អានតួអត្ថបទ
ចិន​

ក្រុងប៉េកាំង​​​ព្យួរ​​ការដ្ឋាន​សំណង់​​សាធារណៈ​​ក្នុង​រដូវ​​រងា​ ដើម្បី​​កាត់បន្ថយ​​ការ​បំពុល​​បរិស្ថាន​

អាជ្ញាធរ​ក្រុងប៉េកាំង​​នឹងព្យួរ​ការដ្ឋានសំណង់​សាធារណៈ​​មួយចំនួន​ នៅ​អំឡុង​រដូវរងា​នេះ ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន។ រដូវរងា​នៅ​ចិន ជារដូវ​ដែល​មា​នការបំពុល​​បរិស្ថាន​ខ្ពស់។ ​ឆ្នាំ​នេះ ជា​ឆ្នាំទី៤ ដែល​ចិន​បើកយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការបំពុល​បរិស្ថាន។ ​

ប្រជាជន​ក្រុងប៉េកាំង​ពាក់​ម៉ាសមុខ ដោយសារ​គុណភាព​ខ្យល់ដកដង្ហើម​មិនល្អ
ប្រជាជន​ក្រុងប៉េកាំង​ពាក់​ម៉ាសមុខ ដោយសារ​គុណភាព​ខ្យល់ដកដង្ហើម​មិនល្អ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

រដូវរងា​នៅទីក្រុង​ប៉េកាំង ប្រទេស​​ចិន ជារដូវ​ដែលមានការបំពុល​​​​បរិស្ថា​ន​​​​ខ្ពស់ ដោយសារ​តែ​​លំនៅស្ថាន អគារផ្សេងៗ​នៅ​តាមទីក្រុង ​ត្រូវប្រើប្រាស់ឧបករណ៍​កំដៅ​ ​ពិសេសប្រើ​​ឧបករណ៍​ប្រើ​​ធ្យូងថ្ម ​ដែល​បង្កទៅ​​ជាផ្សែង​ ​ប៉ះពាល់​​គុណភាព ខ្យល់ ដកដង្ហើម​ក្នុងបរិយាកាស​​ ប៉ះពាល់សុខភាពមនុស្ស។ ដើម្បី​កាត់បន្ថយ​ការបំពុ​លបរិស្ថាន គណៈកម្មការលំនៅស្ថាន​ទីក្រុង​ប៉េកាំង​បាន​សម្រេច​ផ្អាក​ការដ្ឋាន​សំណង់​នៃ​គំរោង​សាធារណៈ​មួយចំនួន ​ដូចជា​សំណង់​ផ្លូវថ្នល់ រឺក៏​គំរោងបំផ្លាញ​​​​​អគារ​ជាដើម។ ការព្យួរ​ការដ្ឋានសំណង់​ទាំងនេះ នឹងធ្វើ​ក្នុង​សង្កាត់ធំៗ​ចំនួន៦នៅប៉េកាំង​ ​​ពី​ថ្ងៃ​ទី​១៥​វិច្ឆិកា​ខាងមុខ​ រហូត​​​​ថ្ងៃ​១៥មិនា​ឆ្នាំ២០១៨។​

​ប៉ុន្តែ ការដ្ឋាន​សំណង់​មួយចំនួនទៀត​​ ដូចជា​​​ផ្លូវដែក រឺការដ្ឋានតាម​​​អាកាសយានដ្ឋាន​ ​​អគារស្នាក់នៅ​តម្លៃថោក អាច​​​​បន្តដំណើរការបាន​ លុះត្រា​តែ​មាន​ការ​​អនុញ្ញាត​ពី​​អាជ្ញាធរ​ផ្នែក​លំនៅស្ថានក្រុង។ អាជ្ញាធរ​ក្រុងប៉េកាំង​មានទិសដៅ​កាត់បន្ថយ​​សារធាតុ​ល្អិតឆ្មារ​ក្នុង​បរិយាកាស​អោយ​បានជាង​១ភាគ៤ ប្រៀបនឹង​កម្រិតសារធាតុ​ល្អិតឆ្មារ ក្នុង​​ឆ្នាំ២០១២។ ពោលគឺត្រូវធ្វើអោយ​សារធាតុ​ល្អិតឆ្មារ​ទាំងនេះ​ថយចុះ​មកនៅត្រឹម​​៦០មីក្រូក្រាម ជាមធ្យម ​ក្នុង​មួយម៉ែត្រគូប។ ​គួររំលឹកថា ក្រុងប៉េកាំង​​​ជួបបញ្ហា​ផ្សែង​ពុលក្នុង​បរិយាកាស​ ​ក្នុង​កម្រិតខ្ពស់ កាលពី​ខែ​មករា និង​ខែកុម្ភៈ ដើមឆ្នាំ​២០១៧នេះ។ ប៉ុន្តែ រដ្ឋាភិបាលចិន​លើកឡើងថា​ ផ្សែង​ទាំងនេះ​បណ្តាល​មកពី​លក្ខខណ្ឌ​អាកាសធាតុ​​មិនល្អ​ប៉ុណ្ណោះ។ ​

រៀងរាល់ឆ្នាំ ​​មាន​មនុស្ស​ជាង​១លាន​៥សែននាក់ នៅចិន ​បាន​ស្លាប់​មុនអាយុ ដោយសារ​តែ​​ការ​ការពុលក្នុងបរិយាកាស។ ​​ក្នុង​ទិសដៅ​កាត់បន្ថយ​ការបំពុល​បរិស្ថាន ​​ចិនគ្រោង​បញ្ឈប់ដំណើរការ​​​មជ្ឈមណ្ឌលថាមពល​​ធ្យូងថ្ម​រាប់រយកន្លែង នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ។ រដ្ឋចិន​សម្រេចផ្តល់​អាទិភាព​ដល់​ការ​ប្រើប្រាស់​ឧស្ម័ន និង​ថាមពល​មិនចេះ​រីងស្ងួតវិញ៕ ​ ​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ