អានតួអត្ថបទ
កូរ៉េខាងជើង-ចិន

កូរ៉េខាងជើង-ចិន៖​ហេតុអ្វី​បាន​ជា​​ថ្នាក់ដឹកនាំជាន់ខ្ពស់​កូរ៉េខាងជើង​ទៅ​ចិន​ពេល​នេះ?

នៅ​ថ្ងៃ​អង្គារ ទី៣១ ឧសភា លោក​រី ស៊ូយ៉ុង អនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម​នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន។ គឺ​ជា​ទស្សនកិច្ច​ដែល​មិន​បាន​គ្រោង​ទុក​មុន និង​ដែល​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​ឡើង​តានតឹង​ដល់​កំពូល។ តានតឹង​ដោយសារ​តែ​ក្រុង​ព្យុងយ៉ាង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​តាម​រយៈ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់គ្រាប់មីស៊ីល។ ក្នុង​ថ្ងៃ​នេះ​ទៀត កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ជា​ថ្មី តែ​មិន​បាន​ទទួល​ជោគជ័យ​ដូច​ក្តី​រំពឹង​ទុក​ទេ។

លោករី ស៊ូយ៉ុង អនុប្រធាន​គណៈកម្មាធិការមជ្ឈិម​នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង
លោករី ស៊ូយ៉ុង អនុប្រធាន​គណៈកម្មាធិការមជ្ឈិម​នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង Reuters
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​នៃ​ដំណើរ​ទស្សនកិច្ច​មិន​បាន​គ្រោង​ទុក​មុន​របស់​លោក​រី ស៊ូយ៉ុង​ដែល​ជា​អតីត​រដ្ឋមន្រ្តី​ការបរទេស និង​បច្ចុប្បន្ន​មាន​តំណែង​ជា​អនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម​នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង​នៅ​ចិន​រយៈពេល ៣ថ្ងៃ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ដោយ​មធ្យោបាយ​ឃោសនា​មហាជន​នៅ​ចិន និង​នៅ​ជប៉ុន។ កាសែត​ផ្លូវការ​ចិន​ឈ្មោះ​ស៊ីនហួរ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​រី ស៊ូយ៉ុង​ទេ តែ​កាសែត​ជប៉ុន​ក្យូដូ​បាន​អះអាង​ថា ថ្នាក់ដឹកនាំជាន់​ខ្ពស់​កូរ៉េខាងជើង​រូប​នេះ​ទៅ​ចិន​ដើម្បី​រាយការណ៍​ប្រាប់​មិត្ត​ចិន​អំពី​លទ្ធផល​នៃ​សមាជ​របស់​គណបក្ស​ពលករ​កូរ៉េខាងជើង​ដែល​បាន​បើក​ធ្វើ​កាល​ពី​ពាក់កណ្តាល​ខែ​ឧសភា​កន្លង​ទៅ។

គឺ​ជា​សមាជ​ដែល​កូរ៉េខាងជើង​បាន​រៀបចំ​ជា​លើកទី១ គិត​ជិត ៤០ឆ្នាំ​កន្លង​ទៅ និង​ដែល​ចិន​មិន​បាន​ចូលរួម​ទេ។ អវត្តមាន​របស់​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​របស់​កូរ៉េខាងជើង​កាលណោះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ចម្ងល់​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​ថា ក្រុង​ព្យុងយ៉ាង​បាន​អញ្ជើញ​ចិន​ឲ្យ​ចូល​រួម​ដែរ តែ​ចិន​មិន​ទៅ តែ​អ្នក​ខ្លះ​ទៀត​ថា ចិន​មិន​ត្រូវ​បាន​កូរ៉េខាងជើង​អញ្ចើញ​ឲ្យ​ចូល​រួម​ទេ។

កូរ៉េខាងជើង​ទៅ​លូងលោម​ចិន

ការ​ដែល​កូរ៉េខាងជើង​បាន​បញ្ជូន​អ្នកតំណាងជាន់ខ្ពស់​ម្នាក់​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​រាយការណ៍​ពី​លទ្ធផល​សមាជ ឬ​អ្វី​មួយ​នោះ គឺ​ជា​រឿង​មួយ​ធម្មតា​ក្នុង​នាម​កូរ៉េខាងជើង​ជា​កូនចៅ​របស់​ចិន ឬ​អាច​ថា​ចិន​ជា​បងធំ​របស់​កូរ៉េខាងជើង។ តែ​ហេតុផល​ដែល​ថា លោក​រី ស៊ូយ៉ុង​ទៅ​ចិន​ដើម្បី​ជម្រាប​ពី​លទ្ធផល​សមាជ​គ្រាន់​តែ​ជា​លេស​មួយ​ប៉ុណ្ណោះ ពោល​មិនមែន​ជា​កម្មវត្ថុ​ចម្បង​របស់​លោក​រី ស៊ូយ៉ុង​ទេ។ កម្មវត្ថុ​ជា​អាទិភាព​របស់​លោក​រី ស៊ូយ៉ុង​ដែល​គេ​មើល​ឃើញ គឺ​ដើម្បី​ទៅ​លូងលោម​ចិន​កុំ​ឲ្យ​ខឹង​សម្បារ​នឹង​ខ្លួន និង​សុំ​ឲ្យ​ចិន​បន្ត​ការ​គាំទ្រ​ចំពោះ​ខ្លួន​ជា​បន្ត​ទៀត ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច។

សូម​ជម្រាប​ជូន​ថា ចិន​បាន​ចេញ​មុខ​គំាទ្រ និង​ការពារ​កូរ៉េខាងជើង​គ្រប់បែប​យ៉ាង និង​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់​ទាក់ទង​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស។ ដោយ​អាង​ខ្នង​ចិន របប​ក្រុង​ព្យុងយ៉ាង​បាន​យក​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ទៅ​ផ្គើន​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់។ តែ​ថ្មីៗ​ចុង​ក្រោយ​នេះ ចិន​ហាក់​ដូច​ជា​ធុនទ្រាន់ នឿយណាយ និង​ទើសទាល់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ទង្វើ​ច្រំដែល​របស់​កូរ៉េខាងជើង។ ដើម្បី​ជា​ការ​ព្រមាន​ផង និង​ប្រដៅ​ផង ចិន​ក៏​បាន​សម្រេចចិត្ត​ចាត់​វិធានការ​ជាក់ស្តែង​មួយ​ចំនួន​នា​ពេល​ថ្មីៗ​កន្លង​ទៅ ពិសេស​វិធានការ​សេដ្ឋកិច្ច។

ក្រសួង​ពាណិជកម្ម​ចិន​បាន​ប្រកាស​ឈប់​ទិញ​ផលិតផល​រ៉ែធ្យូងថ្ម រ៉ែដែក មាស ទីតាន និង​ផលិតផល​រ៉ែ​កម្រ​មួយ​ចំនួន​ទៀត​ពី​កូរ៉េខាងជើង ព្រម​ទាំង​ឈប់​លក់​ឲ្យ​កូរ៉េខាងជើង​នូវ​ប្រេងឥន្ធនៈ។ ទន្ទឹម​គ្នា​នេះ ចិន​ក៏​យល់ព្រម​ឲ្យ​មាន​ចំណាត់ការ​ចំាបាច់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​របស់​កូរ៉េខាងជើង​ដែរ។

កូរ៉េខាងជើង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ

ចំ​ថ្ងៃ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​ក្នុង​ប្រទេស​ចិន​ពេល​នេះ របបក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​ថ្មី តែ​ប្រហែល​ជា​មិន​បាន​ទទួល​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​ទេ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​នេះ តែ​មិន​បាន​បញ្ជាក់​លំអិត​ពី​ប្រភេទ​គ្រាប់មីស៊ីល។ ចំណែក​អ្នកនាំពាក្យ​សេនាធិការដ្ឋាន​កូរ៉េខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា កងទ័ព​កំពុង​ស្វែង​រក​ពី​មូលហេតុ​នៃ​ការ​បាញ់​មិន​បាន​សម្រេច។ បើ​តាម​មើល​ទៅ ប្រហែល​ជា​គ្រាប់មីស៊ីលអន្តរទ្វីប​ប្រភេទ Musudan។

ការ​សង្ស័យ​របៀប​នេះ​ក៏​ដោយសារ​ថា​នា​ខែ​មេសា​កន្លង​ទៅ កូរ៉េខាងជើង​ធ្លាប់​បាន​ព្យាយាម​សាកល្បង​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ប្រភេទ Musudan នេះ​ចំនួន ៣ដង​មិន​បាន​សម្រេច។ ជា​ប្រភេទ​មីស៊ីលអន្តរទ្វីប​ដែល​អាច​បាញ់​បាន​ចម្ងាយ​ពី ២ ៥០០ ទៅ ៤ ០០០គីឡូម៉ែត្រ ពោល​អាច​ទៅ​ដល់​ទឹកដី​កូរ៉េខាងត្បូង និង​ជប៉ុន ព្រម​ទាំង​ឆ្លង​ចូល​ដល់​មូលដ្ឋាន​ទ័ពអាមេរិក​លើ​កោះ Guam ទៀត​ផង។ ដូច្នេះ​ឃើញ​ថា អ្នក​និយាយ​ចេះ​តែ​និយាយ​ទៅ ហើយ​អ្នក​ធ្វើ​ក៏​ចេះ​តែ​ធ្វើ​ទៅ។

កូរ៉េខាងជើង និង​ចិន​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក

កូរ៉េខាងជើង​មិន​សូវ​ខ្វល់ និង​បារម្ភ​ពី​ការ​ព្រមាន​របស់​ចិន ហើយ​ចិន​ខ្លួន​ឯង​ក៏​ដឹង​ថា កូរ៉េខាងជើង​ក៏​មិន​ស្តាប់​តាម​ខ្លួន​ដែរ។ តែ​ចិន​ត្រូវ​តែ​ធ្វើ​ក្នុង​នាម​ជា​ចៅហ្វាយ​របស់​កូរ៉េខាងជើង និង​ដើម្បី​បំពេញ​ចិត្ត​សហគមន៍​អន្តរជាតិ។ ចូរ​កុំ​ភ្លេច​ថា កូរ៉េខាងជើង និង​ចិន​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក​ដោយ​មិន​អាច​កាត់​ផ្តាច់​បាន​ទេ។ កូរ៉េខាងជើង​ត្រូវ​ការ​ដង្ហើម​ចិន​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច តែ​ចិន​ត្រូវ​កូរ៉េខាងជើង​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ​នៅ​ក្នុង​តំបន់។

ដង្ហើម​សេដកិច្ច​កូរ៉េខាងជើង​បាន​ពឹង​លើ​ដង្ហើម​សេចដ្ឋកិច្ច​ចិន​សឹង​តែ​ទាំង​ស្រុង។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៤ ចិន​ស្រូប​យក​តែ​ម្នាក់​ឯង​ជាង ៩០% នៃ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កូរ៉េខាងជើង។ ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ ចិន​បាន​នាំ​ចូល​ផលិតផល​ពី​កូរ៉េខាងជើង​មាន​ទឹកប្រាក់​ជាង ២ ៥០០លានដុល្លារ ក្នុង​នោះ​ជាង ១ ០០០លានដុល្លារ​ជា​ផលិតផល​រ៉ែធ្យូងថ្ម។ តែ​សម្រាប់​ចិន​វិញ ក្រៅ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​ផ្តាច់​មុខ​ដែល​ខ្លួន​ទទួល​បាន​ពី​កូរ៉េខាងជើង ចិន​ក៏​មិន​ចង់​ឃើញ​របប​កុម្មុយនិស្ត​ស្ថិត​ជាប់​ខ្លួន​មួយ​នេះ​ដួល​រលំ​ងាយៗ​ដែរ។ សម្រាប់​ប៉េកាំង ការ​ស្លាប់​កូរ៉េខាងជើង​ជា​បើក​ទ្វារ​បន្ថែម​ឲ្យ​អាមេរិក​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ចំ​ពេល​ដែល​អាមេរិក​កំពុង​មាន​មូលដ្ឋាន​យោធា​ស្រាប់​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ