹកទំនិញមួយទៀត ឈ្មោះ Al-Jasrah ដោតទង់ជាតិ​លីបេរីយ៉ា និងជាកម្មសិទ្ធិរបស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Hapag-Lloyd ត្រូវបាន​ដ្រូន​មួយគ្រឿងរបស់​ក្រុមឧទ្ទាមហ៊ូទី វាយ​ប្រហារចំ ​បង្កឲ្យ​មានមានអគ្គីភ័យ មុននឹងត្រូវគេពន្លត់​ទាន់។ ផ្អែកតាម Centcom ដដែល បច្ចុប្បន្ននាវានេះ បាន​បន្តដំណើរឆ្ពោះទៅ​សិង្ហបុរីហើយ​។ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវសមុទ្រអាល្លឺម៉ង់ Hapag-Lloyd បានប្រកាសដែរ ថាក្រោយ​ហេតុការណ៍​នេះ ខ្លួនបានសម្រេច​ផ្អាកចរាចរណ៍​នាវាខ្លួនទាំងអស់ នៅតំបន់សមុទ្រក្រហម យ៉ាងហោចរហូតដល់ថ្ងៃចន្ទសប្តាហ៍​ក្រោយ ទំរាំស្ថានការណ៍​សន្តិសុខត្រលប់​មកប្រក្រតី​វិញ​។

សូមរំលឹកដែរថា កាលពីដើមសប្តាហ៍​នេះ កងទ័ពបារាំងប្រចាំការនៅក្នុងសមុទ្រក្រហម បានវាយ​កម្ទេចបានដ្រូន​២គ្រឿងរបស់​ក្រុមឧទ្ទាមហ៊ូទី ដែលប៉ុនប៉ងវាយ​ប្រហារមកលើ​នាវាបារាំង។ ហើយ​នៅថ្ងៃសៅរ៍ទី​១៦ធ្នូ លោក Grant Shapps រដ្ឋមន្ត្រី​ការពារជាតិអង់គ្លេសបាន​បញ្ជាក់ថា នាវាចម្បាំង​អង់គ្លេស HMS Diamond បានបាញ់កម្ទេចដ្រូនមួយគ្រឿង របស់ក្រុមឧទ្ទាមហ៊ូទី ដែល​ប៉ុន​ប៉ង​វាយប្រហារមកលើ​នាវាដឹកទំនិញឯកជន នៅក្នុង​សមុទ្រក្រហម កាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍​។

ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃសុក្រ លោកស្រី​រដ្ឋមន្ត្រី​ការបរទេសអាល្លឺម៉ង់ Annalena Baerbock បានលើកឡើងថា ក្រុមឧទ្ទាមហ៊ូទី ត្រូវតែ​ឈប់វាយប្រហារមក​លើ​នាវាដឹកទំនិញស៊ីវីល នៅក្នុងសមុទ្រក្រហម ជាបន្ទាន់​។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច​នៅអ៊ីស្រាអែល បាន​លើកឡើងថា សហរដ្ឋអាមេរិកនឹង​សហការជាមួយ​គ្រប់ភាគីទាំងអស់ ដើម្បីការពារសន្តិសុខនៅតំបន់សមុទ្រក្រហម។ លោក​បានទទួលស្គាល់ថា​ ការគំរាម​របស់​ក្រុមឧទ្ទាមហ៊ូទី មកលើសន្តិសុខនាវាដឹកទំនិញ គឺជាការគំរាមជាក់ស្តែង មិនអាចប្រហែសបានទេ ពោលគឺ​ត្រូវ​តែពិចារណា​គ្រប់ជម្រើសទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ