អានតួអត្ថបទ
ចិន-បរិស្ថាន

ចិន​ប្រកាស​ឈប់​នាំចូល​សំរាម ប្រភេទ​មួយ​ចំនួន ​ដើម្បី​ការពារ​បរិស្ថាន​ខ្លួន

រដ្ឋាភិបាល​ចិន​ ទើប​បាន​ប្រកាស​ថា ​គេនឹង​កាត់​បន្ថយ​ ឬ​បញ្ឈប់​ការ​នាំចូល​សំរាម ​ប្រភេទ​មួយ​ចំនួន ​ដែល​ត្រូវ​គេ​បញ្ជូន​យក​មក ​កែ​ច្នៃ​ធ្វើ​ជា​វត្ថុ​ធាតុដើម ​ឡើងវិញ​ នៅក្នុង​ប្រទេស​ចិន។ ការ​ប្រកាស​នេះ ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​ថ្មី​ របស់​រដ្ឋាភិបាល​ចិន​ ដែល​ចង់​កាត់​បន្ថយ​បន្តិច​ម្តងៗ ​នូវ​ឧស្សាហកម្ម​កែច្នៃ​សំរាម​ នាំចូល​ពី​បរទេស ​ដែល​ជា​ទូទៅ ​សុទ្ធតែ​លាយ​ឡំ ​ជាមួយ​នឹង​កាក​សំណល់ ​មាន​ជាតិ​ពុល ​ហើយ​ដែល ​សំរាម​ទាំង​នោះ ​បាន​បំពុល​បរិស្ថាន​ យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​ចិន។

ផ្លាកសញ្ញា​បញ្ជាក់ ពី​វត្ថុធាតុ​ដើម ​បានមក​ពីការ​កៃច្នៃ​​ចេញ​ពី​សំរាម
ផ្លាកសញ្ញា​បញ្ជាក់ ពី​វត្ថុធាតុ​ដើម ​បានមក​ពីការ​កៃច្នៃ​​ចេញ​ពី​សំរាម DR
ផ្សាយពាណិជ្ជកម្ម

ចិន​មិន​ចង់​ធ្វើ​ជា​ទី​ចាក់​សំរាម ​របស់​ពិភព​លោក​ទៀត​ឡើយ។ នេះ​ជាការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចិន។ ក្រសួង​បរិស្ថាន​ចិន​ បាន​ផ្ញើរ​លិខិត​មួយ​ទៅ​កាន់​ អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ ​ដើម្បី​ជូន​ដំណឹង ​ថា ​ចាប់​ពី​ខែ ​កញ្ញា ​ខាង​មុខ​នេះ ​ ចិន​នឹង​បិទ​មិន​ឲ្យ​នាំចូល​ទៅ​ក្នុង​ប្រទេស​ខ្លួន ​នូវ​សំរាម​ ឬ​កាក​សំណល់​រឹង ​ចំនួន​២៤​ប្រភេទ។ ក្នុង​នោះ ​មាន​ជា​អាទិ៍ ​សំរាម​ប្លាស្ទិក​មួយ​ចំនួន​ ក្រដាស ​និង​ក្រណាត់​ជាដើម។

យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ ព័ត៌មាន​ស៊ីនហ័រ ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​បរិស្ថាន​ចិន​ បាន​លើក​ឡើង​ថា ​សំរាម ​ឬ​កាក​សំណល់ ​ដែល​ត្រូវ​បាន​នាំចូល​មក​ចិន​ ភាគ​ច្រើន​មាន​គុណភាព​អន់​ ពោល​គឺ​ពុំ​បាន​សំអាត ​និង​បែងចែក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ​ ដែល​ជា​ទូទៅ​សំរាម​ទាំង​នោះ ​មាន​ភ្ជាប់​មក​ជាមួយ​ នូវ​កាក​សំណល់ ​ឬ​សារធាតុ​ពុល​ ដ៏​គ្រោះថ្នាក់។ សារធាតុ​ពុល​ ទាំងនោះ ​បាន​បង្ក​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​បរិស្ថាន​របស់​ចិន។ ក្នុង​ន័យ​នេះ ​ចិន​ចង់​ឲ្យ​សំរាម​ដែល​ត្រូវ​គេ​នាំចូល​ក្នុង​ប្រទេស​ខ្លួន​ មាន​គុណភាព​ល្អ​ប្រសើរ​ជាង​មុន ​ហើយ​ផ្តល់​អាទិភាព​ដល់​ការ​ធ្វើ​ទំនើបកម្ម​នៃ​វិស័យ​កែច្នៃ​សំរាម​ ឲ្យ​បាន​ស្អាតស្អំ។

សូមរំលឹក​ថា ​ចិន​គឺ​ជា​ប្រទេស​ធំ​ជាង​គេ​បង្អស់ ​ដែល​នាំចូល​សំរាម​ ដើម្បី​កែច្នៃ​ផលិត​ជា​វត្ថុធាតុ​ដើម​ឡើង​វិញ។​ ឆ្នាំ​២០១៥ ​ចិន​បាន​នាំចូល​សំរាម​រឹង​ សរុប​ ប្រមាណ​ជិត​៥០​លាន​តោន។ ឧស្សាហកម្ម​នេះ ​បាន​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ចិន​ តែ​ទន្ទឹម​នឹង​នេះ ​វា​បាន​បំពុល​បរិស្ថាន​យ៉ាងខ្លាំង ​តាម​រយៈ​ការ​បញ្ចេញ​ចោល​ នូវ​សារធាតុ​គីមី ​ជាតិ​ពុល​ទៅ​ក្នុងដី ​ ទៅ​ក្នុង​ទឹក ​និង​ក្នុង​បរិយាកាស។

ការ​សម្រេច​របស់​ចិន​នេះ​ ​បាន​ធ្វើឲ្យ​រញ្ជួយ ​ទីផ្សារ​ឧស្សាហកម្ម​កែ​ច្នៃ​សំរាម​ទូទាំង​ពិភពលោក។ សហរដ្ឋ​អាមេរិក​ គឺជា​អ្នក​នាំចេញ​សំរាម​ច្រើន​ជាង​គេ​បង្អស់​ ដែល​មាន​ប្រមាណ ​៤២,៨​លាន​តោន​ ក្នុង​ឆ្នាំ​២០១៥ ​គិតជា​ទឹក​ប្រាក់​ស្មើនឹង​ ២៣,៧​ពាន់​លាន​ដុល្លារ។ ចំណែក​៥០% ​នៃ​សំរាម​នៅ​សហភាព​អឺរ៉ុប ​ ​គឺនាំ​ចេញ​ទៅ​ចិន​ទាំង​អស់ ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៥,៦ពាន់​លាន​ដុល្លារ។ ការ​បិទ​ខ្ទប់​ទីផ្សារ​ចិន​នេះ ​អាច​នឹង​ធ្វើ​ឲ្យ​ចាល់ ​ដល់​បរិមាណ​ស្តុក​សំរាម ​នៅតាម​ប្រទេស​ដើម​ ព្រោះ​ប្រទេស​ដើម​ នៅមិន​ទាន់​មាន​លទ្ធភាព​ អាច​កែច្នៃ​សំរាម​ ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលប់​បែប​នេះ​បាន​នៅ​ឡើយ​ទេ។ មួយវិញ​ទៀត​ វា​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​វត្ថុ​ធាតុ​ដើម​ ​ដែល​បាន​មក​ពី​សម្រាម​កែច្នៃ ​ធ្លាក់ចុះ​ជាក់​ជា​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ