អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា

កម្ចាត់​មេកើយ​ទីពីរបស់​ហាម៉ាសជា​របត់​ថ្មី​នៃ​សង្គ្រាម​ហ្កាហ្សា?

បើ​តាម​ហាម៉ាស មេកើយលំដាប់​ទីពី​របស់​ចលនា​ហាម៉ាសប៉ាឡេស្ទីន សាឡេះ អាល់-អារួរី បាន​ស្លាប់​នៅ​ថ្ងៃទី​២​មករា​ ក្នុង​ជំរំ​ហេសបូឡា ក្បែរ​ទីក្រុង​បេរ៉ូត​ប្រទេស​លីបង់ ដោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ នេះជា​ការ​វាយប្រហារ​តាម​ផ្លូវអាកាសលើក​ទី​មួយរបស់​អ៊ីស្រាអែល ទៅលើ​​តំបន់​ជាយ​ក្រុង​បេរ៉ូត​ គិត​ចាប់​តាំងពី​ឆ្នាំ​២០០៦​មក។ ហេតុការណ៍​នេះ ​កើតឡើងតែ​មួយ​ថ្ងៃមុន​សុន្ទរកថា​របស់​ប្រមុខ​ដឹកនាំ​ចលនា​ហេសបូឡាលីបង់ លោក ហាសាន ណាស្រាឡា។ ហេសបូឡា ធ្លាប់​ព្រមាន​បញ្ចេញ​ប្រតិកម្មតបត​យ៉ាង​ខ្លាំងក្លា​​​ ក្នុង​ករណី​អ៊ីស្រាអែលហ៊ាន​​កម្ចាត់​សាឡេះអាល់អារួរី។

មេកើយ​លំដាប់​ទី​ពីរ​របស់​ចលនា​ហាម៉ាស Saleh al-Arouri ស្លាប់​​ក្នុងការ​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​ក្រុង​បេរ៉ូត​ប្រទេស​លីបង់ ថ្ងៃទី ២​មករា​២០២៤
មេកើយ​លំដាប់​ទី​ពីរ​របស់​ចលនា​ហាម៉ាស Saleh al-Arouri ស្លាប់​​ក្នុងការ​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​ក្រុង​បេរ៉ូត​ប្រទេស​លីបង់ ថ្ងៃទី ២​មករា​២០២៤ AFP - -
ផ្សាយពាណិជ្ជកម្ម

​អនុប្រធាន​ការិយាល័យ​នយោបាយ​ហាម៉ាស និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​តំបន់​ស៊ីហ្សកដានី​ប៉ាឡេស្ទីនសាឡេះ អាល់-អារួរីដែលជាឥស្សរជន​ដ៏​សំខាន់​លំដាប់​ទីពី​របស់​ចលនាអ៊ីស្លាម​​ហាម៉ាសប៉ាឡេស្ទីន បាន​ស្លាប់​នៅ​ថ្ងៃទី​២​មករា២០២៤​ ក្នុង​ជំរំ​ហេសបូឡា ប្រទេស​លីបង់។

តើ​អាឡេះអាល់អារួរីជា​នរណា?

Saleh al-Arouri,ថ្លែង​ក្រោយ​ចុះ​កិច្ចព្រមព្រៀង​​ផ្សះផ្សា​ នៅក្រុងគែរ​ប្រទេស​អេហ្ស៊ីប ថ្ងៃ​១២​តុលា​២០១៧
Saleh al-Arouri,ថ្លែង​ក្រោយ​ចុះ​កិច្ចព្រមព្រៀង​​ផ្សះផ្សា​ នៅក្រុងគែរ​ប្រទេស​អេហ្ស៊ីប ថ្ងៃ​១២​តុលា​២០១៧ REUTERS - AMR ABDALLAH DALSH

បន្ទាប់​ពី​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ និង​បាន​ទទួល​សេរីភាពនៅ​ឆ្នាំ​២០១០ ​​ជា​ថ្នូរ​នឹងការធ្វើ​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស សាឡេះ​អាល់អារួរី បាន​មក​តាំង​ទី​ក្នុង​ប្រទេស​លីបង់។​ សាឡេះអាល់អារួរី​​ជា​សកម្មជន​ដ៏​រស់​រើក​ គាំទ្រ​ឱ្យ​មាន​​សហប្រតិបត្តិការ​យ៉ាង​ល្អិត​ល្មួត​ជាមួយ​អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​​មាន​ជាអាទិ៍​ចលនា​ហេសបូឡា។ មេកើយ​​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​បាន​ចូល​រួម​បង្កើត​សាខាប្រដាប់​អាវុធហាម៉ាស​ Al-Qassam ដែល​មាន​ទម្រង់​និង​រចនា​សម្ព័ន្ធ​ដូចជា​យោធា​ប្រទេស​មួយ។

សម្រាប់​អ៊ីស្រាអែល សាឡេះអាល់អារួរី ​ជា​មេកើយ​​ដ៏​សំខាន់ម្នាក់ខាង​ដឹកនាំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ផ្សេងៗ​ប្រឆាំង​នឹង​អ៊ីស្រាអែល​នៅ​ស៊ីហ្សកដានី និងជា​មេ​គំនិត​រៀប​ចំ​ផែនការឆ្មក់​​វាយប្រហារ​អ៊ីស្រាអែល​ នៅ​ថ្ងៃទី​៧​តុលា​២០២៣ ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​អ៊ីស្រាអែល​នៅ​ហ្កាហ្សា។ តាំងពី​ផ្តើម​សង្គ្រាម​ភ្លាម​ អ៊ីស្រាអែល​បាន​បង្ហាញ​ឆន្ទៈ​ចង់​កម្ចាត់​​អ្នក​ទទួល​ខុស​ត្រូវ​ចលនា​ហាម៉ាសមាន​ពាក់​ព័ន្ធ​នឹង​ការ​វាយប្រហារ​ថ្ងៃទី​៧តុលា​ឱ្យ​ខ្ទេច​អស់។ លោ​កនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ​បានប្រគល់​បេសកកម្ម​នេះ​ទៅ​ឱ្យ​ក្រុមចារកិច្ច​អ៊ីស្រាអែល។

តើ​អាច​នឹង​មាន​ការ​តបត​យ៉ាងណា?

នៅ​ចុង​ខែ​តុលា២០២៣​ យោធា​អ៊ីស្រាអែល​បាន​ទៅ​ដាក់​គ្រាប់​បំផ្ទុះ​ផ្ទះ​​ដ៏​ទទេស្អាត​របស់​សាឡេះអាល់អារួរី​ នៅដែន​ដី​អាណានិគម​​ស៊ីហ្សកដានី​រួច​ហើយ។ ប៉ុន្តែ​អ៊ីស្រាអែលទាំង​មូល​​មិន​បញ្ជាក់​អ្វី​ទាំងអស់​ទាក់ទង​នឹង​ការ​វាយប្រហារ​ ថ្ងៃទី ២​មករា​២០២៤ សម្លាប់​មេកើយ​ចលនា​ហាម៉ាស​នេះ។ ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ត្រឹម​ប្រកាស​ថា ​“នរណាជា​អ្នក​វាយប្រហារ​​មិន​សំខាន់​ឡើយ​។ អ្វី​ដែល​ច្បាស់​គឺមិនមែន​ជា​ការ​វាយប្រហារ​លើ​រដ្ឋ​​លីបង់​ទេ តែ​ជា​ការ​វាយចោះ​​កម្ទេច​ក្បាល​ម៉ាស៊ីនគ្រប់គ្រង​ចលនា​ហាម៉ាស។” ដោយ​មិន​និយា​យ​ឱ្យ​ចំ​ពី​ការ​វាយប្រហារ​សម្លាប់សាឡេះអាល់អារួរី ​យោធា​អ៊ីស្រាអែលបាន​ប្រកាស​​ត្រៀមលក្ខណៈ​ខ្ពស់​ស្រេច​បាច់​​ប្រឈម​នឹង​គ្រប់​សេណារីយូ​ទាំងអស់នៃសង្គ្រាម​នៅហ្កាហ្សា។

ប៉ុន្តែ​​នាយករដ្ឋមន្ត្រីស្តីទី​​លីបង់​ បាន​បរិហារដោយ​គ្មាន​បង្អង់​ថា​អ៊ីស្រាអែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ថ្មី និង​ប៉ុនប៉ង​រុញច្រាន​លីបង់​ជា​ថ្មី​ឱ្យ​លូក​ដៃ​ក្នុង​សង្គ្រាម​នៅហ្កាហ្សា។ ចំណែក​ក្រុមហេសបូឡា ដែល​តែងតែ​តតាំង​ជាមួយ​យោធា​អ៊ីស្រាអែល​នៅ​តាម​ព្រំដែន បាន​ព្រមាន​ថា​ការ​ស្លាប់​របស់​សាឡេះ​អាល់អារួរី នៅ​ក្រុង​បេរ៉ូត គឺ​ជា​ការ​ឈ្លាន​ពាន​ប្រទេស​លីបង់ និង​មិន​អាច​អត់​ទោស​ឱ្យ​បាន​ឡើយ​ -ត្រូវ​តែ​មាន​ការ​តបតសងសឹក។ ប្រមុខ​ចលនា​ហេសបូឡា​លីបង់ ត្រូវ​ធ្វើ​សុន្ទរកថា​នៅ​ល្ងាច​ថ្ងៃពុធ​ទី​៣​មករា​២០២៤នេះ។

រីឯ​ប្រធានាធិបតី​បារាំង​វិញ បាន​អំពាវនាវឱ្យ​អ៊ីស្រាអែល​បញ្ចៀស​រាល់​គ្រប់​ឥរិយាបថ​ដែល​បង្កើន​ភាព​តាន​តឹង​ជាពិសេស​ជាមួយ​លីបង់ និង​ប្រឹង​ធ្វើ​យ៉ាងណា​នាំ​ឱ្យ​មាន​បទ​ឈប់​បាញ់​អ៊ីស្រាអែល​ហាម៉ាស​នៅ​ហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ