អានតួអត្ថបទ
រុស្ស៊ី-កាណាដា

ម៉ូស្គូ៖​យន្តហោះ​រុស្ស៊ី​មិន​បាន​ហោះឆ្វែល​ក្បែរ​នាវាចម្បាំង​កាណាដាក្នុង​សមុទ្រ​ខ្មៅទេ

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ព្រឹកថ្ងៃ​អង្គារ​ទី ៩​កញ្ញា​បាន​បដិសេធ​ច្រានចោល ការចោទប្រកាន់​ពី​ខាង​ក្រសួង​ការពារ​ជាតិ​កាណាដា ដែល​ថា យន្តហោះចម្បាំង​ពីរ​គ្រឿង និ​យន្តហោះ​ដឹក ជញ្ជូន​យោធា​រុស្ស៊ី មួយ​គ្រឿង បាន​ហោះក្រវែល​ខិត​ទៅ​ជិត នាវា​ចម្បាំង​កាណាដា នៅលើ ផ្ទៃ​ទឹក​សមុទ្រ​ខ្មៅ កាល​ពី​ថ្ងៃ​៧ កញ្ញា ដោយ​ចាត់ទុក​ទង្វើ​រុស្ស៊ី​នេះ ជា​អំពើ​បង្កហេតុ បន្តឹង ថែមទៀត​ស្ថានការណ៍​ជុំវិញ​រដ្ឋអ៊ុយក្រែន។ 

យន្តហោះ​ចម្បាំង​រុស្ស៊ី (រូបថត​បណ្ណសារ)
យន្តហោះ​ចម្បាំង​រុស្ស៊ី (រូបថត​បណ្ណសារ) @wikipedia
ផ្សាយពាណិជ្ជកម្ម

តាម​ការពន្យល់​បំភ្លឺ​នៃ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ៖ ផ្លូវ​ហោះហើរ​នៃ​យន្តហោះ ប្រដេញ​រុស្ស៊ី​ពីរ​គ្រឿង​ធុន Su-24 និង​យន្តហោះ​ដឹកជញ្ជូន​យោធា​រុស្ស៊ី​មួយ​គ្រឿងធុន An-26 គឺ​បាន​ឆ្លងកាត់​លើ​តំបន់ ជា​ទី​ដែល​មាន នាវា​ចម្បាំង​កាណាដា​ឈ្មោះ Toronto បាន​ស្ថិតនៅ ប៉ុន្តែ យន្តហោះ​រុស្ស៊ី​ទាំងបី​គ្រឿង​នោះ ឥត​បាន​ខិត​ចូល​ទៅជិត នាវា​ចម្បាំង​បរទេស​នោះឡើយ។ ការហោះ​ហើរ​នៃ​យន្តហោះ​រុស្ស៊ី បានប្រព្រឹត្ត​ទៅ គឺ «ដោយ​ស្រប​ទាំងស្រុង​នឹង​ច្បាប់​អន្តរជាតិ ខាង​ប្រើ​លំហ​អាកាស នៅ​ពី​លើ​ដែន​ទឹក​អព្យាក្រឹត»។

 
ក្រសួង​យោធា​រុស្ស៊ី​លំអិត​ថា នៅ​ថ្ងៃ​៧​កញ្ញា កន្លង​ទៅ ក្រុមអ្នកបើកបរ នៃ​កងអាកាស​រុស្ស៊ី​នោះ ចេះ​បំពេញ​បាន​យ៉ាង​ជោគជ័យ ផែនការ​ដែល​មាន​គ្រោងទុក ខាង​ហោះពី​លើ​ដែនទឹក​អព្យាក្រឹត នៃ​សមុទ្រខ្មៅ ត្រង់​តំបន់​ព្រំដែន​រដ្ឋ​របស់​សហព័ន្ធ​រុស្ស៊ី។

ការពន្យល់​បំភ្លឺ និង​ការបដិសេធ​របស់​ក្រុងម៉ូស្គូ​នេះ ជា​ចម្លើយ​តប​នឹង សេចក្តី​ថ្លែងការណ៍​ចោទ​ប្រកាន់ ធ្វើ​ដោយ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កាណាដា រ៉ូប នីកូលសុន ដែល​ថា កង​អាកាស​រុស្ស៊ី បាន​ប្រព្រឹត្ត​អំពើ​បង្កហេតុ​ទល់​នឹង នាវា​ចម្បាំង​កាណាដា Toronto ដែល​បាន​ទៅ​ដល់​សមុទ្រ​ខ្មៅ គឺ ដើម្បី​រួមចំណែក ក្នុង លំហាត់​សឹក ក្រោម​ឈ្មោះ​ថា “ Sea Breeze-2014 “។ ព្រម​ជាមួយ​នេះ លោក រ៉ូប នីកូលសុន​កត់​សម្គាល់​ថា ថ្វីត្បិតតែ យន្តហោះ​នៃ​កង​អាកាស​រុស្ស៊ី បាន​ហោះ​ក្រវែល​ប៉ុន្មានជុំ នៅ​ពី​លើ កប៉ាល់​ចម្បាំង Toronto ក្តី ក៏​វា​មិន​បង្កើត​ជា​គ្រោះថ្នាក់​ដល់ នាវា កាណាដា​នេះឡើយ ប៉ុន្តែ វា​ជា​អំពើ​បង្កហេតុ​ឥត​ប្រយោជន៍ ដែល​បង្កើត​ជា​ហានិភ័យ នាំ​ឲ្យ​ស្ថានការណ៍​ជុំវិញ​វិបត្តិ​អ៊ុយក្រែន រឹត​តែ​តានតឹង។

 Sea Breeze-2014 ជា​សមយុទ្ធ​ទ្វេភាគី អ៊ុយក្រែន-អាមេរិក ដែល​បាន​ចាប់ផ្តើម ថ្ងៃ​៨កញ្ញា នៅ​ត្រង់​ភាគពាយ័ព្យ សមុទ្រខ្មៅ ហើយ​នឹង​ចប់​ទៅ នៅថ្ងៃ​ទី​១០​កញ្ញា។ វាប្រព្រឹត្តទៅ​ស្រប​នឹង កម្មវិធី ចុះ​រវាង​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន និងអង្គការ​អូតង់​. ក្រោម​ឈ្មោះ​ថា “ ដៃគូ នឹង​គ្នា​ក្នុង​នាម​សន្តិភាព”។ ចូលរួម​សរុបទៅ គឺ​យោធា ២.០០០នាក់ និងនាវា ១២គ្រឿង ដែល​ទន្ទឹម​នឹង​នាវា អ៊ុយក្រែន និង​អាមេរិក ក៏មានទាំង នាវា អេស្ប៉ាញ កាណាដា រូម៉ានី និង​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ