អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ឧបទ្វីបកូរ៉េ៖​ទាហាន​ជើងទឹក​កូរ៉េខាងត្បូង​បាញ់​ព្រមាន​នាវា​កូរ៉េខាងជើង​ដែល​បើក​ឆ្លងដែន

ភាព​តានតឹង​បាន​កើន​មួយ​កម្រិត​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង។ នៅ​ថ្ងៃ​សុក្រ ទី២៧ ឧសភា​នេះ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ថា កងល្បាត​សមុទ្រ​របស់​កូរ៉េខាងត្បូង​បាន​បាញ់​សម្លុត​ព្រមាន​លើ​កងល្បាត​សមុទ្រ​កូរ៉េខាងជើង និង​នាវា​នេសាទ​កូរ៉េខាងជើង​ដែល​បាន​បរ​ឆ្លង​ព្រំដែន​សមុទ្រ​ខ័ណ្ឌចែក​ដែនដី​ទាំង​ពីរ​តាំង​ពី​ក្រោយ​បញ្ចប់​សង្រ្គាម​កូរ៉េ​ឆ្នាំ ១៩៥០ ១៩៥៣។

ឧបទ្វីបកូរ៉េ៖ទាហានជើងទឹកកូរ៉េខាងត្បូងបាញ់ព្រមាននាវាកូរ៉េខាងជើងដែលបើកឆ្លងដែន
ឧបទ្វីបកូរ៉េ៖ទាហានជើងទឹកកូរ៉េខាងត្បូងបាញ់ព្រមាននាវាកូរ៉េខាងជើងដែលបើកឆ្លងដែន REUTERS/Yang Young-suk/Yonhap
ផ្សាយពាណិជ្ជកម្ម

ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ព្រលឹម​ស្រាងៗ​ថ្ងៃ​នេះ​ដែល​មាន​នាវា​កូរ៉េខាងជើង​ចំនួន​ពីរ​គ្រឿង​បាន​បរ​ឆ្លង​កាត់​ព្រំដែន​សមុទ្រ​ខ័ណ្ឌចែក​កូរ៉េ​ទាំង​ពីរ។ ភ្លាមៗ​នោះ កងល្បាត​សមុទ្រ​កូរ៉េខាងត្បូង​ក៏​បាន​បើក​ការ​បាញ់​សម្លុត​ព្រមាន ហើយ​នាវា​កូរ៉េខាងជើង​ទាំង​ពីរ​គ្រឿង​ក៏​បាន​បែរក្បាល​ត្រឡប់​ក្រោយ​ចូល​ក្នុង​ដែនទឹក​របស់​ខ្លួន​វិញ។ អ្នក​ទទួល​ខុសត្រូវ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា ការ​បាញ់​សម្លុត​ព្រមាន​របស់​ខ្លួន​មិន​មាន​ការ​បាញ់​ត​ដៃ​វិញ​ពី​កូរ៉េខាងជើង​ទេ។

យ៉ាង​ណា​ក៏​ដោយ ឧប្បត្តិហេតុ​នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​ប្រហែល​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែរ ព្រោះ​វា​ធ្លាប់​កើត​មាន​ឡើង​ចំនួន ៣ដង គឺ​ក្នុង​ឆ្នាំ ១៩៩៩ ឆ្នាំ ២០០២ និង ឆ្នាំ ២០០៩។ មួយ​វិញ​ទៀត​គេ​កត់សម្គាល់​ឃើញ​ថា ឧប្បតិហេតុ​ក្នុង​ថ្ងៃ​នេះ ក៏​ដូច​ជា ៣ដង​លើក​មុន​មិន​បាន​បង្ក​ឲ្យ​មាន​ភាព​ប្រទូស្រ្តាយ​ផ្លូវអាវុធ​ដាក់​គ្នា​ជា​ដុំ​កំភួន​ឡើយ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ព្រំដែន​ទឹកសមុទ្រ​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​ត្រូវ​បាន​គូស​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​កូរ៉េ​ចន្លោះ​ឆ្នាំ ១៩៥០ ១៩៥៣។ តែ​បញ្ហា​នៅ​ត្រង់​ថា កូរ៉េខាងជើង​មិន​ដែល​ប្រកាស​ទទួល​ស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ទឹកសមុទ្រ​នោះ​ទេ។

អ្វី​ជា​ការ​កត់សម្គាល់ ឧប្បត្តិហេតុ​ច្រំដែល​មួយ​នេះ​បាន​កើត​មាន​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ជា​ទឹកដី​កំណើត​របស់​លោក​បាន​ស្នើ​ឲ្យ​មាន​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​ឡើង​វិញ​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ។ នា​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ក្រុង​ព្យុងយ៉ាង​ខ្លួន​ឯង​ក៏​បាន​ដាក់​សំណើ​សុំ​ចរចា​ផ្នែក​យោធា​ជាមួយ​ក្រុង​សេអ៊ូល​ដែរ។

តែ​ទីបំផុត សេអ៊ូល​បាន​ច្រាន​ចោល​សំណើ​នេះ​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មិន​ទុក​ចិត្ត និង​មិន​ជឿ​លើ​ភាព​ស្មោះត្រង់​របស់​កូរ៉េខាងជើង ព្រម​ទាំង​ជំរុញ​កូរ៉េខាងជើង​ប្រកាន់​ជំហរ​រំសាយ​នុយក្លេអ៊ែរ​ជា​មុន មុន​នឹង​ផ្តើម​កិច្ចចរចា​ណា​មួយ។ តែ​ក្រុង​ព្យុងយ៉ាង​ក៏​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា នុយក្លេអ៊ែរ​ជា​រឿង​មួយ​​ដែល​មិន​អាច​ចរចា​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ