អានតួអត្ថបទ
ប្រេងកាត

ប្រេងឆៅ​ឡើងថ្លៃ​បន្តិច​ ស្របពេល​ប្រទេស​OPEP​អំពាវនាវ​ឲ្យ​បន្ថយ​ការ​ផលិត

ដើម្បី​ទាញ​តម្លៃ​ប្រេង​ឲ្យ​ឡើង​ខ្ពស់​បន្តិច​ឡើង​វិញ ​ក្រុម​ប្រទេស​សមាជិក​អង្គការ ​OPEP​ ដែល​មាន​អារ៉ាប៊ីសាអូឌីត ​ជា​អ្នក​នាំមុខ​ និង​ដោយ​មាន​ការ​សហការ​ពី​រុស្ស៊ី ​បាន​ព្រមគ្នា​កាត់​បន្ថយ​ការ​ផលិត​ប្រេងឆៅ។ ដូច​ការ​រំពឹង​ទុក ​ប្រេងឆៅ​បាន​ឡើង​ថ្លៃ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់គ្នា ​ដោយ​មួយធុង​បារីល​បាន​ឡើង​មក​ដល់​៣៤​ដុល្លារ ​១៧​សេន។ យ៉ាងណាក៏​ដោយ ​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​ផលិតប្រេង​ដ៏​សំខាន់​មួយដែរ​ បាន​ប្រកាស​ថា​គេ​មិន​អាច​កាត់​បន្ថយ​ការ​ផលិត​បាន​ទេ ​ព្រោះ​អ៊ីរ៉ង់​ត្រូវការ​ប្រមូល​យក​ទីផ្សារ​ឡើងវិញ​ បន្ទាប់​ពី​ខកខាន​ជាច្រើន​ទសវត្ស​ដោយសារ​តែ​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច។

បុគ្គលិក នៅស្ថានីយចំរាញ់ប្រេងឆៅ
បុគ្គលិក នៅស្ថានីយចំរាញ់ប្រេងឆៅ REUTERS/Sergei Karpukhin/Files
ផ្សាយពាណិជ្ជកម្ម

តម្លៃ​ប្រេងឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ក្រុង​ញូយ៉ក ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៩​កុម្ភៈ ​បាន​ឡើង​មួយ​ដុល្លារ។ ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២១​មីនា ​បាន​ឡើង​៤០​សេន​បន្ថែម​ទៀត ​ ដែល​ធ្វើ​ឲ្យ​ប្រេងឆៅ​មួយ​ធុង​បារីល​ មាន​តំលៃ ​៣៤ដុល្លារ ​១៧សេន។ គួរ​រំលឹក​ថា​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ​ប្រេងឆៅ​មាន​តម្លៃ​តែ​៣០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ធុង​បារីល ​ដែល​នេះ​ជា​ហាងឆេង​ទាប​មិន​ធ្លាប់​មាន​ទេ ​ក្នុង​រយៈពេល​១៣​ឆ្នាំ​ចុងក្រោយ​នេះ។

 
អ្នក​ជំនាញ​ទីផ្សារ​ប្រេង​នៅ​ធនាគារ​ COMMERZBANKបាន​ឲ្យ​ដឹង​ថា​ តម្លៃ​ប្រេងឆៅ​បាន​ងើប​ឡើងវិញ ​គឺដោយសារ​មាន​ការ​ថយចុះ​នូវ​ចំនួន​ផលិត ​ដែល​ការ​នេះ​បាន​ទាញ​កម្រិត​ស្តុក​នៅ​លើ​ទីផ្សារ ​ឲ្យ​មាន​ការ​ថយ​ចុះ។ បើយោង​តាម​ក្រសួង​ថាមពល​អាមេរិក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ចំនួន​ផលិត​ប្រេង​ឆៅ​នៅ​សហរដ្ឋ​អាមេរិក ​បាន​ថយ​ចុះ​ប្រមាណ​ជា ​៤ម៉ឺន៣ពាន់​ធុង​បារីស​ក្នុង​មួយថ្ងៃ។ ហើយ​បើ​យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters បាន​បង្ហាញ​ថា​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ ​ការ​ផលិត​ប្រេងឆៅ​បាន​ថយចុះ​ចំនួន​២សែន​៨ម៉ឺន​ធុង​បារីល ​ក្នុង​មួយ​ថ្ងៃ ​សរុប​ទាំងអស់​នៅ​តាម​ប្រទេស​សមាជិក​អង្គការ​OPEP

ជាការពិត​ កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ​ក្រុម​ប្រទេស​ផលិតប្រេង​របស់​អង្គការ​ OPEP មាន​ដូចជា​អារ៉ាប៊ីសាអូឌីត ​កាតា ​និង​វ៉េណេហ្សុយអេឡា ​បាន​ព្រមព្រៀង​គ្នា​ជាមួយ​រុស៊្សី​ថា ​ មធ្យោបាយ​តែ​មួយ​ក្នុង​ការ​ទាញ​តម្លៃ​ប្រេង​ឲ្យ​ងើប​ឡើងវិញ​ គឺ​ត្រូវ​បន្ថយ​ចំនួន​ស្តុក។ ដូច្នេះ​គេ​ត្រូវ​កាត់​បន្ថយ​ការ​ផលិត។ យ៉ាង​ណាមិញ ​ នៅ​ថ្ងៃ​អង្គារ​ ទី​១មីនា ​ម្សិលមិញ ​ប្រទេស​អេមៀរ៉ាត់អារ៉ាប់រួម​ ដែល​ជា​ប្រទេស​សមាជិក​អង្គការ OPEP ​មួយ​ដែរ ​ បាន​ទទួល​ស្គាល់​និង​អំពាវនាវ​ឲ្យ​គ្រប់គ្នា​កាត់​បន្ថយ​ចំនួន​ផលិត។

អ៊ីរ៉ង់​ត្រូវការ​ផលិត​ដើម្បី​ប្រមូល​ទីផ្សារ​ឡើងវិញ៖

ស្ថានីយចម្រាញ់​ប្រេងឆៅ​មួយរបស់​អ៊ីរ៉ង់
ស្ថានីយចម្រាញ់​ប្រេងឆៅ​មួយរបស់​អ៊ីរ៉ង់ REUTERS

អ៊ីរ៉ង់​ បាន​ប្រឆាំង​ដាច់ខាត ​មិន​ព្រម​កាត់​បន្ថយ​ការ​ផលិត​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ប្រេងកាត​អ៊ីរ៉ង់​ អះអាង​ថា ​ការ​ផលិត​ប្រេង​នាំចេញ ​គឺ​ជា​សិទ្ធិ​ស្របច្បាប់​របស់​អ៊ីរ៉ង់។ លោក​បន្ត​ថា​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​មកហើយ ​ដែល​អ៊ីរ៉ង់​ ត្រូវ​គេ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​គ្មាន​នរណា​ទិញ​ប្រេង​អ៊ីរ៉ង់។ ឥឡូវ​ពេល​នេះ ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទើប​តែ​ត្រូវ​ដកចេញ ​ ដូច្នេះ​មាន​រឿងអី​ដែល​ត្រូវ​មក​ហាមឃាត់ ​មិន​ឲ្យ​អ៊ីរ៉ង់​ផលិត​ប្រេង​លក់? លោក​រដ្ឋមន្ត្រី​អ៊ីរ៉ង់​ បាន​និយាយ​បែប​ចំអក​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ថា៖ ​មាន​ប្រទេស​ខ្លះ​មក​ចង់​ហាមឃាត់​កុំឲ្យ​គេ​ផលិត​ច្រើន​ពេក ​តែ​ខ្លួន​ឯង​វិញ​ ឆ្លៀត​ពេល​កាល​ពី​អ៊ីរ៉ង់​ ត្រូវ​គេ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​បាន​តំឡើង​ការ​ផលិត​របស់​ខ្លួន ​រហូត​ដល់​១០​លាន​ធុង​បារីល ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​វាយ​លុក​ដណ្តើម​ទីផ្សារ

សូម​បញ្ជាក់​ថា ​ក្រោយ​ពេល​ដែល​សហគមន៍​អន្តរ​ជាតិ​ បាន​ដក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់ ​កាល​ពី​ខែ​មករា ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ប្រកាស​ថា ​គេ​នឹង​ចាប់ផ្តើម​តំឡើង​ការ​ផលិត​ប្រេងឆៅ​មួយ​ថ្ងៃ​៥សែន​ធុង​បន្ថែម ​ ដើម្បី​នាំចេញ​នឹង​ស្រូប​យក​ទីផ្សារ​ឡើងវិញ។ យោង​តាម​តួលេខ​ចុងក្រោយ​ ការ​ផលិត​ប្រេងឆៅ​របស់​អ៊ីរ៉ង់​ គិត​ចាប់​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ​នេះ ​បាន​កើនឡើង​ចំនួន​៤សែន​ធុង​បារីស​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ។ តួលេខ​នេះ​មានន័យ​ថា ​អ៊ីរ៉ង់​ផលិត​ប្រេងឆៅ​ក្នុង​មួយ​ថ្ងៃ ​៣លាន​២សែន​ធុង​បារីល។ រដ្ឋមន្ត្រី​ប្រេងកាត​អ៊ីរ៉ង់ ​និយាយ​ថា​តួលេខ​ផលិត​ត្រឹម​ប៉ុណ្ណេះ​ នៅ​មិន​ទាន់​ស្មើរ​តួលេខ​កាល​ពី​ជំនាន់​អ៊ីរ៉ង់ ​មិន​ទាន់​ត្រូវ​គេ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផង​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ