អានតួអត្ថបទ

បាតុករ​ហុងកុង​ចេញ​ប្រមូល​ផ្តុំគ្នា​ទ្រង់ទ្រាយ​ធំ​សាជាថ្មី​​នៅ​ថ្ងៃ​អាទិត្យនេះ​

បាតុករហុងកុង ដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ បានចេញប្រមូលម្តុំគ្នាយ៉ាងច្រើន នៅថ្ងៃអាទិត្យទី២៨ កក្កដានេះ ដើម្បីបង្ហាញជំហរប្រឆាំងជំទាស់ទៅនឹងរដ្ឋាភិបាល។​នៅល្ងាចថ្ងៃអាទិត្យ ដើម្បីបំបែកក្រុមអ្នកតវ៉ា ប៉ូលិសហុងកុងបានបាញ់គ្រាប់កាំភ្លើងកៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែក បណ្តាលឲ្យមានការប៉ះទង្គិចគ្នាកើតមានឡើង។ 

ក្រុមអ្នកបាតុករនៅតាមដងផ្លូវនៃទីក្រុងហុងកុងនាថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមអ្នកបាតុករនៅតាមដងផ្លូវនៃទីក្រុងហុងកុងនាថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ២០១៩។ Anthony WALLACE / AFP
ផ្សាយពាណិជ្ជកម្ម

អំពើហិង្សា ដែលកើតឡើងដោយសារការប្រឈមមុខដាក់គ្នា រវាងក្រុមបាតុករ​ ដែល​ប្រឆាំងនឹង​ក្រុមងងឹត និងប៉ូលិសហុងកុង នាថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើឲ្យទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយរបស់ចិន កាន់តែផុងខ្លួនចូលជ្រៅទៅក្នុងវិបត្តិ។

មួយវិញទៀត ស្ថានការណ៍នៅហុងកុង នៅតែមិនទាន់វិលត្រលប់មករកភាពធូរស្បើយវិញឡើយ ដោយសារក្រុមអ្នកតវ៉ា គាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ នាំគ្នាដើរឆ្លងកាត់ទីក្រុងហុងកុង នៅថ្ងៃអាទិត្យនេះ។ មនុស្សដ៏ច្រើនបានប្រមូលផ្តុំគ្នា នៅទីតាំងពាណិជ្ជកម្មសំខាន់ៗ ដែលជាបេះដូង នៃទីក្រុងហុងកុង។​ ការធ្វើបែបនេះ គឺខុសនឹងបទបញ្ជារបស់អាជ្ញាធរហុងកុង ដែលអនុញ្ញាតឱ្យបាតុករជួបជុំគ្នាតវ៉ា តែនៅក្នុងឧទ្យានមួយតែប៉ុណ្ណោះ។

ការជួបជុំគ្នាចុងក្រោយរបស់ក្រុមបាតុករនេះ បានកើតឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតំបន់មួយ ក្បែរព្រំដែនជាមួយនឹងប្រទេសចិនដីគោក បានធ្លាក់ចូលក្នុងភាពវឹកវរកាលពីថ្ងៃសៅរ៍ម្សិលមិញ។ នៅខណៈនោះ ប៉ូលិសហុងកុង បានចេញបង្ក្រាបក្រុមមនុស្ស ដែលចេញប្រមូលម្តុំគ្នា ដោយគ្មានការអនុញ្ញាត ដោយការបាញ់គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក។

សូមជ្រាបថា ដោយសារអំពើហិង្សាកាលពីថ្ងៃម្សិលមិញ បាតុកម្មជាច្រើន រួមផ្សំនឹងវិបត្តិនយោបាយផងនោះ ទីក្រុងហុងកុង ហាក់ដូចជាពិបាកបញ្ចប់នូវវិបត្តិដែលកំពុងកើតឡើងខ្លាំងណាស់។ បញ្ហានេះ ក៏ត្រូវគេចាត់ទុកថា ជាវិបត្តិដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តហុងកុងផងដែរ។

គួររំឭកជូនដែរថា បាតុកម្មជាច្រើន កើតឡើងនៅហុងកុង ក្នុងរយៈពេលប្រាំពីរសប្តាហ៍ចុងក្រោយនេះ ដំបូងឡើយក៏ព្រោះតែបញ្ហាចម្រូងចម្រាស ទាក់ទងទៅនឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅចិនដីគោក។ បន្ទាប់មកទៀត ក្រុមបាតុករក៏បានអំពាវនាវផងដែរ ឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យកាន់តែទូលំទូលាយ។

ដោយឡែក មេដឹកនាំទីក្រុងហុងកុងលោកស្រីការី ឡាំ​វិញ​ លោកស្រីមិនឆ្លើយតបអ្វីទៅកាន់ក្រុមបាតុករឡើយ ក្រៅតែពីយល់ព្រមផ្អាកធ្វើច្បាប់បញ្ជូនជនសង្ស័យទៅប្រទេសចិនវិញនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ