អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

ចិន​ប្រកាស​ប្រើ​ទ័ណ្ឌកម្ម​ពាណិជ្ជកម្ម​ប្រឆាំង​កូរ៉េខាងជើង

នៅ​ថ្ងៃ​អង្គារ ទី៥ មេសា ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដាក់​ទ័ណ្ឌកម្ម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​កូរ៉េខាងជើង​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេច​ម្នាក់​របស់​ខ្លួន។ ទ័ណ្ឌកម្ម​របស់​ក្រុង​ប៉េកាំង​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ទ័ណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​កូរ៉េខាងជើង​ដែល​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​នា​ពេល​ថ្មីៗ​កន្លង​ទៅ។

លោកប្រមុខការទូតចិនវ៉ាង យី
លោកប្រមុខការទូតចិនវ៉ាង យី Reuters/路透社
ផ្សាយពាណិជ្ជកម្ម

វិធានការ​ដាក់​ទ័ណ្ឌកម្ម​របស់​ចិន​ប្រឆាំង​កូរ៉េខាងជើង​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ជូនដំណឹង​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន។ សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ចិន​នឹង​ឈប់​នាំ​ចូល​ពី​កូរ៉េខាងជើង​នូវ​ផលិតផល​រ៉ែធ្យូងថ្ម រ៉ែដែក មាស ទីតាន និង​ផលិតផល​រ៉ែ​កម្រ​មួយ​ចំនួន​ទៀត។ សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បន្ថែម​ថា ទ័ណ្ឌកម្ម​របស់​ចិន​ចំពោះ​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​កាល​ពី​ដើម​ខែ​មីនា។ គឺ​ជា​សេចក្តី​សម្រេចចិត្ត​រឹតបន្តឹង និង​បន្ថែម​ទ័ណ្ឌកម្ម​ចំពោះ​ទង្វើ​ក្រុង​ព្យុងយ៉ាង​ដែល​បាន​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​នា​ពេល​ថ្មីៗ​កន្លង​ទៅ។

តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ចិន​ហាក់​ដូច​ជា​មិន​បាន​ប្រកាន់​ជំហរ​ដាច់​អហង្ការ​ខ្លាំង​ជ្រុល​នឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ទេ ព្រោះ​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ចិន​បាន​បញ្ជាក់​ច្បាស់ៗ​ថា​នឹង​ទិញ​ផលិតផល​រ៉ែ​កូរ៉េខាងជើង​ជា​ថ្មី ប្រសិន​បើ​របប​ព្យុងយ៉ាង​សន្យា​យក​លុយ​ទៅ​ចំណាយ​សម្រាប់​បង្កើន​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្លួន ពោល​មិន​មែន​យក​ទៅ​ចំណាយ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ ឬ​ផលិត​គ្រាប់មីស៊ីល​ទេ​នោះ។ តួលេខ​ផ្តល់​ដោយ​ទីស្នាក់ការ​គយ​ចិន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​រ៉ែធ្យូងថ្ម​រវាង​ចិន និង​កូរ៉េខាងជើង​មាន​ទឹកប្រាក់​ដល់​ទៅ ១ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៥។

ក្រៅ​ពី​ឈប់​ទិញ​ផលិតផល​រ៉ែ​ពី​កូរ៉េខាងជើង ចិន​ក៏​បាន​ប្រកាស​ឈប់​លក់​ឲ្យ​កូរ៉េខាងជើង​វិញ​នូវ​ប្រភេទ​ផលិតផល​ប្រេង​សម្រាប់​ប្រើ​នៅ​ក្នុង​ឧស្សហកម្ម​អាកាសចរណ៍។ នៅ​ក្នុង​ផ្នែក​នេះ ចិន​ក៏​បាន​ដាក់​លក្ខខណ្ឌ​ថា បើ​កូរ៉េខាងជើង​យក​ផលិតផល​ប្រេង​ទៅ​ប្រើ​ក្នុង​គោលដៅ​ស៊ីវិល ចិន​អាច​នឹង​លក់​ឲ្យ​ដោយ​មាន​ការ​ត្រួតពិនិត្យ​ដិតដល់។

គួរ​រម្លឹក​ជូន​ថា ដង្ហើម​សេដកិច្ច​កូរ៉េខាងជើង​បាន​ពឹង​លើ​ដង្ហើម​សេចដ្ឋកិច្ច​ចិន​សឹង​តែ​ទាំង​ស្រុង។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៤ ចិន​ស្រូប​យក​តែ​ម្នាក់​ឯង​ជាង ៩០% នៃ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កូរ៉េខាងជើង។ ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ ចិន​បាន​នាំ​ចូល​ផលិតផល​ពី​កូរ៉េខាងជើង​មាន​ទឹកប្រាក់​ជាង ២ ៥០០លានដុល្លារ ក្នុង​នោះ​ជាង ១ ០០០លានដុល្លារ​ជា​ផលិតផល​រ៉ែធ្យូងថ្ម។ ឃើញ​ថា វិធានការ​របស់​ចិន​ពេល​នេះ​ជា​ការ​ខ្ទប់​ដង្ហើម​សេដកិច្ច​កូរ៉េខាងជើង។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ចិន​មិន​ល្ងង់​ទៅ​សម្លាប់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែរ ព្រោះ​ថា ការ​ស្លាប់​របស់​កូរ៉េខាងជើង​ជា​បើក​ទ្វារ​បន្ថែម​ឲ្យ​អាមេរិក​ដែល​កំពុង​មាន​មូលដ្ឋាន​យោធា​ស្រាប់​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ